ភ្នំពេញៈ បើទោះបី​ជា​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​ថមថយ​ក៏ដោយ ក៏​រដ្ឋាភិបាល​កូរ៉េ​នៅ​តែ​បន្ត​ផ្តល់​កូតា​ក្នុង​ការនាំ​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​នេះ​ចំនួន ៥០ ​ភាគរយ​ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ខណៈ​ពលករ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដាក់ឈ្មោះ​ចូលក្នុង​បញ្ជី​សុំ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​នេះ មាន​ចំនួន​សរុប ២២ ៦៩៧ ​នាក់​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ១៥ មីនា​ ថា ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ជូនដំណឹង​ពី​ការបែងចែក​កូតា​សម្រាប់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS)​។ បើទោះបី​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ មិនទាន់​មាន​ការថមថយ​ក៏ដោយ ក៏​រដ្ឋាភិបាល​កូរ៉េ​នៅ​តែ​បន្ត​ផ្តល់​កូតា​ចំនួន ៥០ ​ភាគរយ គឺមាន​វិស័យ​ឧស្សាហកម្ម​ចំនួន ៣ ៤០៤ ​នាក់​។

សម្រាប់​ឆមាស​ទី​២ ឆ្នាំ​ ២០២១ ​កម្ពុជា​នឹង​ទទួលបាន​កូតា​បន្ថែមទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ មាន​ភាព​ធូរស្បើយ​។

លោក​បន្ថែមថា​៖ «​ដោយឡែក ចំនួន​ពលករ​ដែល​ត្រូវបាន​អនុញ្ញាត​ដាក់ចូល​ក្នុង​បញ្ជី​សុំ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​ ២០២១ មាន​ចំនួន​សរុប ២២ ៦៩៧ ​នាក់ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​ចំនួន​ ១៦ ២៦១ ​នាក់ វិស័យ​កសិកម្ម និង​ចិញ្ចឹមសត្វ​ចំនួន ៥ ៧៧៨ ​នាក់ និង​វិស័យ​សំណង់​ចំនួន ៦៥៨ នាក់​»​។ លោក សំហេង សង្ឃឹមថា​នឹង​ទទួល​បាន​កូតា​បន្ថែមទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាពល្អ​ប្រសើរឡើង​។

បើតាម​ក្រសួង​ការងារ​ក្នុង​ ១ ​ឆ្នាំៗ​ពលករ​កម្ពុជា​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ប្រមាណ​ ៦ ០០០ ​នាក់​។

កាលពី​ខែកុម្ភៈ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​បន្ត​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) ជា​លើក​ទី៦ ខណៈ​រយៈពេល​ជាង ១០ ​ឆ្នាំ​កន្លង​មក​នេះ ប្រព័ន្ធ EPS បាន​បញ្ជូន​ពលករ​កម្ពុជា​ជិត ៧ ​ម៉ឺន​នាក់​ទៅ​បំពេញ​ការងារ​នៅក្នុង​ប្រទេស​នេះ​។

លោក​ ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​ធ្លាប់​បាន​លើកឡើង​ថា ដំណើរការ​នៃ​ការបញ្ជូន​ពលករ​ទៅកាន់​ប្រទេស​កូរ៉េ​នេះ គឺជា​ដំណើរការ​ល្អ​មួយ​ដែល​អាច​ផ្តល់ឱកាស​ដល់​ពលរដ្ឋ​ខ្មែរ​បាន​ច្រើន​បើ​ប្រៀបធៀប​នឹង​ការបញ្ជូន​ពលករ​ចេញ​ទៅ​ប្រទេស​ដទៃ​។

