ដោយ​មាន​សញ្ញា​មិន​សូវ​ល្អ​ដែល​ត​ភ្ជាប់​ពី​ការ​វ៉ៃ​តំណាង​រាស្ត្រ​នៅ​ចុងឆ្នាំ​ ២០១៥​ និង​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី​នៅ​ឆ្នាំ​ ២០១៦ ងាក​មក​ប្រមើល​មើល​ក្នុង​ឆ្នាំ ២០១៧​ វិញ ក៏មាន​ព្រឹត្តិការណ៍​ដែល​នឹកស្មាន​មិន​ដល់​ជាច្រើន​ផងដែរ ក្នុង​នោះ​អ្វីដែល​លេចធ្លោ​ជាងគេ​គឺ​ការឈាន​ពី​ការចាប់​ឃុំខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​ជា​បន្ត​បន្ទាប់​មកដល់​ដំណាក់កាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្ស​ប្រឆាំង​ដ៏​ធំ​តែមួយ​នៅ​កម្ពុជា​។​

យ៉ាងណាក្ដី ក្នុងចំណោម​ព្រឹត្តិការណ៍​ទាំងនោះ​ភ្នំពេញ​ប៉ុស្ដិ៍​សូម​ដកស្រង់​តែ​រឿង​លេចធ្លោ​ខ្លះៗ​ប៉ុណ្ណោះ​ដែលមាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

លោក​សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ​១១ កុម្ភៈ ២០១៧

លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ ១១ ​កុម្ភៈ​ ដើម្បី​បញ្ចៀស​ការ​រំលាយ​គណបក្ស បើទោះជា​លោក​ថា​ជា​រឿង​ផ្ទាល់​ខ្លួន​ក្ដី​។

ការ​សម្រេច​នេះ​បាន​ធ្វើឡើង​នៅមុន​រដ្ឋសភា​អនុម័ត​ច្បាប់​គណបក្ស​នៅ​ថ្ងៃ​ ២០​ កុម្ភៈ​ ក្រោយ​ធ្វើ​វិសោធនកម្ម​តាម​សំណើ​លោក​ហ៊ុន សែន ដែល​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ប្រធាន និង ​អនុប្រធាន​បក្ស​។

មួយ​ថ្ងៃ​បន្ទាប់ លោក កឹម សុខា បាន​ក្លាយជា​ប្រធាន​ស្ដីទី មុនពេល​បក្ស​សម្រេច​ឲ្យ​ធ្វើ​ប្រធាន​ដែល​មាន​អនុប្រធាន ​៣ ​រូប​តាម​សមាជ ​កាលពី​ថ្ងៃ​ ២ មីនា​។

ប៉ុន្តែ​ក្រោយ​បោះ​ឆ្នោត ​ឃុំ​-​សង្កាត់ ខែ​មិថុនា ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ម្ដង​ទៀត​ ដោយ​ហាម​ទណ្ឌិត​មិន​ឲ្យ​លូក​លាន់​ក្នុង​រឿង​នយោបាយ​ក្រោយ​ លោក សម រង្ស៊ី ជួយ​ឃោសនា​រក​សំឡេង​តាម​ហ្វេស​ប៊ុក​។ ​ច្បាប់​ដែល​ធ្វើ​វិសោធនកម្ម​ទាំង ​២ ​លើក​នេះ​បាន​ភ្ជាប់​លក្ខខណ្ឌ​ដល់​ការរំលាយ​គណបក្ស​ផង​ដែរ ខណៈ​លោក​ សម រង្ស៊ី អស់​សិទ្ធិ​ហើយ​ទៅ​បង្កើត ​«​សមាគម​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​»​។

យ៉ាង​ណា​ក្ដី​លោក សម រង្ស៊ី បាន​ប្រកាស​ប្រឡូក​ក្នុង​រឿង នយោបាយ​វិញ​ ក្រោយ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាកា​កំពូល​រំលាយ​កាលពី​ថ្ងៃទី ​១ ៦​ខែ វិច្ឆិកា​៕

លោក​ សុខ អាន ទទួល​មរណភាព​នៅ ​ប៉េកាំង

លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ កាលពី​ថ្ងៃ​ ១៥ មីនា នៅ​ទីក្រុង​ប៉េកាំង​ ក្នុង​ជន្មាយុ​ ៦៦ ​ឆ្នាំ ។

ការ​បាត់បង់​រូប​លោក​ត្រូវ​បាន​មន្ត្រី​នាំពាក្យ​គណបក្ស​កាន់​អំណាច និង​ពលរដ្ឋ​ថា​ ជាការ​បាត់បង់​អ្នក​មាន​សមត្ថភាព​ដែល​ធ្លាប់​ចូលរួម​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ ពិសេស​ការ​តតាំង​រឿង​ក្ដី​ជាមួយ​ថៃ និង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​កិត្យានុភាព​។

ពីរ​ថ្ងៃ​មុន​មរណភាព​លោក​សុខ​អាន ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​គោរមងារ​ជា​«​សម្ដេច​វិបុល​បញ្ញា​»​ដើម្បី​ជាការ​តបស្នង​ចំពោះ​ស្នាដៃ​ដែល​លោក​បាន​បំពេញ​ចំពោះ​ជាតិ​។

