ភ្នំពេញៈ អយ្យការ​អមសាលាដំបូង​ខេត្ត​បាន​ចោទ​ និង ​ឃុំ​ខ្លួន​កូន​ប្រុស​លោក​ស្នង​ការ​រង​ខេត្ត​ព្រៃវែង​ម្នាក់ កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​ ឧសភា ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ពាក់​ព័ន្ធ​បង្ខាំង​នារី​ម្នាក់​រំលោភ​ ហើយ​គ្រោង​លក់​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត។

ជុំវិញ​ការ​ឃុំ​ខ្លួន​នេះ ​លោក មាស សុភក្តិ ព្រះរាជ​អាជ្ញា​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ ព្រៃវែង បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា ករណី​ជន​សង្ស័យ​ដែល​នគរបាល​ចាប់​បញ្ជូន​មក​តុលាការ ត្រូវ​បាន​លោក​ចៅក្រម​ចោទ​ប្រកាន់​និង​បញ្ជូ​ន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​ពី​ល្ងាច​ថ្ងៃ​ដដែល​នោះ​​។​

លោក​បានបញ្ជាក់​​ថា​៖ «ជន​នោះ​ត្រូវ​បាន​ចៅក្រម​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​...​ពិត​មែន។ ជន​នោះ​ត្រូវ​បាន​លោក​ សាំង សេរី ជា​ចៅក្រម​ស៊ើប​សួរ​ចោទពី​បទ​រំលោភសេព​សន្ថវៈ​តាម​បញ្ញត្តិ​មាត្រា​ ២៤០ និង​បទ​បង្ខាំង​មនុស្ស​និង​សញ្ចារកម្ម​មាត្រា ២៥៣ និង​​មាត្រា ២៨៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

គួរបញ្ជាក់​ថា នៅ​ក្នុង​មាត្រា​ ២៤០ បទ​រំលោភ​សេព​សន្ថវៈ ជន​សង្ស័យ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១០ ឆ្នាំ។ រីឯ​មាត្រា​ ២៥៣ ពាក់ព័ន្ធ​បទ​បង្ខាំង​មនុស្ស​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៥ ​ទៅ ១០ ឆ្នាំ ខណៈ​មាត្រា​ ២៨៩ ​ពាក់​ព័ន្ធ​សញ្ចារកម្ម​​ក៏​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៧​ទៅ ១០ ឆ្នាំ​ដែរ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ដូច​បទ​ចោទ​មែន​នោះ។

លោក ​អ៊ុក ផាត នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ព្រៃវែង ប្រាប់​ផងដែរ​ថា៖ «ជន​សង្ស័យ​​ក្រោយ​ពី​សាក​សួរ សមត្ថកិច្ច​ខ្ញុំ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ហើយ ហើយ​ត្រូវ​តុលាការ​ចោទ​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ»។

ពាក់ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​នេះ​ បើ​តាម​លោក​ សួន សំអឿន​ អធិការ​នគរបាល​ស្រុក​កំពង់ត្របែក​បាន​រំឭក​​ថា​ មុន​ឃាត់​ខ្លួន​ជន​សង្ស័យ​គឺ​នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា​ ឆ្នាំ ២០១៨ នារី​រងគ្រោះ​ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ កំពង់ត្របែក ​ដែរ​នោះ​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​ ហើយ​នៅ​ថ្ងៃ​ទី​ ១០ ខែ​ឧសភា ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវ​ជ្រាវ ហើយ​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​នៅ​ក្នុង​ស្រុក​​កំពង់​ត្របែក​ដដែល​។​

តាម​កំណត់​ហេតុ​​នគរ​បាល​បង្ហាញ​ថា ​ជន​សង្ស័យ​ឈ្មោះ​ ឌឹម​ មករា ​អាយុ ៣៣ ឆ្នាំ ជា​មន្រ្តី​នគរបាល​ឋានៈ​អនុសេនីយ៍​ទោ (ស័ក្ដិ ២) មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត​ជា​កូន​បង្កើត​លោក ​ឌឹម យ៉ារ៉ុម ស្នងការ​រង​ខេត្ត​ ព្រៃវែង។

កំណត់​ហេតុ​បាន​បង្ហាញ​បន្ត​ថា ​នារី​រង​គ្រោះ​​ វ.ស.ហ អាយុ ១៥ ឆ្នាំ​ រស់​នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក កំពង់​ត្របែក ខេត្ត​ ព្រៃវែង ​ត្រូវ​បាន​ជន​សង្ស័យ​ចាប់​រំលោភ និង​បង្ខាំង នាង​ទុក​អស់​រយៈ​ពេល​ជាង​ ៤ ​ខែ ហើយ​ជន​សង្ស័យ​ក៏​មាន​គម្រោង​​លក់​នាង​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត​ផងដែរ​។ ​ប៉ុន្តែ​នៅ​មុន​ថ្ងៃ​ឃាត់​ខ្លួន ​ជន​សង្ស័យមិន​បាន​នៅ​ផ្ទះ ​ហើយ​ឆ្លៀត​ពេល​នោះ​ នារី​រងគ្រោះ​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​ទៅ៕