ភ្នំពេញៈ កម្ពុជាអះអាងថា សាធារណរដ្ឋកូរ៉េ នឹងបន្តបង្កើនកូតាសម្រាប់ពលករបន្ថែមទៀត រយៈពេល ៣ ឆ្នាំបន្តបន្ទាប់ ដោយទទួលយកពលករកម្ពុជាទៅបម្រើការងារក្នុងប្រទេសខ្លួន ស្របពេលប្រទេសនេះបានកាត់បន្ថយការនាំពលករពីប្រទេសដទៃ។
ចាប់ពីឆ្នាំ ២០០៧ មក ការប្រឡងតេស្តសមត្ថភាពកូរ៉េ (EPS-TOPIK) បានរៀបចំចំនួន ១៦ លើកមកហើយ ដែលអនុវត្តដោយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRD-Korea) រួមសហការជាមួយគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) ដែលបានទទួលពលករកម្ពុជាប្រមាណ ៨៩-៣៩៣ នាក់ ទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងចំណោមបេក្ខជនខ្មែរ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងសរុបចំនួន ៤៣៤ ០៥៤ នាក់។
ការប្រកាសពីការបង្កើនចំនួនពលករទៅប្រទេសកូរ៉េនេះបានធ្វើឡើងបន្ទាប់ពីមានជំនួបមួយរវាងលោក KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាមួយ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ស្តីពីប្រព័ន្ធអនុគ្រោះការងារ (EPS)។
ក្នុងជំនួបនោះ លោក KIM DONG MAN ថ្លែងថា ដោយមើលឃើញពីអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាមរបស់ពលករកម្ពុជាដែលកំពុងបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ និងកិច្ចសហការល្អរវាងប្រទេសទាំង២ កម្ពុជា-កូរ៉េ សាធារណរដ្ឋកូរ៉េ នឹងបន្តបង្កើនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនៃការបញ្ជូនពលករនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសយើងទាំង ២»។
ជាមួយនឹងការប្តេជ្ញានេះ លោក អុិត សំហេង បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ HRD-KOREA ដែលបន្តជួយជ្រើសរើសកម្លាំងពលកម្មបរទេស ជាពិសេសបងប្អូនពលករ-ពលការិនីកម្ពុជា។
ដោយក្នុងនោះ លោក អុិត សំហេង ថា៖ «ក្នុងអាណត្តិការងាររបស់ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េរូបនេះ រយៈពេល ៣ ឆ្នាំ នឹងកាន់តែធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែប្រសើរឡើងបន្តទៀត»។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ចំនួនកូតា ដែលនឹងបង្កើតជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះនឹងកើនបានត្រឹម ២០០ នាក់ ពីលើចំនួនដែលមានស្រាប់ ដែលនឹងធ្វើឲ្យការបញ្ជូនពលករទៅប្រទេសនេះ មានចំនួនច្រើនជាងប្រទេសដទៃ។
លោកបញ្ជាក់ថា៖ «កូរ៉េបានទទួលយកពលករពីប្រទេសផ្សេងៗចំនួន ១៦ ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ។ ប៉ុន្តែពីប្រទេសផ្សេងទៀត កូរ៉េបានកាត់បន្ថយ ដោយឡែកសម្រាប់កម្ពុជា គេបង្កើនបាន ២០០។ កន្លងទៅកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារក្នុង ប្រទេសកូរ៉េ នៅក្នុងផ្នែកឧស្សាហកម្មច្រើនជាងគេ បន្ទាប់មកផ្នែកកសិកម្ម រីឯសេវាកម្មគឺតិចតួច»។
បើតាមក្រសួងការងារ បានឲ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ សម្រាប់រយៈពេលនៃការបញ្ជូនពលករនេះ តែបើធៀបជាមួយប្រទេសធំៗវិញ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១។ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ដែលបានបញ្ជូនពលករច្រើនជាងគេក្នុងចំណោម ១៦ ប្រទេស ក្នុងឆ្នាំ ២០១៩ នេះ។ (លេខ២ នេប៉ាល់, លេខ៣ វៀតណាម, លេខ៤ ឥណ្ឌូនេស៊ី និងលេខ៥ ថៃ)។
លោកមឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លើកឡើងថា ការនាំពលករទៅប្រទេសកូរ៉េនេះ ជាទូទៅ មិនសូវជាមានបញ្ហាច្រើននោះទេ បើប្រៀបធៀបទៅនឹងការនាំពលករ ចេញទៅប្រទេសដទៃ ជាពិសេស ប្រទេសថៃ និងម៉ាឡេស៊ី។
ប៉ុន្តែយ៉ាងណា លោក ក៏មិនពេញចិត្តនឹងតួលេខដែលបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ល្អ ក្នុងការបញ្ជូនពលរដ្ឋខ្លួនឯងទៅក្រៅប្រទេសនេះដែរ ខណៈលោក ចង់ឃើញការបង្កើតការងារឲ្យបានច្រើននៅក្នុងស្រុក និងដើម្បីឆ្លើយតបយ៉ាងណាឲ្យបានប្រសើរបំផុត នៅពេលពលករទាំងនោះត្រឡប់មកក្នុងប្រទេស ដើម្បីឲ្យពួកគេ អាចមានការងារធ្វើសមរម្យ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនត្រេកត្រអាលចំនួននៃការបញ្ជូនពលរដ្ឋចេញទេ។ ឲ្យខ្ញុំត្រេក ត្រអាលគឺរឿងបង្កើតការងារក្នុងស្រុកឲ្យពលរដ្ឋធ្វើ ព្រោះកាលណាយើងត្រេកត្រអាលតែរឿងបញ្ជូនពលរដ្ឋយើង ហើយយើងអត់គិតពីយន្តការក្នុងការទទួលពលរដ្ឋពេលត្រឡប់មកវិញ នោះអាចមានបញ្ហានៅថ្ងៃក្រោយដែរ»។
លោកបន្តថា៖ «បើរដ្ឋយើងមានទស្សនៈវែងឆ្ងាយ ត្រូវចរចាជាមួយគេ ជាប្រទេសទទួលហ្នឹង ទទួលយកពលករយើងក្នុងវិស័យណាមួយ ដែលយើងសង្ឃឹមថា វិស័យហ្នឹង នឹងកើតនៅក្នុងស្រុកខ្មែរ យ៉ាងហោចណាស់ នៅ ៣ ឆ្នាំបន្ទាប់។ អ៊ីចឹងទៅ នៅពេលពួកគាត់ត្រឡប់មកវិញមានទីផ្សារការងារនៅក្នុងស្រុក ហើយកាលណាមានការងារក្នុងស្រុក គាត់ជួយទៅដល់ប្រទេសជាតិហ្នឹងច្រើនជាងគាត់ទៅធ្វើការឲ្យគេ ក្នុងប្រទេសគេទៀត»។
សាធារណរដ្ឋកូរ៉េ ក៏បានអះអាងដែរថា នឹងផ្តល់ជូនអ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅកូរ៉េ ឲ្យទទួលបាននូវជំនាញខាងបច្ចេកវិទ្យានេះកាន់តែប្រសើរ ខណៈពួកគេត្រឡប់មកស្រុកកំណើតវិញ នឹងមានជំនាញមួយច្បាស់លាស់បន្ថែមទៀត៕