ភ្នំពេញៈ ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា​រីករាយ ក្នុង​ភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខណៈ​ខេត្ត​កំពង់ចាម ផ្អាក​សកម្មភាព​ផលិតកម្ម អគារ ៤ នៃ​រោងចក្រ​វ៉ាឡុង ហ៊្វុតវែរ អ៊ិនដាសស្ទ្រ ឯ.ក នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ ស្រុក​ជើងព្រៃ​។

សេចក្តី​ជូនដំណឹង​របស់​លោក ឈួរ ច័ន្ទឌឿន ថ្ងៃទី​ ២២ ខែឧសភា​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សម្រេច​បិទ​ជា​បណ្តោះអាសន្ន មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភពមាតា​រីករាយ ដែលមាន​ទីតាំងនៅ​ភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​ចាប់ពី​ថ្ងៃទី​ ២២ ខែឧសភា រហូតដល់​មាន​ការសម្រេច​ជាថ្មី​។

ក្នុង​អំឡុងពេល​បិទ​ជា​បណ្តោះអាសន្ន​នេះ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ណែនាំ​ឲ្យ​មាន​ការហ៊ុមព័ទ្ធ​ទីតាំង មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា​រីករាយ ទាំងមូល និង​ត្រូវ​ប្រមូល​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ទាំងអស់​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូវីដ​១៩ ។ ជាមួយ​គ្នា​នោះ ត្រូវ​ស្រាវជ្រាវ​អ្នក​ធ្លាប់​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​រីករាយ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក​ ឈួរ ច័ន្ទឌឿន ថ្លែង​ក្នុង​សេចក្តី​សម្រេច​ថា​៖ «​ចំពោះ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ក្នុង​ទីតាំង​ខាងលើ​ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន​ជាប់​ជាប្រចាំ និង​សូម​ប្រញាប់​ទំនាក់ទំនង មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​បំផុត ដើម្បី​យក​សំណាក បន្ទាន់​ចាប់ពី​ថ្ងៃ​ ២២ ​ឧសភា តទៅ រៀងរាល់​ម៉ោង​ធ្វើ​ការងារ និង​ត្រូវធ្វើ​ចត្តាឡីស័ក​ស្របតាម​ការណែនាំ​»​។

នៅ​ថ្ងៃទី​ ២២ ខែឧសភា​នេះដែរ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា ក៏បាន​សម្រេច​ផ្អាក​សកម្មភាព​ផលិតកម្ម អគារ​ ៤ នៃ​រោងចក្រ​វ៉ាឡុង ហ៊្វុតវែរ អ៊ិនដាសស្ទ្រ ឯ.ក ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ២៤ ខែឧសភា ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ក្នុង​ការបិទខ្ទប់​នូវ​អាជីវកម្ម ផលិតកម្ម ដោយ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​។

ចំណែក​ខេត្ត​ព្រះសីហនុ​វិញ លោក​អភិបាល គួច ចំរើន បាន​ផ្ញើលិខិត​ជម្រាប​ទៅ​លោក Yu Guanlin នាយក​រោងចក្រ ហ្ស៊ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ចេជាង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ដើម្បី​ធ្វើការ​ផ្អាក​ដំណើរការ​រយៈពេល​ ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី ២៥ ខែឧសភា​។

លោក​ថ្លែងថា​៖ «​ក្នុងអំឡុង​ពេលនេះ តម្រូវ​ឲ្យ​លោកនាយក​រោងចក្រ សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ដើម្បី​ផ្តល់​សំណាក ដល់​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​វិភាគ​រក​មេរោគ​កូវីដ​ ១៩ ​តាម​ការកំណត់​»​។

បើតាម​លោក គួច ចំរើន ចំពោះ​បុគ្គលិក កម្មករ និយោជិត​ទាំងអស់​របស់​រោងចក្រ​ត្រូវ​ផ្អាក​ការចេញចូល រោងចក្រ ហើយ​នៅក្រោយ​ពេល​បានផ្តល់​វត្ថុ​សំណាក​រួចរាល់ ត្រូវ​សម្រាក​នៅ​ដាច់ដោយឡែក​ពីគ្នា​រង់ចាំ​រហូត​ដល់​ការធ្វើ​វិភាគ​វត្ថុ​សំណាក​របស់​កម្មករ នៅក្នុង​រោងចក្រ​ដែលមាន​ការពាក់ព័ន្ធ​គ្រប់ៗ​គ្នា និង​មាន​លទ្ធផល​ជា​ផ្លូវការ ទើប​អាច​បន្តការងារ​ជាថ្មី​តាម​ការជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