ភ្នំពេញៈ តុលា​ការ​កំ​ពូលកាលពី​ម្សិល​មិញ​បាន​ប្រ​កាស​សាល​ដី​កា​កំ​​បាំង​​មុខ​ជន​ជាប់​ចោទ​ម្នាក់​ដោយ​តម្កល់​ទោស​ ២​៣​ ឆ្នាំ​ តាម​ការ​សម្រេច​របស់​​សា​លា​ឧទ្ធរ​ណ៍ដ​ដែល​ ពាក់​ព័ន្ធ​នឹង​ករណីរំ​លោភ​សម្លាប់​ក្មេង​ស្រី​អា​យុ​ ១​០ ​ឆ្នាំ​ ម្នាក់​​នៅ​ភូមិ​ខ្យោក​ជើង​​ឃុំ​ពពឹស​​ ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃ​វែង ​កាល​ពី​ឆ្នាំ ២០១៦។

នៅ​ក្នុង​បន្ទប់​ស​វ​នា​ការ​ ខណៈ​​អ​វត្ត​មាន​ជន​ជាប់​ចោទ​​និង​ឪ​ពុក​ម្តាយ​ក្មេង​ស្រី​​រង​គ្រោះ​ លោក​ស្រី​ ចៅ​​ក្រម ​​គិម ​សត្ថា​វី​ បាន​អាន​សាល​ដី​កា​ថា ​សំ​ណុំ​រឿង​ដែល​មាន​ជន​ជាប់​ចោទ​​ឈ្មោះ ទ្រី​​ គឹម​ឈាង​ អាយុ ៣០ ឆ្នាំ ដែល​បាន​ជំ​នុំ​ជម្រះ​​កាល​ពី​ថ្ងៃ​ទី​ ២​៤​ មេសា​ ឆ្នាំ​​ ២​០​​១​៩ ​​នោះ​ក្រុម​ប្រឹក្សា​​យល់​ថា​៖​ «​ការ​សម្រេច​របស់​សា​លា​ឧទ្ធរណ៍​​ដែល​ផ្តន្ទា​ទោស​​ដល់​ជន​ជាប់​ចោទ​​ ២​៣ ​ឆ្នាំ ​​នោះ​គឺ​តុលាការ​​សម្រេច​តម្កល់​ទណ្ឌ​កម្មទោស​នៅ​ដដែល»។​

ទោះ​យ៉ាង​​ណា ​លោក ​ព្រឹម​ សុវណ្ណ ​ជា​ឪ​ពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ក្រៅ​បន្ទប់​ស​វ​នា​កា​រ​ ខណៈ​មក​មិន​ទាន់​ពេល​ប្រកាស​ថា​ តាម​ពិត​លោក​មិន​ពេញចិត្ត​នឹងការសម្រេច​ឲ្យ​ជន​ជាប់​ចោទ​នៅ​តែ​ជាប់​ពន្ធនា​គារ ២​៣ ឆ្នាំ​ នោះ​ទេ​ តែលោក​ចង់​ឲ្យ​​​ផ្តន្ទា​ទោស​​អស់​ ១ ​ជីវិត​ទើប​សម​នឹង​ការ​ប្រព្រឹត្ត។​

លោក​ថា​​៖​​ «​ខ្ញុំ​ខំ​ចិញ្ចឹ​ម​កូន​ខ្ញុំ​រហូត​ដល់​ធំ​ប៉ុណ្ណឹង​ហើយ​ ត្រូវ​ជន​ជាប់​ចោទ​សម្លាប់​បែប​នេះ​ខ្ញុំ​ជា​ឪពុក​ម្តាយ​នៅ​តែ​ក្តុក​ក្តួល​អា​ណិត​កូន​ខ្ញុំ​។ ​មិន​ថា​ តែ​ខ្ញុំ​ទេ​ទឹក​ចិត្ត​ឪ​ពុក​ម្តាយ​ដូច​តែ​គ្នា​ហ្នឹង​​ បើ​កូន​ខ្លួន​ខំ​ចិញ្ចឹម​បី​បាច់​ហើយ​ទើប​មាន​អា​យុ ​១​០​ ឆ្នាំ ​ដែល​កំ​ពុង​ស្រ​ឡាញ់​ហើយ​ត្រូវ​គេ​សម្លាប់​បែប​នេះ​គ្មាន​ឪ​ពុក​ម្តាយ​ណា​ទប់​ចិត្ត​បាន​ទេ»។

