ភ្នំពេញៈ អង្គការ Save the Children បាន​ឲ្យ​ដឹងថា កុមារ​វ័យ​ជំទង់​នៅក្នុង​សាលា​ចំនួន​ ៧ នៃ​ខេត្តកំពង់ចាម ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥ ដល់ ១៩ ឆ្នាំ ជាង ៩០ ភាគរយ មាន​ចំណេះដឹង​ច្រើន​ជាង​មុន​ស្តីពី​អាហារូបត្ថម្ភ ដោយ​ពួកគេ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការបរិភោគ​អាហារ ឬ​ភេជ្ជសៈ​ដែលមាន​ជាតិ​ខ្លាញ់ និង​ផ្អែម​ខ្លាំង​មក​ចាប់ផ្តើម​បរិភោគ​អាហារ​ដែល​មាន​តុល្យភាព​សម្រាប់​រាងកាយ​។

សេចក្តី​ប្រកាស​របស់​អង្គការ Save the Children ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹងថា អង្គការ​បាន​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​សម្រាប់​ក្រុម​កុមារ​វ័យ​ជំទង់​នៅ​ឆ្នាំ ២០១៨ ហើយ​គម្រោង​នេះ​មាន​គោលដៅ​ធ្វើឲ្យ​លទ្ធផល​អាហារូបត្ថម្ភ​មាន​ភាពប្រសើរ​ឡើង​ក្នុង​ចំណោម​ក្រុមមនុស្ស​វ័យ​ជំទង់​ទាំង​បុរស និង​ស្ត្រី​ដែល​មាន​អាយុ​ពី​ ១៥ ​ដល់​ ១៩ ឆ្នាំ​ចំនួន ៥ ​ពាន់​នាក់​នៅក្នុង​សាលា​ចំនួន ៧ ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម​។

សេចក្តីប្រកាស​ដដែល​បន្ត​ថា គម្រោង​នេះ​បង្កើត​កញ្ចប់​សម្ភារ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​នៅក្នុង​សង្គម​លើ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​វ័យ​ជំទង់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ភាពច្នៃប្រឌិត​សម្រាប់​បុគ្គលិក​មណ្ឌល​សុខភាព និង​ភ្នាក់ងារ​អាហារូបត្ថម្ភ​។

យោង​តាម​ការស្ទង់មតិ​ប្រជាសាស្ត្រ និង​សុខភាព​នៅ​កម្ពុជា​ឆ្នាំ ២០១៤ បាន​ឲ្យ​ដឹងថា កុមារ​វ័យ​ជំទង់​ប្រមាណ​ ១ ​ភាគ ៤ ​នៃ​ប្រជាជន​កម្ពុជា​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការជួយ​គាំទ្រ​ផ្នែក​តម្រូវការ​អាហារូបត្ថម្ភ និង​សុខភាព​ឲ្យ​បាន​ជាក់លាក់​នោះទេ​។ ក្នុងនោះ​ជាង​ ១ ​ភាគ​ ៤ នៃ​កុមារី​វ័យជំទង់​មាន​បញ្ហា​ខ្វះ​ទម្ងន់ ខណៈ​ប្រមាណ​ជា​ពាក់កណ្តាល​នៃ​កុមារ​ទាំងនោះ​មាន​សភាព​ស្លេកស្លាំង​។

លោកស្រី អេលីហ្សាប៊ែត ភៀស (Elizabath Pearce) នាយិកា​អង្គការ Save the Children ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា គម្រោង​ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំនេះ​គឺ​បាន​ទទួល​លទ្ធផល​ដ៏ធំធេង ដោយ​បាន​បង្កើត​ចំណេះដឹង​ស្តីពី​អាហារូបត្ថម្ភ​ដល់​កុមារ​វ័យ​ជំទង់​។ លោកស្រី​បន្តថា កុមារ​វ័យ​ជំទង់​ជាង ៩០ ​ភាគរយ​អាច​ស្គាល់​ប្រភេទ​អាហារ​យ៉ាងតិច​ចំនួន​ ៥ ​ក្នុង​ចំណោម​ប្រភេទ​អាហារូបត្ថម្ភ​ចំនួន​ ១០ ​ប្រភេទ ហើយ​បើ​ប្រៀបធៀប​ជាមួយ​នឹង​គម្រោង​ដំបូង គឺមាន​ត្រឹមតែ ២២ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បានដឹង​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ឃើញ​មាន​ការផ្លាស់ប្តូរ​ជាច្រើន​ចំពោះ​ឥរិយាបថ​របស់​កុមារ​វ័យ​ជំទង់ ដូចជា ពួកគេ​ចាប់ផ្តើម​បរិភោគ​អាហារ​ពេលព្រឹក មិន​បរិភោគ​អាហារ ឬ​ភេជ្ជសៈ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ផ្អែម​ខ្លាំង ដោយ​ការចាប់ផ្តើម​បរិភោគ​អាហារ​ដែល​មាន​តុល្យភាព​រួមទាំង​បន្លែ និង​ផ្លែឈើ​»​។

លោកស្រី​រំពឹង​ថា អាហារូបត្ថម្ភ​សម្រាប់​កុមារ​វ័យ​ជំទង់​គួរតែ​ត្រូវបាន​បញ្ជ្រាប​ទៅក្នុង​កម្មវិធីសិក្សា​សាលា ក៏ដូចជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​អាហារូបត្ថម្ភ​របស់​រដ្ឋាភិបាល ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៣​។ លោកស្រី​ក៏​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ផងដែរ​ក្នុង​ការចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់ជាតិ ដើម្បី​ធ្វើឲ្យ​គម្រោង​នេះ​បាន​អនុវត្ត​ទូទាំង​ប្រទេស​នៅតាម​សាលារៀន​មណ្ឌល​សុខភាព និង​ឃុំ-សង្កាត់​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ថ្លែង​ថា ក្រសួង​អប់រំ​សូម​អបអរសាទរ​ជាមួយ​អង្គការ Save the Children ដែល​បាន​រកឃើញ​ថា កុមារ​វ័យ​ជំទង់​តាម​សាលា​គោលដៅ​ជាង​ ៩០ ​ភាគរយ​មាន​ចំណេះដឹង​ច្រើន​ស្តីពី​អាហារូបត្ថម្ភ​។

លោក​បន្តថា ក្រសួង​អប់រំ​នឹង​បន្ត​លើកកម្ពស់​ជីវភាព​មាតាបិតា និង​កុមារ​តូច​ជាពិសេស​ដើម្បី​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​កុមារ​តូច​មួយ​ចំនួន​ដោយ​ធ្វើការ​អនុវត្ត​ប្រកាស​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​ ២ ​ឆ្នាំ​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​អាទិភាព​។

លោក​បន្តថា​៖ «​អាហារូបត្ថម្ភ​ល្អ​ចូលរួម​លើកកម្ពស់​គុណភាព​រៀន និង​បង្រៀន ថែមទាំង​ធ្វើឲ្យ​គុណភាព​ជីវិត​រឹតតែ​ប្រសើរ​។ ក្រសួង​អប់រំ​បាន​បញ្ចូល​ខ្លឹមសារ​អាហារូបត្ថម្ភ និង​សុខភាព​សិក្សា​ក្នុង​កម្មវិធីសិក្សា និង​បន្ត​ស្វាគមន៍​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ និង​សុខភាព​សិក្សា​របស់​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​តាមរយ:​គ្រប់​រូបភាព​»៕