ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​ចំពោះមុខ​ស្ត្រី​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ (២ ​នាក់​មិន​ប្តឹង​សារទុក្ខ​) ​ដោយ​តម្កល់​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៣០ ​ឆ្នាំ​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដដែល​ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៩ ​កញ្ញា ​ពាក់ព័ន្ធ​បទជួញដូរ​គ្រឿងញៀន​ជាង​ ៣ ​គីឡូក្រាម​។

នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ពី​ម្សិលមិញ លោកស្រី​ចៅក្រម​ គិម សត្ថាវី បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ស្ត្រី​ជាប់ចោទ ដែល​ឈរ​នៅក្នុង​រង្វង់​ក្រចកសេះ​ថា សំណុំ​រឿង​ជួញដូរ​គ្រឿងញៀន​នេះ​មាន​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឌីណា អាយុ​ ២៣ ​ឆ្នាំ​ ដែល​ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​។ កាលពី​ថ្ងៃទី​ ៩ ​កញ្ញា ​ដែលជា​ថ្ងៃ​ជំនុំជម្រះ ស្ត្រី​ជាប់ចោទ​បានស្នើ​សុំ​ដល់​តុលាការ​កំពូល​ឱ្យ​បន្ថយទោស​ដល់​នាង​ដោយ​សំអាង​ថា នាង​មានកូន​ប្រុស​តូច​ម្នាក់ អាយុ​ ៣ ​ឆ្នាំ​ គ្មាន​អ្នកមើល​ថែរក្សា​។

លោកស្រី​ចៅក្រម​បន្តថា ការស្នើសុំ​បន្ថយទោស​របស់​ស្ត្រី​ជាប់ចោទ​នេះ តុលាការ​កំពូល​មិនអាច​ពិចារណា​ជូន​បានទេ បើទោះ​ជា​កាលពី​ថ្ងៃ​ជំនុំជម្រះ ស្ត្រី​ជាប់​ចោទ​បាន​បដិសេធ​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នោះ​ជា​របស់​សង្សារ​ហើយ​គេ​ផ្ញើឱ្យ​នាង​យក​ទៅ​ប្រគល់​ឱ្យ​បុរស​ម្នាក់​ក៏ដោយ​។ «​ដូច្នេះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ៣០ ​ឆ្នាំ​នេះ​ មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ តុលាការ​កំពូល​តម្កល់​សាលដីកា​ឧទ្ធរណ៍​ទុកជា​បាន​ការដដែល​»​។

ក្រោយពី​ស្តាប់​ការប្រកាស​សាលដីកា​ស្ត្រី​ជាប់ចោទ​បាន​និយាយ​នៅក្រៅ​បន្ទប់​សវនាការ​ថា​៖ «​ជា​ការពិត​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ទេ​ហើយ​ខ្ញុំ​មិនដឹងថា កញ្ចប់​ដែល​សង្សារ​ខ្ញុំ​ផ្ញើ​ខ្ញុំ​ក៏​ខ្ញុំ​មិន​ដឹង​ថា នៅក្នុង​នោះ​ជា​គ្រឿងញៀន​ដែរ​។ ខ្ញុំ​មិន​ពេញ​ចិត្តនឹង​ការសម្រេច​សេចក្តី​នេះ​ទេ​»​។ បើតាម​កំណត់ហេតុ​តុលាការ សមត្ថកិច្ច​ចាប់ខ្លួន​ស្រី្ត​រូបនេះ បន្ទាប់ពី​ចាប់​ខ្លួន​បុរស​ម្នាក់​កាលពី​យប់​ថ្ងៃទី​ ១៨ ឧសភា ឆ្នាំ​ ២០១៨ ជាមួយ​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​៕