អ្នកស្រី Ny Sou Okon ស្ត្រី​ដើមកំណើត​ខ្មែរ​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរក្រហម ហើយ​បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​។ អ្នកស្រី​គឺជា​បុគ្គលិក​ម្នាក់​នៃ​អង្គការ​ណាសា​ដែល​បានរួម​ចំណែក​ក្នុង​ដំណើរការ​យានអវកាស Perseverance ឆ្ពោះ​ទៅ​ភពអង្គារ​កាលពី​ចុងខែ​កក្កដា​។ អ្នកស្រី​បានផ្ដល់​បទសម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​អ៊ីមែល​៖

១. ជាដំបូង​សូមអ្នក​ស្រី​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​អ្នកស្រី​ក្នុង​ការចាកចេញ​ពី​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។

ឪពុកម្ដាយ​ខ្ញុំ បងៗ​ ២ ​នាក់ និង​ខ្ញុំ​បាន​មកដល់​សហរដ្ឋអាមេរិក​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ក្នុងនាម​ជា​ជន​ភៀសខ្លួន បន្ទាប់ពី​ពួកយើង​បាន​រត់គេច​ពី​របប​ខ្មែរក្រហម​។ នេះ​ជា​ពេលវេលា​ដ៏សំខាន់​នៃ​គ្រួសារ​ខ្ញុំ​ដែល​ទីបំផុត​ទទួល​បាន​នូវ​សេរីភាព បន្ទាប់ពី​រួច​ជីវិត​ពី​សង្គ្រាម​វៀតណាម និង​បាន​រត់គេច​ផុតពី​របប​ខ្មែរក្រហម​។ ខ្ញុំ​នៅចាំ​រឿងរ៉ាវ​ពី​សម័យ​នោះ​តិចតួច តាមរយៈ​ការនិយាយ​រឿងរ៉ាវ​នានា​ប្រាប់​ពី​ឪពុកម្តាយ​ខ្ញុំ នៅពេល​ខ្ញុំ​ធំ​ដឹងក្ដី​ឡើង ទើប​ខ្ញុំ​អាច​យល់​បាន​កាន់តែ​ច្បាស់​អំពី​ជីវិត​មនុស្ស​ជាច្រើន ដែល​បាន​ឆ្លងកាត់​សង្គ្រាម ឬ​ជោគវាសនា​អាក្រក់​ក៏​ដូចជា​អ្នក​ដែល​បាន​ខិតខំ​ធ្វើការ​យ៉ាងខ្លាំង ដើម្បី​ព្យាយាម​ជម្នះ​ឆ្លងកាត់​បញ្ហា​ប្រឈម ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។

២. តើ​ឪពុកម្ដាយ​របស់​អ្នកស្រី​បាន​និយាយ​រឿងរ៉ាវ​អ្វីខ្លះ​អំពី​ប្រទេស​កម្ពុជា​ប្រាប់​ដល់​អ្នកស្រី​?

ឪពុកម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដ៏ស្រស់ស្អាត ហើយ​ប្រជាពលរដ្ឋ​មាន​ចិត្ត​ល្អ​ណាស់​។ វា​ជា​រឿង​អាក្រក់​ណាស់​ដែល​ពួក​ខ្មែរក្រហម​បាន​បំផ្លិចបំផ្លាញ​ប្រទេស​នេះ និង​ប្រជាជន ប៉ុន្តែ​ប្រជាជន​នៅ​ប្រទេស​នេះ​នៅតែ​បន្ត​កសាង​ប្រទេស​នេះ​ឡើងវិញ​។ ឪពុកម្ដាយ​ខ្ញុំ​បាន​ចងចាំ​នូវ​ពេលវេលា​ដ៏ល្អ​រីករាយ​ជាច្រើន​ឆ្នាំ មុនពេល​ពួក​ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស​។

៣. តើ​អ្នកស្រី​ធ្លាប់​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​ទេ ហើយ​អ្នកស្រី​មាន​ក្ដី​រីករាយ​យ៉ាងណា​?