ពិធី​បុណ្យសព​លោក​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ខ្មែរ និង​បរទេស​ក្នុង​នោះ​ក៏​មាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ​។ រីឯ​ការ​ចំណាយ​សម្រាប់​ពិធី​បុណ្យ​ត្រូវ​បាន​ស្នើ​ថវិកា​ជាតិ​ប្រមាណ​៧៥​ម៉ឺន​ដុល្លារ ប៉ុន្តែ​ដោយ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា ការចំណាយ​នេះ​ត្រូវបាន​ធានា​ដោយ​គណបក្ស​ប្រជាជន​ជំនួស​វិញ​៕

ប្រកាស​សាលក្រម​អ្នក​សម្លាប់​បណ្ឌិត​កែម​ឡី

សំណុំ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារ​ម៉ាត​នៃ​ស្ថានីយ​ប្រេង​នៅ​ស្ដុប​បូកគោ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​បុរស​វ័យ​ ៤៤ ​ឆ្នាំ ​ម្នាក់​ឈ្មោះ​ អឿ​ត អាង ឲ្យ​ជាប់គុក​១​ជីវិត​ដោយ​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុស​ច្បាប់ ខណៈ​ការ​ស៊ើប​ពី​ការលក់​អាវុធ និង​អ្នកពាក់ព័ន្ធ​នៅ​បន្ដ​។

អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាម​ផ្លូវ​ក្រោយ​មាន​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី កាលពី​ព្រឹក​ថ្ងៃ​១០​ខែ​កក្កដា​ឆ្នាំ​២០១៦​។

បើ​ទោះ​ណា​ជា​ទោស​នោះ​មាន​កម្រិត​អតិបរមា​ក្ដី ប៉ុន្តែ​សម្រាប់​អ្នក​តាម​ដាន​ដំណើរ​រឿង​នេះ​ថា នោះ​គ្រាន់តែ​ជា​សាលក្រម​ដែល​ធ្វើឡើង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ខណៈ​អ្នក​នៅ​ពីក្រោយ​ខ្នង​រក​មិនទាន់​ឃើញ​ស្រប​ពេល​ដែល​សហគមន៍​ជាតិ​និង​អន្ដរជាតិ​ថា ជា​ឃាតកម្ម​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

សំណុំ​រឿង​នេះ​មាន​មនុស្ស​យ៉ាង​តិច​៣​នាក់​ត្រូវបាន​ប្ដឹង​ក្នុង​នោះ​មាន​លោកស្រី ថាក់​ឡា​នី​, លោក​សមរង្ស៊ី​និង​លោក​គឹម សុខ នៅ​ពេល​អ្នក​ទាំង​នោះ ចោទ រដ្ឋាភិបាល​ថា នៅ​ពី​ក្រោយ​៕

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់​ខ្លួន​

តំណាង​រាស្ត្រ​ហ៊្វុន​ស៊ិនប៉ិច​ដែល​កើត​ពី​ការ​រំលាយ CNRP។ រូបថត ហ្វេសប៊ុក

អតីត​ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ ៣ ​សីហា ​ពាក់ព័ន្ធ​នឹង​រឿង​ផលិត​ថ្នាំ​ញៀន​នៅ​ខេត្ត​ កំពង់ស្ពឺ​ កាល​ពី​ឆ្នាំ​ ២០១២ ប៉ុន្តែ​ មជ្ឈដ្ឋាន​ខ្លះ​ថា​អាច​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​បង្កើត​សម្ព័ន្ធភាព​នឹង​បក្ស​សង្គ្រោះ​ជាតិ​ច្រើន​ជាង​។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក នរ៉ាណាឫទ្ធិ​អាណាន់​ដាយ៉ាត ដែល​ធ្លាប់​មកពី​ហ្វ៊ុនស៊ិនប៉ិច​ដូច​គ្នា និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​លោក​ ហ៊ុន សែន ឲ្យ​លោក​និយាយ​គ្នា​ត្រង់ៗ​ពី​រឿង​ទូរស័ព្ទ​ទៅ​លោក​ អេង ឆៃអ៊ាង នៅ​ថ្ងៃ​៣ មិថុនា ​(​ថ្ងៃ​ស​)​។

លោក​ថា​៖«​បើ​នៅ​តែ​ក្បាល​រឹង​...​នោះ​វា​ស្មើ​នឹង​បដិសេធ​សប្បុរសធម៌...​សម្ដេច​តេ​ជោ​ហ៊ុន សែន​»​។

មុន​ចាប់​ខ្លួន​មាន​មន្ដ្រី​ស្និទ្ធ​នឹង​លោក​ប៊ុនឆៃ ក្នុង​រដ្ឋាភិបាល​ត្រូវ​បាន​ដក​តំណែង​ជា​បន្ត​បន្ទាប់ ខណៈ​គណបក្ស​នៅ​ស្ងៀមស្ងាត់​ឯ​លោក​ញឹក ប៊ុនឆៃ​ថា​បាន​បំភ្លឺ​ជូន​នាយក​រដ្ឋ​មន្ត្រី​រួច​ហើយ​។

