ព្រះសីហនុៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ថ្លែងប្រាប់​ពី​ម្សិលមិញ​ថា កាស៊ីណូ​ចំនួន​ ២១ នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ ១ ​នេះ​កំពុង​ស្នើសុំ​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​។

ការស្នើសុំ​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អនុញ្ញាត​ឲ្យ​កាស៊ីណូ​ទាំងអស់​បើក​ដំណើរការ​ឡើងវិញ​តាំងពី​ថ្ងៃទី​ ៣ ខែ​កក្កដា បន្ទាប់ពី​ឧស្សាហកម្ម​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មេសា​មក​។

យ៉ាងណាក្តី ការអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នៅពេល​នេះ​គឺ​សម្រាប់តែ​ល្បែងភ្នាល់ និង​ស្លត់​ម៉ាស៊ីន​ប៉ុណ្ណោះ ហើយ​ការស្នើសុំ​បើក​ដំណើរការ​ឡើងវិញ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ​​ទប់ស្កាត់​ជំងឺ​កូវីដ​។

លោក ឃាង ភារម្យ ថ្លែង​ថា​៖ «​ការស្នើសុំ​បើក​ឡើង​វិញ​ដំណើរការ​អាជីវកម្ម​កាស៊ីណូ​តាម​ការណែនាំ​គឺ​ត្រូវដាក់​ពាក្យស្នើសុំ​ទៅ​ក្រសួង​សុខាភិបាល​។ នីតិវិធី​លម្អិត សូម​សួរ​ទៅ​ខាង​ក្រសួង​សុខាភិបាល​។ រាល់​ការស្នើសុំ​តំណាង​ក្រសួង​សុខាភិបាល​លោក​ចុះមក​ពិនិត្យ​សិន​»​។

លោក​បន្តថា​៖ «​ការស្នើសុំ​លើក​ទី ១ មាន​ ៧ ​កាស៊ីណូ​លើក​ទី​ ២ ​មាន​ ១៤ ​កាស៊ីណូ​ដែល​តំណាង​ខាង​ក្រសួង​សុខាភិបាល​បាន​ចុះ​ពិនិត្យ​កន្លងមក​។ ពាក់ព័ន្ធ​នឹង​ការសម្រេច​គឺ​ស្ថិត​នៅលើ​ក្រសួង​សុខាភិបាល​។ បើសិន​មាន​ការអនុញ្ញាត​ការបើក​របស់​គាត់​គឺជា​រឿង​ស្របច្បាប់​ហើយ​។ តែបើ​សិន​មិន​ទាន់​អនុញ្ញាត​ហើយ​គាត់​ទៅ​បើក អាហ្នឹង​មិន​ស្របច្បាប់​ទេ​»​។ មកទល់​ពេល​នេះ​លោក​មិនទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា មាន​កាស៊ីណូ​ណាមួយ​ដែល​បាន​បើក​ដំណើរការ​ទេ ហើយ​ការដាក់​ពាក្យ​ស្នើសុំ​បើក​ឡើងវិញ​អាច​នឹង​មាន​ជា​បន្តបន្ទាប់​នាពេល​ខាង​មុខ​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កាស៊ីណូ​ទាំងអស់​ចង់​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ដោយសារ​តែមាន​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​វិធាន​សុខាភិបាល​ពី​ក្រសួង​សុខាភិបាល​មាន​តែ​កាស៊ីណូ​ជាង​ ១០ ​ប៉ុណ្ណោះ​ដែល​បានស្នើ​សុំ​បើក​ដំណើរការ​ឡើងវិញ​ជា​ផ្លូវការ​។ ទោះយ៉ាងណា​មិនទាន់​មាន​កាស៊ីណូ​ណាមួយ​ថ្មី​ទទួល​បាន​ការអនុញ្ញាត​ទេ ខណៈ​ដែល​ភាគី​ពាក់ព័ន្ធ​កំពុង​ពិនិត្យមើល​សំណើ​។

លោក​បញ្ជាក់ថា​កាស៊ីណូ​ជាង​ ១០ ​ដែល​ស្នើសុំ​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ​ចំណែក​នៅ​ក្រុង​បាវិត​ និង​នៅ​ក្រុង​ប៉ោយប៉ែត​វិញ​មិន​ទាន់​មាន​ការស្នើសុំ​បើក​ឡើងវិញ​ទេ​ដោយសារ​តែ​ព្រំដែន​វៀតណាម​ និង​ព្រំដែន​ថៃ​នៅ​បន្ត​បិទ​នៅឡើយ​។ មកទល់​ពេល​នេះ​មាន​តែ​កាស៊ីណូ​ណាហ្គាវើល​មួយ​ទេ​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ឧស្សាហកម្ម​កាស៊ីណូ​បាន​បង្កើត​ចំណូល​ដល់​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ​ក៏ដូចជា​ការបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។ លោក​ថា កាស៊ីណូ​ទាំងអស់​ត្រូវតែ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩​។ ទោះយ៉ាងណា​កាស៊ីណូ​ទាំងអស់​ប្រហែល​នៅ​មាន​បញ្ហា​ប្រឈម​ដោយ​ខ្លួនឯង ដោយសារ​តែ​ខ្វះ​អ្នក​ចូល​ទៅ​លេងល្បែង​។

លោក​និយាយ​ថា ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ កាស៊ីណូ​មាន​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​។ ផល​អវិជ្ជមាន​គឺ​អ្នកខ្លះ​បាន​អន្តរាយ​ដោយសារ​តែ​កាស៊ីណូ និង​បង្កើត​ឲ្យ​ទៅ​ជា​មាន​សកម្មភាព​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងសង្គម​។ ប៉ុន្តែ​ចំណុច​វិជ្ជមាន​រដ្ឋ​បាន​ពន្ធ​ និង​បង្កើត​ការងារ​។

លោក​ថ្លែង​ថា​៖ «​សំខាន់បំផុត​គឺ​ការគ្រប់គ្រង ថា​តើ​គ្រប់គ្រង​បាន​ក្នុង​លក្ខខណ្ឌ​ណា អ្នកណា​អាច​ចូល​លេង​បាន អ្នកណា​មិនអាច​ចូល​បាន​។ តើ​កាស៊ីណូ​មាន​បទបញ្ជា​យ៉ាងណា​ខ្លះ ហើយ​ច្បាប់​ប្រទេស និង​តំបន់​ត្រូវ​កំណត់​ជាក់លាក់​យ៉ាងណា​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ទេ​កាលពី​ម្សិលមិញ​៕

វីដេអូ៖