ខ្ញុំ​មិនទាន់​មាន​ឱកាស​ទៅលេង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ខ្ញុំ​ចង់ទៅ​ណាស់​នៅ​ថ្ងៃ​ណាមួយ​។ មិត្តភក្តិ​ខ្ញុំ​ជាច្រើន​បាន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​រួចហើយ និង​បាន​ចែករំលែក​គំនិតល្អៗ​ជាច្រើន​អំពី​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ដូចជា​ប្រាសាទបុរាណ​ដ៏ស្រស់ស្អាត ដូចជា​ប្រាសាទអង្គរវត្ត​ និង​ប្រាសាទតាព្រហ្ម ដែល​គេ​ស្គាល់​ថា ប្រាសាទ Tomb Raider​។

៤. ​ប្រជាជន​កម្ពុជា​មាន​មោទនភាព​ណាស់​ដោយ​បានឃើញ​អ្នកស្រី​ដែល​មាន​ដើមកំណើត​ខ្មែរ​បាន​ធ្វើការ​ជាមួយ​អង្គការ​ណាសា​។ សូមអ្នក​ស្រី​រៀបរាប់​ពី​ការប្រឹងប្រែង​របស់​អ្នកស្រី​រហូត​បាន​បំពេញ​ការងារ​នៅ​អង្គការ​ស្រាវជ្រាវ​អវកាស​ដ៏ល្បី​មួយ​នេះ​?

ខ្ញុំ​សូម​អរគុណ​ច្រើន​។ ខ្ញុំ​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​មេកានិច​ពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ាឡូសអែនជឺឡេស (UCLA) និង​បានបញ្ចប់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​វិស្វកម្ម​យានអវកាស​ពី​សាកលវិទ្យាល័យ University of Southern California​។ ខ្ញុំ​បាន​ធ្វើការ​ជា​អ្នក​ហាត់ការ​នៅ​ក្រុមហ៊ុន Boeing នៅពេល​ខ្ញុំ​នៅ​ជា​និស្សិត​បរិញ្ញាបត្រ​។

ចាប់ពី​ពេល​នោះ​មក ខ្ញុំ​បាន​បន្ត​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​។ ខ្ញុំ​មាន​ប្រវត្តិ​ការងារ​ក្នុង​ឧស្សាហកម្ម​ឯកជន​នៅក្នុង​ជំនាញ​ផ្នែក​លម្ហ​អាកាស​។ បន្ទាប់ពី​បាន​ធ្វើ​ការងារ​អស់​រយៈពេល​ ១៥ ​ឆ្នាំ​ក្នុង​វិស័យ​ឯកជន ខ្ញុំ​ចង់​ធ្វើការងារ​នៅក្នុង​បេសកកម្ម​រុករក​ក្នុង​លម្ហ​អាកាស​ដ៏គួរ​ឱ្យ​រីករាយ​នៅ​មន្ទីរពិសោធន៍ NASA Jet Pro-pulsion Laboratory (JPL) របស់​អង្គការ​ណាសា​។ វា​ជា​ក្ដីស្រមៃ​របស់ខ្ញុំ​ក្នុង​ការទទួល​បាន​ការងារ​នៅ​អង្គការ​ណាសា​ក្នុង​ផ្នែក​ស្រាវជ្រាវ​នៅ​ភព​ព្រះ​អង្គារ​។

៥. តើ​អ្នកស្រី​ធ្វើ​កិច្ចការ​អ្វីខ្លះ​នៅ​អង្គការ​ណាសា​? តើ​អ្នកស្រី​មាន​ផែនការ​អ្វី​បន្តទៀត​ទេ​?

ខ្ញុំ​ជា​វិស្វករ​ផ្នែក​ប្រព័ន្ធ (Systems Engineer) នៅ​មន្ទីរពិសោធន៍ Jet Propulsion Laboratory​។ បច្ចុប្បន្ននេះ ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​សម្រាប់​យានអវកាស Perseverance ដែល​ធ្វើដំណើរ​ទៅ​ភពអង្គារ​។ កិច្ចការ​របស់ខ្ញុំ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ផ្នែក​នានា​នៅលើ​យានអវកាស​ធ្វើ​ចលនា ហើយ​ចង្អុល​ទៅ​ទីតាំង​ដែល​បានកំណត់​។ យានអវកាស​នេះ​មាន​ដងក្ដោង គឺ​ក្បាល​របស់​វា ដែល​តាមពិត​ទៅជា​អង់តែន​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​ទទួល​នូវ​ការបញ្ជា​ពី​ភពផែនដី​។ ឧបករណ៍​ទាំង​ ២ ​នេះ​ត្រូវតែ​វិល​ និង​ចង្អុល​ទៅកាន់​ទិសដៅ​ផ្សេងៗ​។

