ការ​អនុវត្ត​កំណែ​ទម្រង់​ប្រឡង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រូ​ខំប្រឹង​បង្រៀន សិស្ស​ខំប្រឹង​រៀន មាតាបិតា​ជួយ​គាំទ្រ និង​អាជ្ញាធរ​គ្រប់​កម្រិត​បាន​ចូលរួម ក្នុង​ការ​កែលម្អ​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យម​សិក្សា​។ កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​សិស្ស​ទទួល​បាន​និទ្ទេស ​A កើន​ឡើង​ជា​បន្តបន្ទាប់​ពី ​១១ ​នាក់​ក្នុង​ឆ្នាំ​ ២០១៤ ដល់ ៤៤៣ ​ក្នុង​ឆ្នាំ​ ២០១៩​។ តារាង​ខាង​ក្រោម​បង្ហាញ​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ​២០១៤ ដល់ឆ្នាំ ​២០១៩ ក្រោម​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ស្ថិត​ក្នុង​ចំណោម​អាទិភាព​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​ដែល​បាន​​អនុវត្ត​តាំង​ពី​ឆ្នាំ ​២០១៤​ តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៤-២០១៨ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ ​ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​ក្រុម​ការងារ​វិស័យ​អប់រំ និង​អ្នក​ពាក់ព័ន្ធ​។

សមិទ្ធផល​ធំៗ​សម្រេច​បាន​គួរ​ឱ្យ​កត់​សម្គាល់​ដូចជា ការ​បន្ត​បង្កើន​ការ​ចូល​រៀន​ប្រកប​ដោយ​សមធម៌​នៅ​គ្រប់​កម្រិត ជាពិសេស​ការ​អប់រំ​មូលដ្ឋាន​រយៈពេល ៩ ​ឆ្នាំ ការ​បង្ក​លក្ខណ​សម្បត្ដិ​អនុគ្រោះ​នានា ដើម្បី​ឱ្យ​កុមារ​ និង​យុវជន​ជួប​ការ​លំបាក​មាន​លទ្ធភាព​ចូល​សិក្សា​នៅ​គ្រប់​កម្រិត ការ​ពង្រឹង​ និង​ពង្រីក​អភិបាលកិច្ច​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ការ​ពង្រឹង​គុណភាព​អប់រំ​តាមរយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន និង​ការ​បង្កើន​អាហារូបករណ៍​សម្រាប់​សិស្ស​ និង​និស្សិត​ក្រីក្រ​។

ការ​អនុវត្ត​វិធានការ​លើក​កម្ពស់​គុណភាព និង​ភាព​ឆ្លើយ​តប​របស់​សេវា​អប់រំ ជាពិសេស​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​គ្រប់​ប្រភេទ​បាន​ក្លាយ​ជា​ចំណុច​គន្លឹះ​ឈាន​ដល់​ការ​កំណត់​អាទិភាព​ក្នុង​កម្មវិធី​កំណែទម្រង់​ផ្សេង​ទៀត​ដូចជា ការ​លើក​កម្ពស់​វិជ្ជាជីវៈ​គ្រូ​បង្រៀន ការ​រង្វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស ការ​ពិនិត្យ​ឡើង​វិញ​កម្មវិធី​សិក្សា និង​សៀវភៅ​សិក្សា​គោល និង​កំណែ​ទម្រង់​ឧត្តមសិក្សា​។

យុវជន​កម្ពុជា​ក៏​កាន់​តែ​មាន​ភាព​សកម្ម តាមរយៈ​ការ​ទទួល​បាន​នូវ​អន្តរាគមន៍ និង​ការ​គាំទ្រ​នានា​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ដូចជា ដំណើរការ​របស់​ក្រុមប្រឹក្សា​កុមារ​ និង​យុវជន យុវជន​ស្ម័គ្រ​ចិត្ត យុវជន​កាកបាទក្រហម និង​យុវជន​កាយរឹទ្ធិ ព្រម​ទាំង​ទទួល​បាន​ការ​ផ្តល់​ជំនាញ​បច្ចេកទេស​ និង​ជំនាញ​ទន់ ការ​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ ការ​ប្រឹក្សា​អាជីព និង​ការ​តម្រង់​ទិស​សិក្សា​។ វិស័យ​អប់រំ​កាយ និង​កីឡា​បាន​ក្លាយ​ទៅជា​វិស័យ​ឈាន​មុខ​មួយ ​និង​ទទួល​ការ​សាទរ​ពី​មហាជន​ និង​ទទួល​​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​ជើងឯក​ពិភព​លោក ជើងឯក​អាស៊ី និង​ជើងឯក​អាស៊ីអាគ្នេយ៍​ពី​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេម កីឡា​ស៊ីហ្គេម​ ព្រម​ទាំង​ការ​ប្រកួត​កីឡា​ផ្សេងៗ​ជាច្រើន​ទៀត​។

ឆ្លើយ​តប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជ​រដ្ឋាភិបាល​ដោយ​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ទី​១ ក្រសួង​​អប់រំ យុវជន និង​កីឡា​ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​មុំ​ទី​១ ស្តីពី “​ការ​ពង្រឹង​គុណភាព​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​” ផ្តោត​អាទិភាព​លើ៖ ១) ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រូ​បង្រៀន ២) ការ​ពង្រីក​វិសាលភាព​សាលារៀន​គ្រប់​កម្រិត ៣) ការ​ពង្រឹង​អធិការកិច្ច​គ្រប់​ជ្រុងជ្រោយ​លើ​ការ​គ្រប់គ្រង​សាលារៀន ៤) ការ​ជំរុញ​ការ​អប់រំ​បច្ចេកទេស​នៅ​មធ្យម​សិក្សា​ទុតិយភូមិ ៥) ការ​អប់រំ​បំណិន​ឱ្យ​ស្រប​តាម​ទីផ្សារ​ការងារ ៦) ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​សៀវភៅ​សិក្សា​គោល​គ្រប់​ជ្រុងជ្រោយ និង​៧) ការ​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ​២០២៣​។

