
កូនសត្វផ្សោត ១ ក្បាលត្រូវបានគេប្រទះឃើញងាប់កាលពីថ្ងៃទី ៣០ ខែ មីនា។ រួបថត ហ្វេសប៊ុក
ស្ទឹងត្រែងៈ កូនសត្វផ្សោត ១ ក្បាលត្រូវបានគេប្រទះឃើញងាប់កាលពីថ្ងៃទី ៣០ ខែ មីនា ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គនៃឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយកាលពីម្សិលមិញអ្នកអភិរក្សបានប្រគល់កូនសត្វផ្សោតនោះទៅឱ្យអង្គការ WWF ដើម្បីពិនិត្យរកមូលហេតុដែលបណ្ដាលឲ្យវាងាប់។
លោក ដន បាន់ អនុប្រធានឆ្មាំទន្លេដើម្បីអភិរក្សសត្វផ្សោតនៅប៉ុស្ដិ៍អន្លង់ឈើទាលស្ថិតក្នុងឃុំព្រះរំកិល និងជាមេភូមិអន្លង់ស្វាយបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃម្សិលមិញថា តាមការសន្និដ្ឋានដំបូង កូនសត្វផ្សោតនោះ អាចងាប់ដោយសារកត្តា ២ យ៉ាង គឺទី ១ បទល្មើសនេសាទខុសច្បាប់ ដូចជាបំផ្ទុះគ្រាប់ និងការប្រើឧបករណ៍ឆក់ និងទី ២ ការធ្វើឱ្យផ្អើលពីសំណាក់ទូកដឹកអ្នកទេសចរ។
លោក បាន់ ថ្លែងថា៖ «សត្វផ្សោតកើតមកដំបូង គឺមេសង្គ្រោះសិន ជួយដោលឱ្យកូនវាមានចលនា ឱ្យចេះងើប ឱ្យចេះហែល និងឱ្យចេះដកដង្ហើម ព្រោះវាអត់ទាន់ចេះដកដង្ហើមដូចមេវាទេ។ ប៉ុន្តែភ្ញៀវទេសចរខ្លះមិនយល់ បានបើកទូកដេញតាម មើលឱ្យបានជិតៗសត្វផ្សោត ដូច្នេះវាអាចរំខានដល់ការសង្គ្រោះរបស់មេផ្សោតទៅដល់កូនផ្សោត ហើយវាសឹងតែធ្វើឱ្យផ្សោតមិនអាចផុសពីទឹកបាន»។
លោក ឡឹង ថារី មេប៉ុស្ដិ៍នគរបាលឃុំព្រះរំកិលបានបញ្ជាក់ដែរថា ក្រុមអ្នកនេសាទបានប្រទះឃើញកូនសត្វផ្សោតងាប់អណ្ដែតនៅលើផ្ទៃទឹកស្ថិតក្នុងឃុំព្រះរំកិល កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៣០ ខែមីនា ប៉ុន្តែលោកថា រូបរាងខ្មោចកូនសត្វផ្សោតដែលងាប់នោះ ពុំបានពិនិត្យឃើញស្លាកស្នាម ត្រង់ណាមួយដែលអាចសង្ស័យបង្កឡើងពីបទល្មើសនេសាទខុសច្បាប់ឡើយ៕