មណ្ឌលគិរីៈ កូនដំរី​ព្រៃ​ ១ ​ក្បាល​ ដែល​ក្រុម​ឧទ្យានុរក្ស​បាន​ប្រទះឃើញ​ក្នុងព្រៃ​សាគ្រិត​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​កាលពី​ថ្ងៃទី​ ១៧ ខែ មករា ឆ្នាំ​ ២០២០ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដោយសារ​ដំបៅ​ទងផ្ចិត​របស់​វា​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​មាន​ការសោកស្ដាយ​ជាខ្លាំង ដែល​មិន​អាច​ជួយសង្គ្រោះ​ជីវិត​កូនដំរី​ ១ ​ក្បាល​នេះ​បាន​។ វា​បាន​ងាប់​កាលពី​ព្រឹក​មិញ [​ព្រឹក​ថ្ងៃ​ចន្ទ​] ដោយសារ​មាន​មេរោគ​ឆ្លង​ចូល​តាម​ដំបៅ​ទងផ្ចិត​របស់​វា​»​។

បើតាម​លោក សុភគ៌ ​កូនដំរី​នោះ​ទើប​នឹង​កើត​បាន​ក្នុង​ចន្លោះ​ពីមួយ​សប្ដាហ៍​ទៅ​ ១០ ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ទងផ្ចិត​របស់​វា​មាន​ដំបៅ​ដែល​មិនទាន់​សះជា និង​មាន​សភាព​ស្គមស្គាំង​ខ្លាំង ដោយសារ​អត់​ទឹក​និង​ចំណី​។

លោក​បញ្ជាក់ថា​៖ «​កូនដំរី​នោះ​ទំនង​ជា​ដើរ​វង្វេង​បែក​ពី​មេហ្វូង ឬ​អាច​ត្រូវ​មេហ្វូង​របស់​វា​បោះបង់ចោល​។ ក្រុមមន្ត្រី​ជំនាញ​យើង​រួមសហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ WWF-Cambodia បាន​ព្យាយាម​ជួយសង្គ្រោះ​ព្យាបាល និង ថែបំប៉ន​សុខភាព​វា​យ៉ាង​យកចិត្ត​ទុកដាក់​ផងដែរ​តែ​នៅតែ​មិនអាច​ជួយសង្គ្រោះ​វា​បាន​»​។

ជុំវិញ​ការបាត់បង់​កូនដំរី​នេះ​លោក ទុយ សេរីវឌ្ឍនា ប្រធាន​អង្គការ Wild Earth Allies in Prey Land ថ្លែង​ថា​ថ្វីបើ​កម្ពុជា​នៅមាន​របាយ​សត្វ​ដំរី​អាស៊ី ច្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ប៉ុន្តែ​ការបាត់បង់​នូវ​កូនដំរី​នេះ​គឺជា​រឿង​គួរ​ឲ្យ​ «​សោកស្ដាយ​បំផុត​» ព្រោះ​បើតាម​លក្ខណៈ​ជីវសាស្ត្រ សត្វ​ដំរី​អាស៊ី​ដែល​អាច​បន្ត​ពូជ​បាន​គឺ​មាន​អាយុ​ចន្លោះ​ពី​ ១៨ ​ទៅ​ ២២ ​ឆ្នាំ​។