យ៉ាង​ណា​ក្ដី មក​ទល់​ពេល​នេះ​លោក​មិនទាន់​ត្រូវ​បាន​កាត់ទោស​ទេ បើ​ទោះ​ជា​តុលាការ​បាន​ស៊ើប​សួរ​ហើយ​ក្ដី​៕

នគរបាល​ចាប់ខ្លួន លោក​សួន សេរី​រដ្ឋា ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ កាលពី​ថ្ងៃ​ ១៣ ​សីហា ពាក់ព័ន្ធ​នឹង​ការ​បទ​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​និង​បំបែក​បំបាក់​មិន​ឲ្យ​កងទ័ព​ស្ដាប់​តាម​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី ខណៈ​មាន​ការ​បញ្ជូន​ទ័ព​ទៅ​កាន់​ព្រំដែន​ពេល​ឡាវ​ ចូល​ដី​ខ្មែរ​មិន​ព្រម​ដក​នៅ​ខេត្ត​ស្ទឹងត្រែង​។

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​លោក​នេត សាវឿន​ថា ជា​បទល្មើស​ជាក់​ស្ដែង បន្ទាប់​ពី​លោក សួន សេរី​រដ្ឋា បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​ដើម្បី​អ្វីដែល​លោក​ថា ជាការ​បំបែក​បំបាក់ និង​មើល​ងាយ​កងទ័ព​ប៉ះពាល់​កិច្ចការ​ការពារ​ជាតិ​។

ទន្ទឹម​នឹង​ការ​ចាប់​ខ្លួន​នេះ​ក៏មាន​សារ​ថ្កោលទោស​ពី​នាយ​ទាហាន​នានា​ទាំង​ថ្នាក់​ក្រសួង​និង​បណ្ដា​ខេត្ត​ដោយ​បាន​ស្នើ​ដល់​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ធ្ងន់​ផង​ដែរ​។

ទោះ​យ៉ាង​ណា​ក្ដី លោក សួង សុភ័ណ្ឌ ដែលជា​អនុប្រធាន​គណបក្ស​នេះ​បាន​ថ្លែង​ថា សារ​ដែល​លោក សួន សេរី​រដ្ឋា បាន បង្ហោះ​នោះ​គ្រាន់​តែ​សំដៅ​លើ​មេ​បញ្ជា​ការ​មួយ​ចំនួន​ដែល​ធ្វើការ​មិនមាន​តម្លាភាព​ប៉ុណ្ណោះ មិនមែន​សំដៅ​ដល់​កងទ័ព​ទាំង​អស់​ទេ​។​

លោក​ថា​៖«...​លោក​សួន សេរី​រដ្ឋា រិះគន់​ស្ថាបនា​»​។

ទោះ​យ៉ាង​ណា លោក សុភ័ណ្ឌ កំពុង​ក្លាយ​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​តាម​រយៈ​អង្គ​សមាជ ៕

ការ​ចាប់​ផ្ដើម​ឃោសនា​បោះឆ្នោត​ឃុំ​-​សង្កាត់​

ស្លាក​សញ្ញា​ទៅ​ស្នាក់​ការ​ធំ​នៅ ភ្នំពេញ​ដែល​ត្រូវ​បាន​បក​ចេញ​ក្រោយ​ពី​មាន​សាល​ដីកា​រួច។ហុង មិនា

យុទ្ធនា​ការរក​សំឡេង​ឆ្នោត ​ឃុំ​-​សង្កាត់ បាន​ចាប់​ផ្ដើម​ពីថ្ងៃ​ ២០ ឧសភា ដល់​ថ្ងៃ​ ២ មិថុនា​ ដោយមាន​គណបក្ស​ ១២​ ចូល​ប្រកួត​ដណ្ដើម​តំណែង​ក្នុង ​ឃុំ​-​សង្កាត់​ ១ ៦៤៦​ ទូទាំងប្រទេស​។

២​ថ្ងៃ​ដំបូង​បក្ស​នីមួយៗ​បាន​ប្រើ​សារ​នយោបាយ​រៀងៗ​ខ្លួន ដើម្បី​ទាក់ទាញ​ម្ចាស់​ឆ្នោត​។

​ក្នុង​សារ​បក្ស​ប្រជាជន​ លោក ​ហ៊ុន សែន ​បានលើកឡើង​ថា​៖«​គណបក្ស​ប្រជាជន​គឺជា​របស់​ប្រជាជន និង​សម្រាប់​បម្រើ​ប្រជាជន​ទូទៅ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​យើង​រួមគ្នា​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​លូតលាស់​ខ្លាំង​ឡើង​!​នេះហើយ​គឺជា​ជោគជ័យ​របស់​ខ្មែរ​ទាំង​អស់​គ្នា​!!!»​។

ដោយ​ឡែក​លោក កឹម សុខា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ពីសារ​៥​ចំណុច​ក្នុង​នោះ​ក៏មាន​គម្រោង​ចាក់​សាច់ប្រាក់​៥០​លាន​ដុល្លារ​ដល់​ឃុំ​-​សង្កាត់​ផង​ដែរ ប្រសិនបើ​បក្ស​លោក​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​។

