ភ្នំពេញៈ កូនស្រីអតីតមេបក្សប្រឆាំងអះអាងថាគាត់បានជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកពីម្សិលមិញ និងបានស្នើពួកគេជំរុញប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា «ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ខណៈដែលបក្សកាន់អំណាចចាត់ទុកសកម្មភាពទាំងនេះថាជា «ឧទ្ទាមនិយម» ដែលកំពុងប្រឈមចំពោះមុខច្បាប់។
កញ្ញា កឹម មនោវិទ្យា អតីតអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា និងជាកូនស្រីលោក កឹម សុខា អតីតប្រធានគណបក្សដែលកំពុងជាប់ពន្ធនាគារពីបទ «ក្បត់ជាតិ» បានជួបពិភាក្សាជាមួយលោក ផាទ្រីក មឺហ្វី (Patrick Murphy) ឧបការីរងនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងលោក Randall Schriver ឧបការីនៃក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកដើម្បីពិភាក្សា «អំពីជំហានបន្តដែលសហរដ្ឋអាមេរិកគួរចាត់វិធានការដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ក្នុងជំនួបជាមួយលោក Patrick Murphy កញ្ញា កឹម មនោវិទ្យា អះអាងថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ដល់រាជរដ្ឋាភិបាលកម្ពុជា ថានឹងមានវិធានការច្រើនទៀតប្រសិនបើគ្មានការវិលត្រឡប់ទេ។ ខ្ញុំកំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ»។
កញ្ញាអះអាងម្ដងហើយម្ដងទៀតថានាងកំពុងអំពាវនាវឲ្យសហរដ្ឋអាមេរិកដែលគេដឹងថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុនធ្វើការជំរុញឲ្យប្រទេសជប៉ុនធ្វើអ្វីៗបន្ថែមលើរាជរដ្ឋាភិបាលកម្ពុជា។
កញ្ញាថ្លែងថា៖ «តាមការយល់របស់ខ្ញុំគឺថាសហរដ្ឋអាមេរិកកំពុងជជែកជាមួយប្រទេសដែលមានទស្សនៈដូចគ្នាដូចជាប្រទេសជប៉ុនអំពីកង្វល់ និងជំហររបស់ខ្លួនលើប្រទេសកម្ពុជា»។
ជាមួយគ្នានេះក្នុងការបន្តជួបជាមួយលោក Randall Schriver ឧបការីនៃក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក កញ្ញា កឹម មនោវិទ្យា អះអាងថាលោកឧបការី Randall «សម្តែងការបារម្ភអំពីស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនទៅក្នុងកម្ពុជា ជាពិសេសការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ»។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំបានអំពាវនាវឱ្យគាត់ធ្វើការឲ្យបានជិតស្និទ្ធជាមួយសមភាគីរបស់គាត់នៅក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីចាត់វិធានការបន្ទាន់ឆ្លើយតបនឹងវិបត្តិនៅកម្ពុជា។ ខ្ញុំក៏បានជំរុញឱ្យអាមេរិកអំពាវនាវដល់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជាប្រទេសជប៉ុនឱ្យចាត់វិធានការដូចគ្នាជាមួយសហរដ្ឋអាមេរិក»។
ភ្លាមៗបន្ទាប់ពីការរំលាយគណបក្សប្រឆាំងកាលពីពាក់កណ្ដាលខែវិច្ឆិកា និងហាមឃាត់មន្ត្រីជាន់ខ្ពស់របស់គណបក្សជំទាស់ជាង ១០០ រូបមិនឲ្យធ្វើនយោបាយរហូតដល់ទៅ ៥ ឆ្នាំ សហរដ្ឋអាមេរិកបានប្រកាសផ្អាកជំនួយឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រោយមកបានប្រកាសរឹតបន្តឹងទិដ្ឋាការប្រឆាំងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងព្រមានចាត់វិធានការបន្ថែមទៀត ខណៈសហភាពអឺរ៉ុបក៏បានប្រកាសព្យួរជំនួយដល់ គ.ជ.ប សម្រាប់រៀបចំការបោះឆ្នោតដូចគ្នាហើយសភាសហភាពអឺរ៉ុបក៏បានអនុម័តស្នើឲ្យគណៈកម្មាធិការអឺរ៉ុបដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជាដែរ។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសកម្មភាពរបស់កញ្ញាថាជា «ឧទ្ទាមនិយម» ដែលកំពុងប្រឈមចំពោះមុខច្បាប់។
