ភ្នំពេញៈ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនកូនស្រី និងកូនប្រសាលោកឧកញ៉ា ហេង សៀ ពាក់ព័ន្ធនឹងបទល្មើសរបស់ឪពុកក្នុងរឿងក្តីនឹងពិធីការិនីទូរទស្សន៍ កញ្ញា មាន ពេជ្ររីតា បន្ទាប់ពីសមត្ថកិច្ចបានរកឃើញភ័ស្តុតាងថ្មីពាក់ព័ន្ធនឹងអ្នកទាំង ២ ជួលមនុស្សប្រុសស្រីថតរូបអាសអាភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺជាប្តីប្រពន្ធនឹងគ្នា ហើយត្រូវជាកូន និងកូនប្រសារបស់លោក ហេង សៀ។ ជនសង្ស័យជាប្តីមាន ឈ្មោះ ឃន ឈុនដារ៉ា និងប្រពន្ធឈ្មោះ តាំង គីមហៀង ដែលអ្នកទាំង ២ ត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងកាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe'' រួមទាំងមានអាជីវកម្មមួយចំនួនផ្សេងទៀត។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួន ២ នាក់ប្តីប្រពន្ធយកមកសាកសួរជាបន្តបន្ទាប់នាយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១។ លោកបានបន្តថា ជនសង្ស័យទាំង ២ នេះកំពុងត្រូវបានឃាត់ខ្លួន ដើម្បីបន្តការសាកសួរពាក់ព័ន្ធនឹងបទល្មើសឪពុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «ដោយសារតែសមត្ថកិច្ចជំនាញយើងកំពុងធ្វើការលើករណីនេះ យើងមិនអាចបង្ហើបបានទេ នឹងធ្វើការចោទប្រកាន់នៅពេលណា។ នៅពេលសមត្ថកិច្ចជំនាញយើង ធ្វើការងារចប់ យើងនឹងជូនដំណឹងនៅពេលក្រោយ»។
ទោះយ៉ាងណា លោក សាន សុខសីហា មិនបានបញ្ជាក់លម្អិតទេថា ការឃាត់ខ្លួនប្តីប្រពន្ធ ២ នាក់នេះ គឺជាប់ពាកព័ន្ធនឹងបទល្មើសមួយណា។ ប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកបានឲ្យដឹងថា កូនប្រសា និងកូនស្រីរបស់ឧកញ៉ា ហេង សៀ ត្រូវបានឃាត់ខ្លួន ដោយសារតែមានការជាប់ពាក់ព័ន្ធនឹងករណីដែលបានជួលមនុស្សប្រុសស្រី ១ គូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា។
រឿងក្តីនេះ ផ្តើមចេញដំបូងពីក្តីក្តាំ រវាងកញ្ញា មាន ពេជ្ររីតា ដែលជាពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia វ័យ ២០ ឆ្នាំ ដែលត្រូវបានលោក ហេង សៀ ដែលមានអាយុជិត ៦០ ឆ្នាំ និងមានងារជាឧកញ៉ា ហើយជាថៅកែក្រុមហ៊ុនកញ្ចក់មួយនៅក្នុងប្រទេសកម្ពុជា បានប្តឹងនាងពីបទលួចមានស្ថានទម្ងន់ទោស។
បន្ទាប់មក នាងក៏ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី ១១ ខែឧសភា។ ប៉ុន្តែនៅថ្ងៃទី ១៣ ខែឧសភា តុលាការក៏បានសម្រេចដោះលែងរូបនាងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមពាក្យស្នើសុំរបស់មេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៣ រូប។
លោកស្រី មាស ស៊ីថន សហមេធាវីការពារក្តីកញ្ញា មាន ពេជ្ររីតា បានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា ខ្លួនបានដឹងពីការឃាត់ខ្លួនថ្មីៗចំពោះកូនស្រី និងកូនប្រសាលោក ហេង សៀ។ ប៉ុន្តែលោកស្រី សុំមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ ចំពោះករណីនេះ ដោយគ្រាន់តែអះអាងថា នេះជាចំណាត់ការរបស់សមត្ថកិច្ច ខណៈខ្លួនក្នុងពេលនេះ គឺទទួលការពារក្តីកញ្ញា មាន ពេជ្ររីតា តែក្នុងករណីដែលលោក ហេង សៀ ប្តឹងនាងពីបទលួចមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។
បន្ថែមពីនេះ លោកស្រីមេធាវី បានបន្តថា ចំពោះនីតិវិធីបន្ត សហមេធាវីក៏មិនទាន់សម្រេច ថាត្រូវមានចំណាត់ការបន្តយ៉ាងណាទៀតនោះដែរ ដោយសុំទុកពេលឲ្យកូនក្តីរបស់ខ្លួន បានសម្រាកមួយរយៈ បន្ទាប់ពីទទួលរងនូវការប៉ះពាល់បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។
លោកស្រីបានរៀបរាប់ពីស្ថានភាពកញ្ញា មាន ពេជ្ររីតា ក្នុងពេលនេះថា៖ «នាងមិនបានសម្រាក ៣ ទៅ ៤ ថ្ងៃហើយ តាំងពីពេលគេនាំនាងមកកន្លែងឃុំខ្លួន។ នាងជាក្មេងស្រី ច្បាស់ណាស់ជួបរឿងបែបនេះ គឺប៉ះពាល់ខ្លះហើយ។ ប៉ុន្តែក្រោយពីគាត់ត្រឡប់មកផ្ទះ ជួបម្តាយគាត់វិញ គាត់មានភាពប្រសើរជាងមុន»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងគ្រួសារ លោក ហេង សៀ ដើម្បីសាកសួរជុំវិញព័ត៌មានដែលពាកព័ន្ធនឹងការឃាត់ខ្លួនកូនរបស់លោកឧកញ៉ារូបនេះបានទេ ដោយសារតែលេខទូរស័ព្ទមិនអាចទាក់ទងបាន គិតត្រឹមថ្ងៃចុះផ្សាយនេះ៕