នៅ​ពេល​យុទ្ធនាការ​ចាប់​ផ្ដើម​ទាំង​អង្គ​ការ​ខុមហ្វ្រែល​ទាំង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​និង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​ថា​ដំណើរការ​ប្រព្រឹត្តទៅ​ល្អ​ប្រសើរ​ដូចគ្នា​៕

ទិដ្ឋភាព​នៅ​តុលាការ​កំពូល​មុន​រំលាយ CNRP។ហុង មិនា

គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ឃុំ​-​សង្កាត់

គជប បាន​ប្រកាស​លទ្ធផល​ឆ្នោត​ឃុំ​-​សង្កាត់​នៅ​ថ្ងៃ​ ២៥ ​មិថុនា ដោយ​មាន​គណបក្ស​៧​បាន​ឈ្នះ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ប៉ុន្តែ​មាន​តែ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើជា​មេឃុំ​-​ចៅ​សង្កាត់​ទូទាំង​ប្រទេស​។

តាម​លទ្ធផល CPP​ បាន​ ៣ ៥៤០ ០៥៦​ សំឡេង​ស្មើ​ ៥០,៧៦% បាន​អាសនៈ​ក្រុម​ប្រឹក្សា​ ៦ ៥០៣ និង​បានធ្វើ​មេឃុំ​-​ចៅ​សង្កាត់​ ១ ១៥៦ ខណៈ​CNRP បាន​ ៣ ០៥៦ ៨២៤ ​សំឡេង​ស្មើ​ ៤៣,៨៣% បាន​អាសនៈ ៥ ០០៧ និង​បាន​ធ្វើ​មេឃុំ​-​សង្កាត់​ ៤៨៩​។

ក្រៅ​ពី​នោះ​បក្ស​ខ្មែរ​រួបរួម​ជាតិ​បានធ្វើ​មេឃុំ​មួយ​និង​បាន​ក្រុមប្រឹក្សា ​២៤ បក្ស​ហ្វ៊ុនស៊ិនប៉ិច​ បាន​ក្រុមប្រឹក្សា​ ២៨ បក្ស​LDP បាន​ក្រុម​ប្រឹក្សា​ ៤ បក្ស​សំបុក​ឃ្មុំ​បាន​ក្រុមប្រឹក្សា​ ១ និង​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​៥៕

អាមេរិក ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការ​បរទេស

មួយ​ថ្ងៃ​បន្ទាប់ពី​ប្រកាស​ច្រាន​ចោលការ​ចោទ​ពី​រដ្ឋាភិបាល​កម្ពុជា​ដែលថា​ឃុបឃិត​ជាមួយ កឹម សុខា ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា​កាលពី​១៣​កញ្ញា​បាន​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ចាប់ពី​ថ្នាក់​អគ្គនាយក​ឡើង​ទៅ​។

ទិដ្ឋាការ​ដែល​ផ្អាក​នោះ​ជា​ប្រភេទ B1,B2 និង B1/B2 ដែល​នេះ​គឺជា​ការ​ឆ្លើយ​តប​នឹង​ការមិន​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក​ត្រឡប់​មក​វិញ​។ ប៉ុន្តែ ​មួយ​ថ្ងៃ​បន្ទាប់​មក​គឺ​នៅ​ថ្ងៃ ​១៤ កញ្ញា​ លោក ហ៊ុន សែន បាន​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ​ស្វែង​អិដ្ឋិ​ធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ​ខណៈ​ទើប​រកឃើញ​ ៤០ ​នាក់​ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​ប្រមាណ ​៨០ ​នាក់​៕

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ដ​លេខា​លើ​ច្បាប់​ចែក​អាសនៈ​ថ្មី​បាន​ពី ​CNRP

វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ​ទាក់ទង​នឹង​ការ​បែងចែក​អាសនៈ​ថ្មី​ត្រូវ​បាន​ព្រះមហាក្សត្រ សម្តេច ព្រះនរោត្ដម សីហមុនី ឡាយ​ព្រះ​ហស្ដលេខា​ពីថ្ងៃ​ទី​ ២៥ តុលា ដើម្បី​បើក​ផ្លូវ​ឲ្យ​ គ.ជ.ប​ ចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​ឲ្យ​បក្ស​ផ្សេង​ដែល​រាស្ត្រ​មិនបាន​គាំទ្រ​ពេល​បោះឆ្នោត​ឃុំ​-​សង្កាត់​និង​ថ្នាក់ជាតិ​កន្លងទៅ​។

វិសោធនកម្ម​ច្បាប់​ទាំង​នោះ​រួមមាន​៖ វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ វិសោធនកម្ម​ច្បាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា វិសោធនកម្ម​ច្បាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​វិសោធនកម្ម​ច្បាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ខណ្ឌ​។

មុន​ឡាយ​ព្រះហស្ដ​លេខា វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​រដ្ឋសភា ព្រឹទ្ធសភា​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អនុម័ត​យ៉ាង​រហ័ស បើ​ទោះ​មាន​ការ​រិះគន់ថា រំលោភ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ក្ដី​៕

