ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាកំបាំងមុខជនជាប់ចោទដែលជាអតីតមន្ត្រីនគរបាលអង្គរក្សម្នាក់ឲ្យជាប់ពន្ធនាគារ ៣០ ឆ្នាំដដែល តាមសាលដីកាសាលាឧទ្ធរណ៍ករណីបាញ់បុរសម្នាក់ស្លាប់ ខណៈមានជម្លោះពេលកំពុងផឹកគ្រឿងស្រវឹងកាលពីឆ្នាំ ២០១៥ នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាកំបាំងមុខជនជាប់ចោទក្នុងបន្ទប់សវនាការពីម្សិលមិញថា កាលពីថ្ងៃទី ២០ ខែកក្កដា ដែលជាថ្ងៃជំនុំជម្រះ ជនជាប់ចោទឈ្មោះ ទឹម សារី អាយុ ៣៥ ឆ្នាំបានសារភាពជាសាធារណៈនៅក្នុងអង្គសវនាការថា គាត់ពិតជាបានបាញ់សម្លាប់បុរសរងគ្រោះឈ្មោះ ស្រី ចាន់វុទ្ធី ប្រាកដមែន។ តែគាត់បានស្នើសុំតុលាការកំពូលបន្ថយទោសដល់គាត់នៅក្រោម ៣០ ឆ្នាំដើម្បីឲ្យគាត់បានសល់ពេលខ្លះ ទៅរកស៊ីចិញ្ចឹមជីវិត និងចិញ្ចឹមម្តាយចាស់ជរា។
លោកចៅក្រមបន្តថា៖ «ករណីនេះតុលាការមិនអាចពិចារណាជូនជនជាប់ចោទបានទេ ព្រោះសាលាឧទ្ធរណ៍បានបន្ថយទោសជូនពីជាប់ពន្ធនាគារ ១ ជីវិតមកនៅ ៣០ ឆ្នាំគឺមានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវតាមកំណត់ច្បាប់ហើយ»។
លោកបន្តថា កាលពីថ្ងៃជំនុំជម្រះសាច់ញាតិរបស់ជនរងគ្រោះបានស្នើសុំតុលាការឲ្យរក្សាទោសជាប់ពន្ធនាគារ ១ ជីវិតតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ តែតុលាការកំពូលមិនអាចពិចារណាជូនបានទេ។ ម្យ៉ាងក្រុមគ្រួសារជនរងគ្រោះកាលពីមុនពេលចាប់ផ្តើមជំនុំជម្រះក៏មិនបានដាក់សារណាជូនតុលាការកំពូលដើម្បីពិចារណាដែរ។
លោកថ្លែងថា៖ «តុលាការកំពូលមិនពិចារណាតាមការស្នើឲ្យដំឡើងទោស ១ ជីវិតវិញដល់ជនជាប់ចោទបានទេ តែរក្សាសំណង ១២០ លានរៀលសងទៅគ្រួសារជនរងគ្រោះដដែល»។
តាមកំណត់ហេតុរបស់តុលាការកំពូលបង្ហាញថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនល្មើសបានអង្គុយផឹកស្រានៅក្នុងពិធីខួបកំណើតចៅរបស់ជនរងគ្រោះ។ ពេលកំពុងហូបចុក ជនជាប់ចោទបានទាស់សម្តីគ្នាជាមួយជនរងគ្រោះ ហើយជនជាប់ចោទបានបាញ់ទៅលើជនរងគ្រោះរហូតអស់ ១ បង់ ហើយមានស្នាមធ្លុះចំនួន ១៥ កន្លែង ចំដើមទ្រូងចំនួន ១ កន្លែង ចំក្រោមក្លៀកខាងធ្វេងចំនួន ២ កន្លែងចំពោះចំនួន ៤ កន្លែង ចំក្រោមដោះខាងស្តាំចំនួន ៣ កន្លែង ចំជង្គង់ស្តាំចំនួន ៣ កន្លែង និងចំជង្គង់ឆ្វេងចំនួន ២ កន្លែង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សំណុំរឿងនេះត្រូវបានតុលាការខេត្តកណ្តាលកាត់ទោសកំបាំងមុខជនជាប់ចោទ ទឹម សារី ដាក់ពន្ធនាគារអស់ ១ ជីវិតក្នុងឆ្នាំ ២០១៦ តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ខណៈជនជាប់ចោទកំពុងរត់គេចខ្លួន។
លុះមកដល់ឆ្នាំ ២០១៨ ទើបនគរបាលស្រុកអង្គស្នួលស្រាវជ្រាវចាប់បាន និងឃុំខ្លួនឲ្យអនុវត្តទោសក្នុងពន្ធនាគារតាមសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល។ ពេលនោះជនជាប់ចោទមិនសុខចិត្តនឹងទណ្ឌកម្មទោសជាប់ពន្ធនាគារអស់ ១ ជីវិតក៏បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍បន្ថយទោសដល់ជនចាប់ចោទពីជាប់ពន្ធនាគារ ១ ជីវិត មកនៅជាប់ពន្ធនាគារ ៣០ ឆ្នាំវិញ៕