ដងក្ដោង​នេះ​បញ្ជា​កាមេរ៉ា​ដើម្បីឱ្យ​យាន និង​វិស្វករ​អាច​មើលឃើញ​ផ្លូវ​ និង​ទីតាំង​នៅខាងមុខ​នៃ​យានអវកាស​។ ដងក្ដោង​នេះ​ក៏​ចង្អុល​បញ្ជា​ដល់​ឧបករណ៍​វិទ្យាសាស្ត្រ​ដើម្បីឱ្យ​អ្នកវិទ្យាសាស្ត្រ​អាច​ស្រាវជ្រាវ​នៅលើ​ភព​ព្រះ​អង្គារ​។ អង់តែន​ដែលមាន​សមត្ថភាព​ខ្ពស់​នេះ​ត្រូវតែ​ចង្អុល​ទៅកាន់​ភព​ផែនដី​ចេញពី​លម្ហ​មេឃ ដើម្បីឱ្យ​យើង​អាចធ្វើ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​នឹង​យានអវកាស​។

ចំពោះ​ផែនការ​ទៅ​អនាគត ខ្ញុំ​បើក​គំនិត​ទូលាយ​ព្រោះ​អ្វីៗ​អាច​នឹង​កើតមានឡើង​។ ខ្ញុំ​ចង់​បន្ត​ធ្វើការ​ក្នុង​បេសកកម្ម​ទៅកាន់​ភព​អង្គារ​នេះ ឬ​ក្នុង​គម្រោង​ផ្សេងទៀត​ដែល​ស្រាវជ្រាវ​រុករក​វត្ថុ​នានា​នៅ​នភាកាស (​នៅលើ​លម្ហ​)​។

៦. តើ​អ្នកស្រី​គិតថា នឹង​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​របស់​អ្នកស្រី​ដល់​យុវជន​កម្ពុជា​នៅពេល​ណាមួយ​ទេ​?

ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ​ណាស់​ក្នុង​ការជួយ​ជំរុញ​យុវជន​កម្ពុជា​លើ​ការសិក្សា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។ ខ្ញុំ​គិតថា ការធ្វើដំណើរ និង​ការចាកចេញ​ឆ្ងាយ​ពី​គ្រួសារ វា​ជា​បញ្ហា​ប្រឈម​សម្រាប់​ខ្ញុំ​នៅពេលនេះ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា រឿងរ៉ាវ​អំពីខ្ញុំ និង​ការងារ​របស់ខ្ញុំ​ជាមួយ​នឹង​យានអវកាស Perseverance ទៅកាន់​ភពអង្គារ និង​ជួយ​ជំរុញ​ទឹកចិត្ត​ឱ្យ​យុវជន​ស្វះ​ស្វែងរក​ការងារ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។ ប្រសិនបើ​មានឱកាស​នាពេល​អនាគត វា​អាចទៅរួច បើ​យើង​អាច​រកឃើញ​វិធី​ប្រកប​ដោយ​ការច្នៃប្រឌិត​ក្នុង​ការជំរុញ​ទឹកចិត្ត​ដល់​យុវជន តាមរយៈ​ការជជែក ពិភាក្សា​អំពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​។

៧. តើ​អ្នកស្រី​មាន​ពាក្យពេចន៍​អ្វី​សម្រាប់​ប្រជាជន​កម្ពុជា​ទេ​?

ការងារ​របស់ខ្ញុំ​នៅលើ​យានអវកាស Perseverance ទៅកាន់​ភពអង្គារ​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​ការវាយតម្លៃ​ខ្ពស់​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​ និង​បានរួម​ចំណែក​ដល់​ការសម្រេច​កិច្ចការ​ដ៏លំបាក​។ យើង​ទាំងអស់​គ្នា​មាន​ភាពខ្លាំង និង​ទេពកោសល្យ​ខុសៗ​គ្នា ហើយ​នៅពេល​យើង​ប្រើប្រាស់​ភាពខ្លាំង​ និង​ទេពកោសល្យ​ទាំងនោះ​រួមគ្នា និង​ប្រឹងប្រែង​ធ្វើ​ការងារ ទើប​យើង​អាច​ធ្វើឱ្យ​បេសកកម្ម​ដែល​ស្ទើរតែ​មិន​អាច​ទៅរួច​នោះ ប្រែក្លាយ​ជា​ការពិត​។ ដូច្នេះ​យើង​ត្រូវ​ប្រឹង​ធ្វើការ រៀន​គណិតវិទ្យា និង​វិទ្យាសាស្ត្រ មាន​ចិត្ត​ល្អ ហើយ​មាន​ក្ដីស្រមៃ​ឱ្យ​ធំ​៕