រដ្ឋាភិបាល​បិទ​វិទ្យាស្ថាន ​NDI​ និង​ស្ថានីយ​វិទ្យុ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI)​ ដែល​ឧបត្ថម្ភ​ដោយ​អាមេរិក​និង​ស្ថានីយ​វិទ្យុ​ ៩៣,៥​ រួម​ទាំង​ស្ថានីយ​ផ្សាយ​បន្ត​នៅ​ខេត្ត​ចំនួន​ ១២ ​ត្រូវ​បាន​រដ្ឋាភិបាល​បិទ ​ខណៈ​ស្ថានីយ​ ១០​ ផ្សេង​ទៀត​ក៏ត្រូវ​បិទ​ដែរ​។

ការ​បិទ​ដោយ​ក្រសួង​ការ​បរទេស​កាល​ពីថ្ងៃ​ ២៣​ សីហា​ ក៏​មាន​ការ​ដាក់​កំហិត​ដល់​បុគ្គលិក​បរទេស​ឲ្យ​ចេញពី​កម្ពុជា ​ក្នុង​ពេល​ ៧​ ថ្ងៃជា​អ្វីដែល​រដ្ឋាភិបាល​ថា ​ដើម្បី​អនុវត្ត​ច្បាប់ ​«​ឲ្យ​បាន​ត្រឹម​ត្រូវមាន​ប្រសិទ្ធភាព នីតិរដ្ឋ និង ​ការ​គោរព​អធិបតេយ្យ​កម្ពុជា​»​។

បើ​តាម​ក្រសួង​ថា ការបិទ​នេះ​ដោយ​សារ ​NDI​ មិន​បាន​គោរព​ច្បាប់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ច្បាប់​ពន្ធដារ​។​ប៉ុន្តែ​ករណី​នេះ​បាន​កើត​ឡើង​បន្ទាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​បញ្ចេញ​បន្ដ​បន្ទាប់​នូវ​សារ​បង្ហោះ​តាម​ហ្វេស​ប៊ុក​ថា​ NDI​ ជួយ​បក្ស​ប្រឆាំង​។

ភ្លាមៗ​នោះ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ច្រានចោល​ព័ត៌មាន​នេះ​ថា​ មាន​ភាព​មិន​ត្រឹមត្រូវ​និង​បាន​ដាក់​ចេញ​ជា​សំណួរ​ថា ​តើ​កម្ពុជា​ប្ដេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ឬទេ​?

បើ​តាម​ស្ថានទូត NDI​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​គជប​និង​ក្រសួង​មហាផ្ទៃ​ព្រម​ទាំង​បាន​ធ្វើ​ការមិន​លម្អៀង​ជាមួយ​គណបក្ស​ធំៗ​ ទាំងអស់​រួមទាំង​គណបក្ស​ប្រជាជន​ផង​ដែរ​។

​លោក​គល់ បញ្ញា នាយក​ខុបហ្វ្រែល​ថា ការ​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​។​

លោក​ថា​៖«​តាំងពី​ទសវត្សរ៍​ ៩០​ គឺ​ជាង​ ២០ ​ឆ្នាំ​ហើយ​ដែល ​NDI​ ជួយ​លើកស្ទួយ​ប្រជាធិបតេយ្យ ការបោះឆ្នោត ជួយ​ស្ត្រី​រឿង​នយោបាយ​និង​កិច្ចការ​ជាច្រើន​ជាមួយ​NGO...»៕

មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​ឃោសនា​កន្លង​មក ។ រូបថត មិនា

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ​កឹម សុខា ទាំងយប់​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ

​លោក ​កឹម​ សុខា ​ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃទី ​៣ ​កញ្ញា​ នៅ​ផ្ទះ​លោក​ក្នុង​ខណ្ឌ​ទួលគោក ដោយ​ភ្ជាប់​សារ​លោក​ថ្លែង​នៅ​បរទេស​ថា​ ជា​បទល្មើស​ជាក់​ស្ដែង​។

​ដោយ​បាន​ហៅ​ទោស​លោក​កឹម សុខា ជា​ទោស​ក្បត់​ជាតិ​លោក​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឃ្លី​ប​វីដេអូ​មួយ​កុំ​ឲ្យ​អាមេរិក​និង​ប្រទេស​ដទៃ​លូកដៃ​ក្នុង​អធិបតេយ្យ​និង​ផល​ប្រយោជន៍​កម្ពុជា​។

លោក​ថា អាមេរិកាំង​ធ្លាប់​ធ្វើ​រឿង​នេះ​ជាមួយ​លន់ នល់ ឥឡូវ​អាមេរិក​ធ្វើជា​មួយ កឹម សុខា​ខណៈ​លោក​ភ្ជាប់​ករណី​នេះ​ថា​មាន​រយៈពេល​ជាង​២០​ឆ្នាំ​។​

ក្នុង​សារ​ដែល​រដ្ឋាភិបាល​ដក​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ Cambodian Braodcasting Network (CBN) ​បាន​លើក​យក​សម្ដី​លោក​កឹម​សុខា​នៅ​អូស្ដ្រាលី​ក្នុង​ឆ្នាំ​២០១៣​ទាក់ទង​នឹង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ ដើម្បី​ផ្លាស់​ប្ដូរ​មេដឹកនាំ​ពីក្រោម​ឡើងលើ​។