ការថ្លែងរបស់លោក សុខ ឥសាន ស្របគ្នានឹងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដែលកាលពីសប្ដាហ៍មុនបានព្រមានចាប់ខ្លួនកញ្ញា កឹម មនោវិទ្យា ដាក់ពន្ធនាគារប្រសិនបើនាងដាក់ជើងជាន់ដីកម្ពុជាដោយហៅសកម្មភាពរបស់នាងនៅក្រៅប្រទេសថាជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិជាដើម។
លោក សុខ ឥសាន ថ្លែងថា៖ «ទី ១ សកម្មភាព កឹម មនោវិទ្យា ជាសកម្មភាពឧទ្ទាមនិយមក្នុងខណៈដែលខ្លួនមានឈ្មោះនៅក្នុងបញ្ជីដែលត្រូវផ្អាកសកម្មភាពនយោបាយ ៥ ឆ្នាំនៅកម្ពុជា។ ទី ២ វាឆ្លុះបញ្ចាំងឲ្យឃើញនូវភាពទាល់ច្រកកាន់តែក្រពុលមុខក្នុងការស្វែងរកការអន្តរាគមន៍ពីបរទេសដើម្បីសម្លាប់ជាតិខ្លួនឯង ក៏ប៉ុន្តែខ្ញុំយល់ថាមិនទទួលបាននូវលទ្ធផលអ្វីទាល់តែសោះ»។
លោកបន្ថែមថា៖ «ជាពិសេសការចលនាប្រទេសជប៉ុនឲ្យគាបសង្កត់កម្ពុជានេះ ខ្ញុំយល់ថាចាំមើលទាំងអស់គ្នាទៅ។ គេហៅថាដេកចាំ ដាំចេក»។
លោកក៏បានថ្លែងសំដៅទៅថ្ងៃ ៧ មករាដែលលោកអះអាងថាជំហររបស់អាមេរិកគឺផ្ទុយនឹងការអះអាងរបស់ កឹម មនោវិទ្យា រួចហើយព្រោះថ្ងៃ ៧ មករា ត្រូវបានស្ថានទូតអាមេរិកក្នុងនាមរដ្ឋាភិបាលអាមេរិកទទួលស្គាល់អត្ថន័យនៃ៧មករាដែលពីមុនមកមិនធ្លាប់មានការទទួលស្គាល់បែបនេះ។
លោកបញ្ជាក់ថា៖ «ដូចនេះខ្ញុំយល់ថាពេលដែលចៅហ្វាយនាយគាត់ ឬក៏បង្អែក ឬបង្អែកខ្នងដែលគាត់ថារឹងមាំនោះគឺវាដើរផ្ទុយគ្នាហើយ។ វាអត់មានប្រយោជន៍អីទៅសុំអន្តាគមន៍ពីសហរដ្ឋអាមេរិកទេ»។
ជាងនេះទៀតលោកជឿថាប្រទេសជប៉ុននឹងមិនចាត់វិធានការណាមួយប្រឆាំងកម្ពុជាទេដោយបន្ថែមថាប្រទេសជប៉ុនជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាពត្រឹមត្រូវ ដូច្នេះជប៉ុនមិនតាមអ្នកណាទាំងអស់ក្រៅពីការសម្រេចចិត្តដោយឯករាជ្យរបស់ខ្លួន។
លោកអះអាងថា៖ «វាកាន់តែជ្រៅទៅៗហើយបានសេចក្ដីថាអ្នកដែលធ្វើសកម្មភាពបែបឧទ្ទាមនិយមប្រឆាំងនឹងប្រទេសជាតិខ្លួនឯងនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់»។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាសកម្មភាពកូនស្រីលោក កឹម សុខា មិនមែនជារឿងឧទ្ទាមនោះទេ ហើយសកម្មភាពជាការប្រើសិទ្ធិកូនខ្មែរដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលប្រទេសកម្ពុជាសន្យាថាគោរព និងជួយឧបត្ថម្ភដល់ការធ្វើសកម្មភាពលើកស្ទួយ និងការពារសិទ្ធិមនុស្ស។
លោកនិយាយថា៖ «គ្មានយកច្បាប់ណាថាឧទ្ទាមគឺពលរដ្ឋខ្មែរគ្រប់រូប អាចមានសិទ្ធិបញ្ចេញមតិ ម្ល៉ោះហើយកាលៈទេសៈអ៊ីចឹងក៏គេ [ប្រទេស] ទាំងនោះទទួលស្គាល់ថាមានការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងការចាប់ដាក់គុកមេដឹកនាំគណបក្សប្រឆាំង។ គេសុំឲ្យរដ្ឋាភិបាលយើងឲ្យវិលមករកសភាពការណ៍ដើមវិញ ហើយគេក៏បានដាក់ទណ្ឌកម្មជាបណ្តើរហើយ»។
ទោះជាយ៉ាងណាលោកហាក់យល់ស្របនឹងលោក សុខ ឥសាន ថាប្រទេសជប៉ុនមិនទាន់មានជំហរក្នុងការដាក់ទណ្ឌកម្មណាមួយប្រឆាំងរដ្ឋាភិបាលកម្ពុជានោះទេ។
លោកថ្លែងថា៖ «រឿងទណ្ឌកម្មជប៉ុនមិនទាន់ពិនិត្យទេ ព្រោះថាគេទុកឱកាស ឬក៏ជំហរដើម្បីធ្វើអន្តរាគមន៍ផ្ទាល់ជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានការផ្លាស់ប្ដូរចិត្ត គេប្រើប្រាស់ឥទ្ធិពលគេឲ្យប្ដូរចិត្តទៅវិញ»៕