ភ្នំពេញៈ បុរស​ជនជាតិ​តួកគី​ម្នាក់​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​ទោស​ជាប់គុក​ ៩ ​ឆ្នាំ​ដដែល បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៤ ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ក្នុង​សំណុំ​រឿង​ទិញ​ពេស្យាចារ​កុមារ​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៤ ​នៅ​រាជធានី​ភ្នំពេញ​។

លោកស្រី ចៅក្រម គិម សត្ថាវី បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ថា​៖ «​សំណុំ​រឿង​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ Aydin Goktepe អាយុ ៥១ ឆ្នាំ​ពាក់ព័ន្ធ​នឹង​រឿង​ទិញ​ពេស្យាចារ​កុមារ​នេះ ក្រោយពី​ជំនុំជម្រះ​ និង​តាមរយៈ​អង្គហេតុ​តុលាការ​កំពូល​យល់​ឃើញ​ថា ជនជាប់ចោទ​ប្រាកដ​ជា​បាន​ប្រព្រឹត្ត​ពិតមែន​។ ដូច្នេះ​តុលាការ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​»​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ជំនុំជម្រះ​បុរស​ជាប់ចោទ​រូប​នេះ​បាន​បដិសេធ​នៅ​មុខ​ចៅក្រម​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ទេ ប៉ុន្តែ​ថា​ខ្លួន​បាន​ចាញ់​បោក​នារី​រកស៊ី​ផ្លូវភេទ​នៅ​វត្តភ្នំ ខណៈ​ខ្លួន​ពឹង​ឲ្យ​រក​នារី​ម្នាក់​ដើម្បី​រៀបការ​អំឡុង​ឆ្នាំ​ ២០១៤​។

ជនជាប់ចោទ​ដែល​ធ្លាប់​ជា​កាពីតែន​នាវា​ផង​នោះ​បាន​រៀបរាប់​ប្រាប់​ចៅក្រម​តុលាការ​កំពូល​ថា គាត់​បាន​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៤ ហើយ​វីហ្សា​ស្នាក់​កម្ពុជា​កំណត់​រយៈពេល​តែ​ ១ ​ខែ​ទេ​។ ក្នុង​អំឡុង​ពេល​នោះ​គាត់​មាន​បំណង​រក​ស្ត្រី​ខ្មែរ​ម្នាក់​ធ្វើ​ជា​ប្រពន្ធ ហើយ​ពេល​គាត់​ទៅ​រមណីយដ្ឋាន​វត្តភ្នំ​ក៏​បាន​ជួប​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ឈ្មោះ ឌឿន ស្រីណែត ​ហើយ​នារី​នោះ​ណែនាំ​ឲ្យ​ស្គាល់​ស្ត្រី​​ម្នាក់​ឈ្មោះ ឈឿន ស្រីណែត ​ដែល​រកស៊ី​ផ្លូវភេទ​ដូច​គ្នា​។

លោក Aydin Goktepe បន្ត​ថា​ពេល​ស្គាល់​ស្ត្រី​ឈ្មោះ​ ឈឿន ស្រីណែត ក៏​ត្រូវ​ស្ត្រី​រូប​នោះ​ប្រាប់ថា នាង​មាន​ប្អូនស្រី​ម្នាក់​អាយុ​ ១៨ ឆ្នាំ​ហើយ​បាន​ណែនាំ​ឲ្យ​ស្គាល់​គ្នា និង​ណាត់គ្នា​ទៅ​ជួប​ក្នុង​ហាង​មួយ​នៅ​ម្តុំ​ផ្សារ​សូរិយា​។