លោក​កឹម​សុខា​ថា ការដែល​អាមេរិក​ជួយ​លោក​គឺ​គេ​ឲ្យ​យក​គំរូ​តាម​ប្រទេស​យូហ្គោ​ស្លាវី ស៊ែប៊ី ដែល​ប្ដូរ​មេ​ដឹក​នាំ​ផ្ដាច់​ការ​...​។

លោក កឹម សុខា ត្រូវ​បាន​ចោទ​តាម​មាត្រា​៤៤៣​គឺជា​អំពើ​ត្រូវ​រ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ឬ​ភ្នាក់ងារ​ហើយ​អាច​ចោទ​ពីបទ​ក្បត់​ជាតិ​ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាស្រ័យ​លើ​ការ​ស៊ើប​អង្កេត​បន្ថែម​។ នេះ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌ ក្រោយ​ចាប់​ខ្លួន​ភ្លាម​។

ភ្លាមៗ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា ជា​រឿង​នយោបាយ ខណៈ​អ្នក​វិភាគ​លោក​សូ ចន្ថា ថា​ជា​វប្បធម៌​លាប​ពណ៌​ដើម្បី​ឈ្នះ​ចាញ់​និង​នាំ​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​...​។

គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​ដល់​ខែធ្នូ​លោក​កឹម សុខា ត្រូវបាន​នាំ​យក​ទៅ​សួរ​ចម្លើយ​បន្ដបន្ទាប់​ទាំង​នៅ​ភ្នំពេញ​និង​នៅ​ខេត្ត​ត្បូងឃ្មុំ​ជា​អ្វី​ដែល​មេធាវី​ការពារ​លោក​ថា ជា​សំណួរ​ដាក់​បន្ទុក​ជា​ជាង​រក​យុត្តិធម៌​៕

មន្ត្រី គជប ៣ ​នាក់​បាន​លាលែង​ពី​តំណែង

៤​ថ្ងៃ បន្ទាប់ពី​បក្ស​ខ្លួន​ត្រូវ បាន​រំលាយ មន្ត្រី ​(​គជប​)​ មក ពី​បក្ស​សង្គ្រោះ​ជាតិ​ ៣​ រូប​ក្នុង ចំណោម ​៤​ រូប​បាន​លាលែង​ពី​តំណែង ខណៈ​មាន​ការ​តម្រូវ​ឲ្យ​ គជប ចែក​អាសនៈ​ពី​បក្ស​ខ្លួន​ឲ្យ​បក្ស​ផ្សេង​។

លោក គួ​យ ប៊ុន​រឿន អនុប្រធាន គជប លោក​រ៉ុង ឈុន និង​លោក​ស្រី តែ ម៉ា​នី​រ៉ុង ជា​សមាជិក​បាន​ដាក់​ពាក្យ​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​២០ វិច្ឆិកា​ដើម្បី​លាលែង​។

ក្នុង​លិខិត​លាលែង​បាន​ហៅ​ការ​យក​អាសនៈ​ពី​បក្ស​សង្គ្រោះ​ជាតិ​ដែល​រាស្ត្រ​បោះឆ្នោត​ជូន​ទៅ​ឲ្យ​បក្ស​ផ្សេង​ថា ជា​រឿង​រំលោភ​លើ​ឆន្ទៈ​រាស្ត្រ និង​បាន​បញ្ជាក់​ថា​«​ទង្វើ​នេះ​វា​ជះឥទ្ធិពល​ផ្ទាល់​ដល់​ដំណើរ​ការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ដែល​មិន​អាច​ធានា​នូវ​ការ​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​...»​។

សមាសភាព​គជប​ថ្មី​បាន​កើតឡើង​បន្ទាប់ពី​មាន​កិច្ច​ព្រម​ព្រៀង​រវាង​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៤ តាម​រូប​មន្ត​៤-៤-១ ពោលគឺ​គណបក្ស​នីមួយៗ​មាន​៤​រូប និង​១​រូប មក​ពី​សង្គម ស៊ីវិល​៕

លោក កឹម សុខា​ នៅពេល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់។ រូប FB

សភា​ប្រកាស​សុពលភាព​សមាជិក​ ៤៤​ នាក់​ថ្មី

សមាជិក​សភា​៤៤​រូប​ក្នុង​ចំណោម​ ៥៥​ រូប​ ត្រូវ​បាន​ផ្ដល់​សុពលភាព ​កាល​ពី​ថ្ងៃ​ ២៧ ​វិច្ឆិកា ​បន្ទាប់ពី​ គជប​ យក​ពី​បក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​បក្ស​ចំនួន ​៦ ខណៈ​បក្ស​ ២​ មិន​ព្រម​ទទួល​។

