ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានអះអាងពីថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់មួយចំនួនពាក់ព័ន្ធនឹងការប្រឆាំងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បន្ទាប់ពីខកខានមួយរយៈ។
លោក ផៃ ស៊ីផាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីខកខានបើកកិច្ចប្រជុំមួយរយៈ គណៈរដ្ឋមន្ត្រីសម្រេចបើកកិច្ចប្រជុំជាថ្មី ព្រោះសេចក្តីព្រាងច្បាប់ទាំងនេះ គឺជាការងារបន្ទាន់ និងមានសារៈសំខាន់ដែលតម្រូវឲ្យលោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំនាពេលនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់ចាំទេ (ការខកខានប្រជុំគណៈរដ្ឋមន្ត្រីនេះ) គ្រាន់តែការប្រជុំនេះ គឺជាការងារតម្រូវការបន្ទាន់ ហើយគោលការណ៍ប្រជុំនេះ គឺអាស្រ័យទៅលើរបៀបវារៈមានសារៈសំខាន់ ចូលមកដល់នោះ គឺជាពេលវេលារបស់នាយករដ្ឋមន្ត្រី គាត់ដឹកនាំគណៈរដ្ឋមន្ត្រីហ្នឹងតែម្តង»។
លោក ផៃ ស៊ីផាន បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាពដែលត្រូវពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដូចជា ១ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។២ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង ៣ សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
បើតាម លោក ផៃ ស៊ីផាន ក្រៅពីសេចក្តីព្រាងច្បាប់ទាំង ៣ នេះ កិច្ចប្រជុំពេញអង្គ ក៏នឹងពិនិត្យលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ចំនួន ៣ បន្ថែមទៀតផងដែរ ដែលមានដូចជា ទី ១ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
ទី២ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ ១៨៨៦ និងវិសោធនកម្មឆ្នាំ ១៩៧៩។
កាលពីថ្ងៃទី ៧ ឧសភា សហភាពអឺរ៉ុបបានស្នើសភារបស់ខ្លួនដាក់កម្ពុជាក្នុងបញ្ជីត្រូវបង្កើនការត្រួតពិនិត្យលើការលាងលុយកខ្វក់ទៅក្នុងក្រុមប្រទេស ១១ ផ្សេងទៀត ព្រោះតែប្រទេសទាំងនេះ បានបរាជ័យក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បង្កការគំរាមកំហែងខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
យ៉ាងណាក្ដី លោក ផៃ ស៊ីផាន បានអះអាងថា កម្ពុជាមិនបានរៀបរៀងបង្កើតសេចក្តីព្រាងច្បាប់ទាំងនេះ ដើម្បីផ្គាប់ចិត្តសហគមន៍អឺរ៉ុបនោះទេ ព្រោះកម្ពុជាបានធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការប្រឆាំងបទល្មើសលាងលុយកខ្វក់ និងប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យទាំងនេះ ជាយូរមកហើយ។
លោកបញ្ជាក់ថា៖ «យើងតម្រូវឲ្យមានច្បាប់ប្រឆាំងនឹងការលាងលុយ ហើយយើងដឹងហើយមន្ទិលសង្ស័យរបស់សហភាពអឺរ៉ុប ក៏នៅក្នុងហ្នឹងដែរ ហើយយើងក៏បានរៀបចំច្បាប់ចេញ ដើម្បីប្រឆាំងនឹងការលាងលុយ។...ដូច្នេះយើងធ្វើហើយ ចំពោះការសង្ស័យរបស់អឺរ៉ុប គឺជាសេរីភាពរបស់គាត់។ ប៉ុន្តែកម្ពុជាយើង បានប្តេជ្ញាក្នុងការអនុវត្តប្រយុទ្ធប្រឆាំងលុយដែលបម្រើសកម្មភាពភរវកម្ម និងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ»។
លោក មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយបានលើកឡើងកាលពីម្សិលមិញថា ការខកខានប្រជុំរបស់គណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ គឺជារឿងធម្មតានោះទេ ស្របពេលដែលកម្ពុជា មានករណីផ្ទុះឡើងនូវជំងឺកូវីដ ១៩ ដែលទាមទារឲ្យគោរពនូវគោលការណ៍រក្សាគម្លាត។ ប៉ុន្តែលោកថា សម្រាប់ការបើកកិច្ចប្រជុំជាថ្មីក្នុងការសម្រេចលើរបៀបវារៈទាំងនេះ គឺរឿងចាំបាច់មួយដែលកម្ពុជា ត្រូវតែធ្វើក្នុងពេលនេះ ដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អឺរ៉ុបដែលបានស្នើដាក់កម្ពុជាក្នុងបញ្ជីខ្មៅ។
លោកបញ្ជាក់ថា៖ «នៅក្នុងនោះ គេមិនទាន់ចាត់ថា យើងបានលាងលុយកង្វក់ ឬមានភ័ស្តុតាងអ្វីគ្រប់គ្រាន់ដែរ ប៉ុន្តែគេដាក់សម្រាប់តាមដាន ដូច្នេះវាជាគ្រោះថ្នាក់មួយធំណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជាយើង។ ប្រសិនបើកម្ពុជា មិនបានប្រឹងប្រែងខ្លួន ដើម្បីពង្រឹងច្បាប់ផ្នែកខាងហិរញ្ញវត្ថុឡើងវិញទេ គឺអាចមានបញ្ហាធំជាមួយនឹងសហគមន៍អន្តរជាតិ»។
បើតាម លោក មាស នី ការដែលសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុបដាក់ការសង្ស័យមកលើកម្ពុជា ជុំវិញបទល្មើសលុយកខ្វក់នេះ ព្រោះកម្ពុជាធ្លាប់មានប្រវត្តិ និងសញ្ញាមិនល្អមួយចំនួន ដូចជាការនាំចូលលុយសុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់តាមច្រកអន្តរជាតិភាពមិនប្រក្រតីនៃទំហំទឹកប្រាក់ក្នុងការវិនិយោគនៅកម្ពុជាដែលមានការកើនឡើងខ្លាំងហើយមិនអាចប៉ាន់ប្រមាណបាន និងភាពមិនប្រក្រតីក្នុងវិស័យកាស៊ីណូជាដើម៕