លោក​បន្ត​ថា​ក្រោយ​មក​ទៀត​ស្ត្រី ឈ្មោះ ឌឿន ស្រីណែត និង ឈឿន ស្រីណែត រួមទាំង​ប្អូនស្រី​របស់ ឈឿន ស្រីណែត បាន​ជិះ​រ៉ឺម៉ក​កង់​ ៣ ទៅ​ចាំ​ជួប​គាត់​នៅ​មុខ​ផ្ទះសំណាក់​ឈ្មោះ​ ស្រី ពេជ្រ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី ៣ ខណ្ឌ​ដូនពេញ​។ ប៉ុន្តែ​ពេល​នោះ​គាត់​បាន​ឃើញ​ប្អូនស្រី​របស់ ឈឿន ស្រីណែត ក្មេង​ពេក​គាត់​ក៏​ប្រកែក​ថា មិន​យក​ធ្វើ​ជា​ប្រពន្ធ ព្រោះ​នាង​មាន​អាយុ​ទើប​ ១៤​ ​ឆ្នាំ​ហើយ​គាត់​បាន​ឲ្យ​លុយ​ទៅ​អ្នក​រត់​ម៉ូតូកង់ ៣ ដឹក​ត្រឡប់​ទៅវិញ​។

កាលពី​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​នោះ​ជន​ជាប់ចោទ​ថា​លោក​មាន​កំហុស​ និង​ចាញ់បោក​ស្ត្រី​រកស៊ី​ផ្លូវភេទ ដោយសារ​ពួកគេ​ប្រាប់​ថា​រក​នារី​ម្នាក់​ដើម្បី​រៀបការ​តែ​បែរ​ជា​យក​នារី​នៅ​ក្មេង​ទៅវិញ ប៉ុន្តែ​លោក​ថា​មិន​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​នោះ​ទេ​។ លោក​សូម​ឲ្យ​តុលាការ​ដោះលែង​លោក ព្រោះ​ជាប់គុក​បាន​ជិត​ ៥ ​ឆ្នាំ​ហើយ​។

ប៉ុន្តែ​តាម​កំណត់ហេតុ​នគរបាល​ និង​ចម្លើយ​របស់​ស្ត្រី​ឈ្មោះ​ ​ឈឿន ស្រីណែត បញ្ជាក់​ថា​ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៤ ខ្លួន​និង​ឈ្មោះ ឌឿន ស្រីណែត រួមទាំង​ប្អូនស្រី​បាន​ទៅ​ជួប​ជនជាប់ចោទ​នៅ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ ស្រី ពេជ្រ ហើយ​បាន​ជួល​បន្ទប់​ ២ ដែល​បន្ទប់​ ១ ​សម្រាប់​ពួកនាង​រង់ចាំ និង​បន្ទប់​ ១ ​ទៀត​ទុក​សម្រាប់​ឲ្យ​លោក Goktepe និង ក្មេងស្រី​រងគ្រោះ​ឈ្មោះ យ. ស.ធ. ដេក​ដើម្បី​រួមភេទ​។

ឈឿន ស្រីណែត បន្ត​ថា​ជនជាប់ចោទ​បាន​រួម​ភេទ​ជាមួយ​ប្អូនស្រី​របស់​ខ្លួន​ម្តង​ឲ្យ​លុយ​ ៣០០ ដុល្លារ ហើយ​លុយ​នោះ​ប្អូនស្រី​នាង​បាន​យក​ទៅ​ឲ្យ​ម្តាយ​នាង​ឈ្មោះ សាន់ នឿន ​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​មក​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​បាន​ប្តឹង​ទៅ​អង្គការ​ធ្វើការ​ផ្នែក​គាំពារ​កុមារ ហើយ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​ជន​ជាប់ចោទ​តែ​ម្តង​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា ឆ្នាំ ២០១៥ ឱ្យ​ជន​ជាប់ចោទ​ជាប់គុក​ ៩ ​ឆ្នាំ​ដោយ​ចោទ​ពី​បទ​ទិញ​ពេស្យាចារ​កុមារ​តាម​មាត្រា ៣៤ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​បង្គាប់​ឲ្យ​សង​ជំងឺចិត្ត​ ៦ ​លាន​រៀល​ទៅ​ក្មេងស្រី​រងគ្រោះ​៕