កៅអី​ទាំង​នោះ​ត្រូវបាន​ចែក​ឲ្យ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ​៤១ បក្ស​សញ្ជាតិ​កម្ពុជា ២ និង​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន ​១​។ រីឯ ​១១​ ផ្សេង​ទៀត​បន្ថែម​ឲ្យ​បក្ស​ប្រជាជន​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​នេះ​មាន​អាសនៈ​រហូត​ដល់​ ៧៩ បន្ទាប់ពី​បក្សសម្ព័ន្ ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ខឹម វាសនា និង​បក្ស​ខ្មែរ​ឈប់​ក្រ​របស់​លោក​ក្រវាញ ដារ៉ន មិន​ទទួល​យក​ដោយ​សារ​អយុត្តិធម៌ និង​ក្បត់​ឆន្ទៈ​ម្ចាស់ឆ្នោត​។

អតីត​តំណាងរាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​លោក​ឡុង បុត្តា បាន​ហៅ​ការ​ប្រកាស​សុពលភាព​នេះ​ថា​ជា​រឿង​លើសពី​ការ​ខ្មាសអៀន​ខណៈ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​លោក​ហ្វីល​រ៉ូបឺសុន​ថា​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ហើយ​មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​ថា ជាការ​បរាជ័យ​បំពេញ​តាម​«​ទស្សន​វិជ្ជា​ប្រជាធិបតេយ្យ​»៕

សហភាព​អឺរ៉ុប​ផ្អាក​ជំនួយ​ដល់ គជប ឯ​សភា​ជំរុញ​ឲ្យ​បង្កក​ទ្រព្យ​មន្ត្រី​រឿង​រំលាយ​បក្ស​ប្រឆាំង​

សហភាព​អឺរ៉ុប ​(EU)​ នៅ​ថ្ងៃ​ ១២ ធ្នូ បាន​ប្រកាស​ព្យួរ​ជំនួយ​ដល់ ​គជប ​ដោយសារ​គ្មាន​ជំនឿ​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ខណៈ​សភា ​EU​ ក៏បាន​ស្នើ​ឲ្យ​មានការ​ដាក់​កម្រិត​ទិដ្ឋាការ និង បង្កក​ទ្រព្យ​​សម្បតិ្ត​ អ្នកពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​។​

សេចក្ដីប្រកាស​របស់​ EU​ ថា ​វិធានការ​លើ​បក្ស​ប្រឆាំង​ដែល​មាន​សំឡេង​ឆ្នោត​ ៤៤,៥%​ នៅ​ឆ្នាំ​ ២០១៣ ​និង ​៤៣,៨%​ នៅ​ឆ្នាំ​ ២០១៧​ និង​ការ​រំលាយ​បក្ស​នេះ​រួច​ចែក​អាសនៈ​ឲ្យ​បក្ស​ផ្សេង​ជាការ​បដិសេធ​ជម្រើស​ពល​រដ្ឋ​។

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ថ្ងៃ ​១ ៤​ធ្នូ​ សភា​អឺរ៉ុប​ ក៏បាន​អនុម័ត​សេចក្ដី​សម្រេច​ឲ្យ​ គណៈកម្មការ​សហភាព​អឺរ៉ុប​និង​សេវា​កិច្ចការ​បរទេស​អឺរ៉ុប ​(EEAS)​ ដាក់​កម្រិត​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​ អ្នក​ទទួល​ខុស​ត្រូវ​រំលាយ​បក្សប្រឆាំង​ និង​ អ្នក​បំពាន​សិទ្ធិ​មនុស្ស​ព្រម​ទាំង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ ​(EBA) ​ផងដែរ​។

ប៉ុន្តែ​មន្ត្រី​ គជប និង​រដ្ឋសភា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​ EU ​ដែល​វាយ​តម្លៃ​ជា​មុន​លើ គជប ខណៈ​អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី​លោក​ផៃ​ស៊ីផាន ថា មិន​ខ្វល់​ពី​រឿង​ដាក់​កម្រិត​ទិដ្ឋាការ និង​ជំរុញ​ឲ្យ​ EU​ បន្ដធ្វើ ខណៈ​លោក​រីករាយ​នឹង​សេរីភាព​នៅ​កម្ពុជា​៕

បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ ​របស់​កូន​ប្រសា​បង​ប្រុស​បង្កើត​លោក​នាយក​រដ្ឋ​មន្ត្រី

​ទីតាំង​សង្វៀន​បព្ជាល់​មាន់​ខុស​ច្បាប់​ដ៏​ធំ​មួយ​ដែលជា​របស់​ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ត្រូវ​ជា​កូន​ប្រសា លោក ហ៊ុន សាន ជា​បង​បង្កើត​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​៤ ធ្នូ នៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​ខេត្ត​កណ្ដាល​។

ក្នុង​ប្រតិបត្តិការ​នោះ​មាន​មនុស្ស​ប្រមាណ ​២០០ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជាមួយ​ភ័ស្ដុតាង​ខណៈ​នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ចូល​ខ្លួន​ឲ្យ​សមត្ថកិច្ច​បន្ទាន់​និង​បាន​ព្រមាន​ថា​នឹង​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​លើក​លែង បើទោះជា​អ្នក​ទាំង​នោះ​ត្រូវ​ជា​ក្មួយ​ឬ​ក្មួយ​ប្រសា​លោក​ក្ដី​។