ដំណាក់កាល​បន្ទាប់ ២០១៩-២០២៣ និង​ឆ្ពោះទៅ​ឆ្នាំ ​២០៣០ ក្រសួង​អប់រំ យុវជន និង​កីឡា ប្តេជ្ញា​សម្រេច​ឱ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​៤ ស្តីពី​ការ​អប់រំ ដោយ​ឈរ​លើ​គោលការណ៍ គុណភាព សមធម៌ បរិយាប័ន្ន ការ​សិក្សា​ពេញ​មួយ​ជីវិត និង​ទាំង​អស់​គ្នា​។ ម្យ៉ាង​ទៀត ក្រសួង​បន្ត​កាត់​បន្ថយ​គម្លាត​ជំនាញ​ដោយ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ជំនាញ​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​វិស័យ​អាទិភាព​មួយចំនួន ដោយ​ដាក់​ចេញ​នូវ​ការ​អប់រំ​តាម​បែប​ឌីជីថល ដើម្បី​ឆ្លើយតប​នឹង​គោល​នយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​។

ដើម្បី​បន្ត​ការងារ​កំណែ​ទម្រង់​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​កំណត់​កាល​បរិច្ឆេទ​ប្រឡង​ឆ្នាំ​នេះ​នា​ថ្ងៃទី ​២១-២២ ធ្នូ ឆ្នាំ ​២០២០​។ ការ​ប្រឡង​ឆ្នាំ​នេះ មាន​ការ​អនុវត្ត​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ដូច​ឆ្នាំ​កន្លង​មក​ដែរ ដើម្បី​បន្ត​ធានា​គុណភាព​ប្រឡង​។ ក្រៅ​ពី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​អនុវត្ត​វិធានការ​ការពារ​កូវីដ ​១៩ ​ផង​ដែរ​។ ទោះបី​ជា​ខេត្ត​មួយ​ចំនួន​នៅ​ប្រឈម​ជាមួយ​ជំនន់​ទឹក​ភ្លៀង មណ្ឌល​ប្រឡង​ទាំង ​២១០ (​ត្រូវ​ជា​ ៤ ៨៨៥​ បន្ទប់​ប្រឡង​) មិន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​ទេ​។

មណ្ឌល​ប្រឡង​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួចរាល់​ស្វាគមន៍​បេក្ខជន​ប្រឡង​ចំនួន ១២១ ២០៤ ​នាក់ (​នារី​ចំនួន​ ៦៣ ៩៣៨​ នាក់​)​។ ថ្នាក់​វិទ្យាសាស្ត្រ​មាន ៧០ មណ្ឌល​ប្រឡង (​ត្រូវជា​ ១ ៦៥០ បន្ទប់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ១៤០ មណ្ឌល​ប្រឡង (​ត្រូវជា ៣ ២៣៦ បន្ទប់​)​។ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤០ ៧៦៥ នាក់(​នារី​ចំនួន​ ២៣ ៦៣៦ ​នាក់​) និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៨០ ៤៣៩ នាក់ (​នារី​ចំនួន​ ៤០ ៣០២ ​នាក់​)​។ បេក្ខជន​មក​ពី​គ្រឹះស្ថាន​សាធារណ:​មាន​ចំនួន ១១៣ ១៧៦ នាក់ (​នារី​ចំនួន​ ៥៩ ៨៣៤ នាក់​) និង​បេក្ខជន​មក​ពី​គ្រឹះស្ថាន​សិក្សា​ឯកជន​មាន​ចំនួន ៨ ០២៨ នាក់ (​នារី​ចំនួន​ ៤ ១០៤ នាក់​)​។

សម្រាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ​បន្ត​កិច្ច​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូចជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល មន្ទីរអប់រំ យុវជន និង​កីឡា អាជ្ញាធរ​មូលដ្ឋាន​ជាដើម​។

បន្ថែម​ពី​នេះ បេក្ខជន​ប្រឡង និង​មាតាបិតា​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​សម្រេច​ជោគជ័យ​ក្នុង​ការ​ប្រឡង​ ដោយ​ត្រូវ​អនុវត្ត​បទប្បញ្ញត្តិ​ប្រឡង​មាន​ជា​ធរមាន​។ កិច្ច​សហការ​ទាំង​អស់​នេះ​បណ្តាល​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បន្ត​ពង្រឹង​ដំណើរការ​នៃ​ការ​ប្រឡង​ដោយ​អនុវត្ត​គោលការណ៍​ប្រឡង​ទាំង ៤ ​គឺ គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​ និង​​លទ្ធផល​អាច​ទទួល​យក​បាន​។ ដូច្នេះ​ហើយ ការងារ​កំណែទម្រង់​ប្រឡង​​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ជា​ករណី​ជោគជ័យ​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​សម្រាប់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អប់រំ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​ សូម​សម្តែង​នូវ​កតញ្ញុតាធម៌​ជូន​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​៕