ទោះយ៉ាង​ណា​ក្ដី លោក​ ព្រឹម​ សុវណ្ណ បាន​បញ្ជាក់​ថា​ លោក​ក៏ព្រ​ម​ទ​ទួល​យក​សាល​ដី​កា​​នោះ​ដែរ​ ព្រោះ​ជា​ការ​សម្រេច​របស់​តុ​លា​កា​រ​។

គួរ​រំ​ឭក​ថា​ តាម​កំ​ណត់​ហេតុ​តុ​លា​កា​រ​ប​ង្ហាញ​ថា​ ​កាល​ពី​ថ្ងៃ​ទី ៧ ​ខែ​ មិថុនា ​ឆ្នាំ​ ២០១៦ ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​បូមទឹក​ដាក់​ស្រែ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ ៣​ គីឡូ​ម៉ែត្រ ហើយ​ក៏មាន​វត្តមាន​ជន​ជាប់​ចោទ​នៅទី​នោះ​ដែរ។

លុះ​ដល់​ម៉ោង​ ១២ ថ្ងៃ​ត្រង់ ​ក្រោយ​ពី​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ច.ស.ឃ ​អាយុ ១០ ឆ្នាំ​ ចេញ​ពី​សាលា​រៀន ​នាង​បាន​ទិញ​កាហ្វេ​យកជូន​ឪពុក​នៅ​ស្រែ​នោះ។ បន្ទាប់​មក ​ឪពុក​នាង​បាន​ចេញ​ទៅ​មើល​ស្រែមួ​យ ទៀត​ដោយ​ទុក​នាង​និង​ប្អូន​ស្រី​តូច​ម្នាក់​ទៀត​ឲ្យ​នៅ​ជាមួយ​ជនជាប់​ចោទ ព្រោះ​សំអាង​ថា​ ពួកគេ​ជា​ពូជី​ទួត​មួយ​នឹង​គ្នា។

ប៉ុន្តែ​ក្រោយ​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​មក​ផ្ទះ​ ឃើញ​តែ​កូន​ស្រី​ប្អូនក៏​សួរ​កូន​ទើប​នាង​ប្រាប់ថា បងស្រី​ត្រូវ​បាន​ពូឈាង​នាំ​ចូល​ក្នុង​ព្រៃ​​ថា​ ទៅ​រក​ឃ្មុំ។ ដោយ​បាត់​កូន​យូរពេក​ឪពុក​ក្មេងស្រី​រង​គ្រោះ​បាន​ជិះ​កង់​ដើរ​រកតែ​រក​មិន​ឃើញ​ ក៏​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​ពពឹស​តែម្តង។

ក្រោយ​ទទួល​បាន​បណ្តឹង​នគរ​បាលក៏​ចាត់​កម្លាំង​ចូល​រក​ក្នុងព្រៃ​ក្បែរ​វាល​ស្រែ​ដែល​ជនជាប់​ចោទ​បូម​ទឹក​ដាក់​ស្រែ​។​ បន្ទាប់​មក​ក៏បាន​រក​ឃើញសាកសព​ក្មេង​ស្រី​ ត្រូវ​គេ​សម្រាត​ខោ​ត្រឹម​ជង្គង់​ និង​កាច់​បំបាក់​ក ទើប​ឈាន​ដល់​ការ​ចា​ប់ខ្លួ​នជន​ជាប់​ចោទ​តែម្ដង៕