ទន្ទឹម​នឹង​នោះ​ក៏​មាន​ឯកសារ​ស៊ី​សំណូក​ជា​ប្រព័ន្ធ​បាន​លេច​ធ្លាយ​ផងដែរ ក្នុងនោះ​អ្នកទទួល​សំណូក​មាន​ចាប់ពី​មេឃុំ មេ​ប៉ុស្ដិ៍ អធិការ ស្នង​ការ ព្រះរាជអាជ្ញា អភិបាល​ខេត្ត និង​អ្នកសារ​ព័ត៌មាន​ជាដើម​...​។

ទោះជា​យ៉ាង​ណា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ចាត់​វិធានការ​ទេ ដោយ​លោក​ថា អ្នក​ទាំង​នោះ​គ្មាន​កំហុស​និង​ថា​ម្ចាស់​សង្វៀន​ខ្លាច​តែ​នាយក​រដ្ឋ​មន្ត្រី​ជា​អ្វីដែល​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការខកចិត្ត​ដែល​ខុសពី​ការ​ឃាត់ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ដោយ​ចោទថា ពាក់ព័ន្ធ​នឹង​រឿង​សូកប៉ាន់​និង​សម​គំនិត​សូកប៉ាន់​សាក្សី​រឿង​ស្រី​កំណាន់​លោក​កឹម សុខា​...​។

ទោះ​យ៉ាង​ណា រឿង​នេះ​មាន​តែ​សត្វ​មាន់​ជល់​ចំនួន​៩២​ក្បាល​ប៉ុណ្ណោះ​ដែល​ត្រូវ​តុលា​ការ​ចេញ​ដីកា​ឲ្យ​ប្រហារ​ជីវិត ក្រោម​ហេតុផល​ថា លំបាក​ថែរក្សា​ចំណាយ​សោហ៊ុយ​ច្រើន​និង​ថា​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​ជាថ្មី ដែល​ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​តាម​ប្រព័ន្ធ​សង្គម​ជាច្រើន​ជាមួយ​នឹង​ការ​ដាក់​សំណួរ​ថា​តើ​មាន់​ទាំងនោះ​មាន​កំហុស​អ្វី​? ៕

មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​ឃោសនា​កន្លង​មក ។ រូបថត មិនា

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​និង​ហាម​មន្ត្រី ​១១៨​ រូប​មិន​ឲ្យ​ធ្វើ​នយោបាយ

នៅ​ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​តែមួយ​នៅ​កម្ពុជា​ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយ​ចោល​និង​ហាម​មន្ត្រី​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ជា​ការ​សម្រេច​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ថា​ជាការ​បញ្ចប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

សវនាការ​ដែល​មាន​ចៅក្រម​៩​រូប​នេះ​មាន​ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​នៅ​តាម​ផ្លូវ​សំខាន់ៗ​នៅ​ភ្នំពេញ​ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃមុន​មាន​ការ​រឹត​បន្ដឹង​ខ្លាច​មាន​ចលនា​តវ៉ា​មកពី​បណ្ដា​ខេត្ត​នានា​ជា​អ្វី​ដែល​អាជ្ញាធរ​ថា​ធ្វើ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​សន្តិសុខ​នៅក្នុង​សង្គម​។

ខណៈ​កំពុង​ប្រកាស​សាល​ដីកា លោក ឌិត មុន្ទី ដែលជា​សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​កាន់​អំណាច​និង​ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះ​បាន​ចាត់​ទុក​ការ​មិន​ធ្វើ​សារ​ណា​ឆ្លើយ​តប​នឹង​បណ្ដឹង និង​ការ​នៅ​ស្ងៀមស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​«​សារភាព​ចំពោះ​អង្គហេតុ​»​ទាក់ទង​នឹង​ការ​ចោទ​ពីបទ​ក្បត់​ជាតិ​និង​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​តាម​បណ្ដឹង​ថា បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​ ១៩៩៣ រហូត​ដល់​ឆ្នាំ​ ២០១៧​។

លោក ញឹក ប៊ុនឆៃ ក្នុង​ពេល​ចាប់​ខ្លួន​កាល​ពី​កន្លង​ទៅ។ រូបថត ហ្វេសប៊ុក

ក្រោយ​ការ​ប្រកាស​សាល​ដីកា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​តាម​ទូរទស្សន៍​គាំទ្រ​ការសម្រេច​របស់​តុលាការ​កំពូល​ដោយ​បាន​សុំ​ឲ្យ​មាន​ភាព​ស្ងៀម​ស្ងាត់ និង​បាន​អំពាវនាវ​ផង​ព្រមាន​ផង​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​គណបក្ស​លោក​ដើម្បី​រក្សាបាន​នូវ​មុខ​តំណែង​។

លោក​បាន​ហៅ​ករណីនេះ​ថា​ជា​កំហុស​របស់​មេ​ដឹក​នាំ​តែមួយ​ដែល​នាំ​ទៅ​ដល់​ការរំលាយ​គណបក្ស​នេះ​ចោល​។

ប៉ុន្តែ​អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​ថា​«​ជាទី​បញ្ចប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។​

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។ លោក​ថា គេ​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន តែ​មិន​អាច​រំលាយ​ឆន្ទៈ​របស់​ពលរដ្ឋ​បាន​ទេ​៕

រៀបរៀង ដោយៈ ព្រុំ ភ័ក្ដ្រ