លោក​បន្តថា​កាលពី​ ២ ​ឆ្នាំមុន ក្រុមការងារ​របស់​លោក​ធ្លាប់​បាន​ជួប​កូនដំរី​មួយ​ក្បាល​ដែល​ត្រូវបាន​មេហ្វូង​របស់​វា បោះបង់ចោល​យ៉ាង​ដូច្នេះ​ដែរ ប៉ុន្តែ​វា​មាន​វ័យ​ច្រើនជាង​នេះ​និង​ពុំមាន​ដំបៅ​ទងផ្ចិត​ដូច​កូនដំរី​ ១ ​ក្បាល​នេះ​ទេ​។ នៅពេល​នោះ​ក្រុមការងារ​របស់​លោក​បានរៀបចំ​ជីក​កូន​ស្រះ​ទឹកតូចៗ​នៅក្នុង​ព្រៃ និង​បាន​ដឹក​ទឹក​យក​ទៅ​ចាក់​ព្រមទាំង​ដាំ​ស្មៅ​នៅក្បែរ​នោះ ដើម្បី​ទុក​ឲ្យ​វា​ផឹក​និង​ស៊ី​ជា​អាហារ​ហើយ​ ៣ ​ខែ​បន្ទាប់មក​មេហ្វូង​របស់​វា បាន​ដើរ​ត្រឡប់​មក​រក​វា​វិញ​។ «​នៅពេលនោះ​ក្រុម​ការងារ​យើង​មិនបាន​ប៉ះពាល់​វា​ទេ ប៉ុន្តែ​បាន​ធ្វើការ​ឃ្លាំមើល​វាពី​ចម្ងាយ ព្រោះ​យើង​បារម្ភ​វា​មានការ​ភ័យខ្លាច និង បារម្ភ​មេហ្វូង​របស់​វា មិន​ទទួល​ស្គាល់​ហើយ​សម្លាប់​វា ក្រោយពី​យើង​បាន​ប៉ះពាល់​វា​»​។

នេះ​ជា​កូនដំរី​ព្រៃ​ទី​ ២ ​ហើយ ដែល​ត្រូវ​បាន​កត់ត្រា​ថា​បាន​ងាប់​នៅក្នុង​ខែមករា​ឆ្នាំ ២០២០ ​នេះ​ដោយ​ក្នុងនោះ​កូនដំរី​ព្រៃ​ ១ ​ក្បាល​មាន​អាយុ​ជាង​ ១ ​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះឃើញ​ងាប់​ដោយ​លង់ទឹក​នៅ​ចំណុច​អូរលាវ​នៃ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ​ដែល​មាន​ទីតាំង​ស្ថិត​នៅជាប់​ព្រំប្រទល់​រវាង​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​។

លោក លឿង ខេមរៈ ប្រធាន​ឧទ្យាន​ជាតិ​អូរយ៉ាដាវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សត្វ​ដំរីព្រៃ​ ១ ​ក្បាល​ ដែល​លង់ទឹក​ងាប់​នោះ ជា​ក្រុម​ហ្វូង​ដំរី​ដែល​មាន​គ្នា​ចន្លោះ​ពី​ ២០ ​ក្បាល​ទៅ​ ៣០ ​ក្បាល​ដែល​រស់នៅ​ជាប់​ព្រំប្រទល់​រវាង​ខេត្តរតនគិរី និង​ខេត្ត​ដាកឡាក់​នៃ​ប្រទេស​ វៀតណាម​។ វា​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​ក្នុង​តំបន់​អូរលាវ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ខេត្ត​មណ្ឌលគិរី និង ខេត្ត​រតនគិរី​ដោយ​ក្នុង​សភាព​ហើម​ស្អុយ​។

លោក​បញ្ជាក់ថា​៖ «​យោងតាម​ស្ថានភាព​នៃ​សពសត្វ​ដំរីព្រៃ​នោះ វា​អាច​ងាប់​ជាង​ ១ ​សប្ដាហ៍​មកហើយ​។ វា​ទំនង​ជា​ត្រូវ​ជាប់អន្ទាក់​របស់​អ្នកប្រមាញ់ មុន​ពេល​វា​ត្រូវ​លង់ទឹក​ងាប់​នៅក្នុង​តំបន់​អូរលាវ​នោះ ព្រោះ​ជើង​ឆ្វេង​របស់​វា​បាន​បាក់ និង​មាន​ជាប់​ខ្សែចំណង​នៅ​នឹង​កជើង​ផងដែរ​»​។

បើ​តាម​លោក កែវ សុភគ៌ យោងតាម​ការសិក្សា​ឆ្នាំ​ ២០១៦ បាន​ប៉ាន់ប្រមាណ​ថា នៅក្នុង​ខេត្ត​មណ្ឌលគិរី​អាច​មាន​ដំរីព្រៃ​ពី​ ៣៧៥ ក្បាល​ទៅ​ ៥០០ ​ក្បាល​៕

វីដេអូ៖