ភ្នំពេញៈតុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​ទោស​ស្រ្តី​វៀតណាម​ម្នាក់​ឱ្យ​ជាប់​គុក​ ៤ ​ឆ្នាំ​ដដែល​ បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ​ប្រមាណ​ជា​កន្លះ​ម៉ោង​ពាក់ព័ន្ធ​នឹងការ​ជួញដូរ​គ្រឿងញៀន​ ៣០ ​កញ្ចប់​ប្រព្រឹត្ត​កាលពី​ឆ្នាំ ២០១៦​។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោកស្រី​ចៅក្រម គីម សត្ថាវី បាន​អាន​សាលដីកា​ចំពោះ​មុខ​ស្រ្តី​ជាប់​ចោទ​ឈ្មោះ ឃុន ស្រីពៅ អាយុ​ ៤០ ​ឆ្នាំ​បន្ទាប់ពី​ថយ​ទៅ​ពិភាក្សា​ដោយ​បាន​ចាត់ទុក​ពាក្យ​បណ្តឹង​របស់​ជន​ជាប់ចោទ​ថា​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​កំណត់​ច្បាប់​ដែល​អាច​យក​មក​ជំនុំ​ជម្រះ​បាន​។

លោកស្រី​ថ្លែង​ថា​៖ ​«​ថ្វីដ្បិត​តែ​ជន​ជាប់ចោទ​សារភាព​កំហុស​នៅ​ក្នុង​សវនាការ​ និង​សូម​ឲ្យ​តុលាការ​បន្ថយ​ទោស​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ស្នើសុំ​នេះ​មិន​ស្រប​តាម​មាត្រា​ ៣១៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទេ​។ ដូច្នេះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល​»​។

នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ​នេះ​ដែរ​ស្រ្តី​ជាប់​ចោទ​បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​គាត់​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​ ប៉ុន្តែ​ដោយសារ​គាត់​មាន​កូន ​៣ ​នាក់​គ្មាន​នរណា​ថែរក្សា​ និង​មាន​កូន​តូច​អាយុ​ជាង​ ១ ​ឆ្នាំ​រស់នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ផង​។ ដូច្នេះ​គាត់​ជួប​ការលំបាក​ខ្លាំង​ ហើយ​ណា​មួយ​ត្រូវ​ប្តី​លែងលះ​ទៀត​។ គាត់​ស្នើ​ឲ្យ​តុលាការ​កំពូល​បន្ថយ​ទោស​ដើម្បី​ឆាប់​បាន​ចេញ​ទៅ​មើល​ថែរក្សា​កូន​​។

ទោះ​យ៉ាង​ណា​លោក​ព្រះរាជអាជ្ញា ឌុច គឹមសន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជនជាប់ចោទ​បាន​សារភាព​ហើយ​គាត់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ជាក់ស្តែង​ដែរ​។

លោក​ថ្លែង​ថា​៖ ​«​ជន​ជាប់ចោទ​បាន​សារភាព​នៅ​គ្រប់​ដំណាក់កាល​។ ​ដូច្នេះ​ខ្ញុំ​យល់​ថា​សាលក្រម​ក៏​ដូចជា​សាលដីកា​តុលាការ​ថ្នាក់​ក្រោម​ដែល​ផ្ដន្ទាទោស​មាន​លក្ខណៈ​ត្រឹមត្រូវ​ និង​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាម​ច្បាប់​​។

តាម​អង្គហេតុ​បង្ហាញ​ថា​កាលពី​ថ្ងៃ​ទី​ ១៩ ខែ​មេសា ឆ្នាំ​​ ២០១៦ ស្រ្តី​ជាប់​ចោទ​​បាន​យក​ថ្នាំ​ញៀន​ចំនួន​ ៣០ ​កញ្ចប់​តូច​យក​ទៅ​លក់​ឲ្យ​ម៉ូយ​តម្លៃ​​ ២ ​ម៉ឺន​រៀល​ក្នុង​ ១ ​កញ្ចប់​នៅ​សង្កាត់​ផ្សារ​ថ្មី​​​ ៣ ខណ្ឌ​ដូនពេញ​។ ប៉ុន្តែ​ពេល​កំពុង​ធ្វើ​សកម្មភាព​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់គុក​ ៤ ​ឆ្នាំ​កាល​ថ្ងៃ​ទី​ ២៣ ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦ ​ដោយ​ចោទ​ពី​បទ​ «​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​» ​តាម​បញ្ញត្តិ​មាត្រា​ ៤០ ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។ សំណុំ​រឿង​នេះ​ស្រ្តី​ជាប់​ចោទ​មិន​សុខ​ចិត្ត​ក៏​បាន​ប្តឹង​​ឧទ្ធរណ៍​ទៀត ​តែ​ត្រូវ​សាលាឧទ្ធរណ៍​តម្កល់​ទោស​ ៤ ​ឆ្នាំ​ដដែល​កាលពី​ថ្ងៃ​ទី​ ១៦ ​ខែ​សីហា​ឆ្នាំ​ ២០១៧​៕