ក៏ប៉ុន្តែ​លោក​ថា បើទោះ​ជា​ដំណើរការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​នេះ​មាន​ភាពល្អ​ប្រសើរ​ហើយ​ក្តី ក៏​លោក​រំពឹង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ គួរតែ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​នៃ​ការការពារ​ទៅលើ​សិទ្ធិ​ពលករ និង​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល ឬ​កន្លែង​រស់នៅ​មាន​មួយចំនួន​ហាក់​នៅ​ខ្វះចន្លោះ ព្រោះ​យើង​ឃើញ​មាន​ករណី​ស្លាប់ មានអី អ៊ីចឹង​ហើយ ប្រព័ន្ធ​លក្ខខណ្ឌ​កន្លែង​រស់នៅ​នេះ​គឺ​ត្រូវតែ​យកចិត្ត​ទុកដាក់​ត្រូវតែ​ការពារ​ពួកគាត់​ឱ្យ​មាន​សុវត្ថិភាព​នៅ​កន្លែង​ការងារ និង​កន្លែង​រស់នៅ​»​។ ក្រៅពីនេះ​លោក​ ឌី ថេហូយ៉ា ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការចំណាយ​របស់​ពលករ​ម្នាក់ៗ ដែល​ទម្រាំ​ទទួល​បាន​ឱកាស​ការងារ​នៅ​ប្រទេស​កូរ៉េ គឺ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រៅពី​ទទួល​បាន​កូតា​ពី​រដ្ឋាភិបាល​កូរ៉េ​នេះ​កម្ពុជា​ក៏​បាន​ស្នើសុំ​ទៅ​ភាគី​ថៃ ដើម្បី​សម្រួល​ថ្លៃ​សេវា​នានា​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​នោះ​ផងដែរ​។ លោក​បន្តថា កន្លងទៅ​ការស្នើសុំ​បន្ត​ទិដ្ឋាការ​ដើម្បី​បន្ត​ការរស់នៅ និង​ធ្វើការ​នៅ​ប្រទេស​នេះ គឺ​មាន​ការលើក​ឡើង​ថា មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​សំណើ​របស់​កម្ពុជា​គឺ​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការបញ្ចុះតម្លៃ​ថ្លៃ​សេវា​នេះ​។ លោក​បញ្ជាក់ថា​៖ «​យើង​បាន​ស្នើសុំ​ទៅ​ភាគី​ថៃ​ដើម្បី​សម្រួល​ថ្លៃ​សេវា​នានា​។ ប៉ុន្តែ​នោះ​គឺជា​អធិបតេយ្យភាព​របស់​សមភាគី​យើង​»​។

ចាប់ពី​ថ្ងៃទី ១៥ ខែមករា ដល់​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២១ ពលករ​បរទេស​ដែល​បាន​ចុះឈ្មោះ​ជាមួយ​ក្រសួង​ការងារ​ថៃ​មាន​ចំនួន​ ៦៥៤ ៨៦៤ ​នាក់ ក្នុងនោះ​មាន​ពលករ​កម្ពុជា​ចំនួន ២០៣ ៦៧៩ ​នាក់​។ ក្នុងចំណោម​ពលករ​ខ្មែរ​ទាំងនេះ គឺ​មាន​ពលករ​មាន​និយោជក​ចំនួន ១៨០ ៤៧៦ ​នាក់ និង​មាន​ពលករ​មិនមាន​និយោជក​ចំនួន ២៣ ២០៣ ​នាក់​ទទួល​បាន​ការបន្ត​ទិដ្ឋាការ​ដើម្បី​បន្តការងារ និង​រស់នៅក្នុង​ប្រទេស​ថៃ​ស្របច្បាប់​។

លោក លឹង សុផុន ​ក្រុម​ការងារ​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​បាន​លើកឡើងថា បើសិន​ជា​រដ្ឋាភិបាល​ស្វែងរក​ការចរចា​ដើម្បីឱ្យ​ពលករ​នៅ​ប្រទេស​ថៃ​ទទួល​បាន​លក្ខខណ្ឌ​ល្អ ដូច​ពលករ​ខ្មែរ​ដែល​ទៅធ្វើការ​នៅ​ប្រទេស​កូរ៉េ​នោះ​គឺជា​រឿង​មួយ​ដែល​ប្រសើរ​។

លោក​បន្តថា ពលករ​ខ្មែរ​នៅ​ប្រទេស​មួយចំនួន​កំពុង​ប្រឈម​នឹង​ការអត់​ការងារ​ធ្វើ ហើយ​មួយ​ចំនួន​ទៀត​ទិដ្ឋាការ​របស់​ពួកគាត់ ក៏​ត្រូវ​បាន​ហួស​សុពលភាព​ដែល​មិនមាន​លទ្ធភាព​បន្តបាន​ព្រោះ​តម្លៃ​នៃ​ការបន្ត​នេះ​ត្រូវ​ចំណាយ​ច្រើន​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​អំឡុងពេល​ពាក់កណ្តាល​ឆ្នាំ ២០២០ មាន​ពលករ គាត់​បាន​ដាច់​ទិដ្ឋាការ​ធ្វើឱ្យ​ពួកគាត់​ដំណើរការ​តទិដ្ឋាការ​នេះ មាន​ភាពស្មុគស្មាញ និង​ចំណាយ​ច្រើន មិនតិច​ជាង ១៤ ០០០ ​បាត ​ទៅ​ ១៥ ០០០ ​បាត ហើយ​ពលករ​យើង​ខ្លះ​ក៏​បាត់បង់​ប្រាក់ចំណូល​មិនមាន​លុយ​ទិដ្ឋាការ​នេះ ហើយ​ក៏​បានសម្រេច​ចិត្ត​វិលត្រឡប់​មក​កម្ពុជា​វិញ​»៕