ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​ប្រកាស​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ដោយ​បង្គាប់​ឲ្យ​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា​ម្នាក់​ប្រចាំខេត្ត​រតនគិរី​សង​ ១០ ​លាន​រៀល​ទៅ​អតីត​មេ​ប៉េអឹម​ស្រុក​បកែវ និង​ពិន័យ​ ១ ​លាន​រៀល​ចូល​រដ្ឋ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​ ១៩ ​កុម្ភៈ ពាក់ព័ន្ធ​ការសរសេរ​អត្ថបទ​រឿង​កាប់​រាន​ដីព្រៃ​កាលពី​ឆ្នាំ​ ២០១៣​។

ក្នុង​បន្ទប់​សវនាការ​ពី​ម្សិល​លោក​ចៅក្រម គង់ ស្រ៊ីម បាន​អាន​សាលដីកា​កំបាំង​មុខ​ដើមបណ្តឹង និង​ចុង​ចម្លើយ​ថា សំណុំ​​រឿងនេះ​មាន​ជនជាប់ចោទ​ [​ជាដើម​បណ្ដឹង​សារទុក្ខ​] ​ឈ្មោះ ប្រាក់ សុវណ្ណ និង​ចុង​ចម្លើយ​ឈ្មោះ ផុន ជ័យ ​។ ក្រោយពី​តុលាការ​កំពូល​ជំនុំជម្រះ​ពីថ្ងៃ​ទី​ ១៩ ​កុម្ភៈ មក​តុលាការ​យល់ឃើញថា សារណា​ដែល​លោក ប្រាក់ សុវណ្ណ ដាក់ចូល​តុលាការ​កំពូល​នោះ​រៀបរាប់ថា អត្ថបទ​ចេញផ្សាយ​ពាក់ព័ន្ធ​លោក ផុន ជ័យ នោះ​គឺ​បានដាក់​អ្នកសរសេរ​ឈ្មោះ បាន លុង មិនមែន ឈ្មោះ ប្រាក់ សុវណ្ណ ទេ​។

ប៉ុន្តែ​លោក​ចៅក្រម​ថ្លែងថា​៖ «​ក្រោយ​តុលាការ​ពិចារណា​គឺ​ឈ្មោះ​ បាន លុង គ្រាន់តែ​ដាក់​កុំ​ឲ្យ​គេ​ស្គាល់ឈ្មោះ​អ្នកសរសេរ​​ប៉ុណ្ណោះ តែ​សេចក្តី​រាយការណ៍​បាន​ពី​លោក ប្រាក់ សុវណ្ណ​។ ​ដូច្នេះ​គាត់​ជា​អ្នកប្រព្រឹត្ត​»​។

លោក​ចៅក្រម​បន្តថា​កាល​នៅ​សាលាដំបូង​ខេត្តរតនគិរី​លោក ប្រាក់ សុវណ្ណ ធ្លាប់បាន​ប្រាប់​ចៅក្រម​ថា អ្នកពាក់ព័ន្ធ​រឿង​ដីធ្លី​នោះ​ឈ្មោះ សុក ជ័យ មិនមែន​ឈ្មោះ ផុន ជ័យ ទេ​។ ​ចំណុច​នេះ​បានន័យថា លោក ប្រាក់សុវណ្ណ ​ពិតជា​ដឹងថា លោក ផុន ជ័យ មិនបាន​ពាក់ព័ន្ធ​រឿង​នោះទេ​។

លោក​ថា​៖ «​តុលាការ​កំពូល​មិន​ឯកភាព​ដូច​ការលើកឡើង​របស់​លោក ប្រាក់ សុវណ្ណ ក្នុង​សារណា​ទេ និង​សម្រេច​តម្កល់​សាលដីកា​របស់​ឧទ្ធរណ៍​...»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ប្រាក់ សុវណ្ណ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​សោកស្តាយ​នឹង​សាលដីកា​តុលាការ​កំពូល​​នេះ ព្រោះ​លោក​គ្មាន​លទ្ធភាព​សង​ប្រាក់​ ១០ ​លាន​រៀល​ទៅ​ឲ្យ​ភាគី​លោក​ ផុន ជ័យ ទេ​។ អ្វីដែល​លោក​សរសេរ​កាលនោះ​ដោយសារ​បានទទួល​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ថា ឈ្មោះ ជ័យ ជា​អ្នកកាប់​រាន​ដីព្រៃ ហើយ​លោក​ក៏បាន​ទូរស័ព្ទ​សួរ​បញ្ជាក់ថា លោក​ឈ្មោះ ផុន ជ័យ មែន​ទេ គាត់​ឆ្លើយថា​បាទ​។

ដោយ​សំអាង​ថា​បាន​សម្ភាស​​ជាមួយ​គាត់​ហើយ​លោក​ក៏​យកសម្តី​គាត់​ចុះ​ក្នុង​អត្ថបទ​ទៅ​។ ​ដល់ពេល​ផ្សាយ​រួច ទើប​ដឹង​ថា​អ្នកនោះ​មិនមែន​ឈ្មោះ ផុន ជ័យ ​ទេ​គឺ​ឈ្មោះ សុក ជ័យ​។

លោក​ថា​៖ «​វា​ជា​រឿង​របស់​អង្គភាព​ហើយ​លោក ប៉ែន សមិទ្ធិ ក៏​ស្លាប់បាត់​ឲ្យ​យើង​ទទួល​ខុសត្រូវ​ទាំងស្រុង​ម៉េច​កើត​។ ​ខ្ញុំ​សូម​ក្រសួងយុត្តិធម៌​ជួយផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ ពិសេស​សម្តេច​ ហ៊ុន សែន ​ដែល​តែង​លើកលែង​ដល់​អ្នកសារព័ត៌មាន​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា លោក ប្រាក់ សុវណ្ណ អាយុ​ ៤៥ ​ឆ្នាំ​ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត​រស្មីកម្ពុជា​បាន​សរសេរ​ចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​របស់ខ្លួន​ពាក់ព័ន្ធ​ឈ្មោះ ផុន ជ័យ ជា​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បកែវ ខេត្តរតនគិរី​ថា បានកាប់រាន​ដីព្រៃ​រដ្ឋ​ទំហំ​ ៨០ ​ហិកតា​ក្នុងស្រុក​លំផាត់​កាលពី​ថ្ងៃ​​ទី​ ២២ ខែមីនា ឆ្នាំ​ ២០១៣​។ ​បន្ទាប់ពី​ចុះផ្សាយ​រួច​លោក ផុន ជ័យ បានទាមទារ​ឲ្យ​លោក ប្រាក់ សុវណ្ណ ផ្សាយ​កែតម្រូវ​វិញ​។

ប៉ុន្តែ​លោក ប្រាក់ សុវណ្ណ ទាមទារ​ឲ្យ​លោក ផុន ជ័យ រកភ័ស្តុតាង​បញ្ជាក់​ឲ្យ​ច្បាស់​សិន​តែ​កាលនោះ​លោក ផុន ជ័យ មិន​បាន​ផ្តល់​ភ័ស្តុតាង​តាម​ការទាមទារ​នោះ​ទេ ហើយ​លោក ប្រាក់ សុវណ្ណ ក៏​មិន​ចុះផ្សាយ​កែតម្រូវ​ឲ្យ​ដែរ​។

កំណត់ហេតុ​បន្តថា ដោយសារ​តែ​គ្មាន​ការចុះផ្សាយ​កែតម្រូវ​បែបនេះ​លោក ផុន ជ័យ ក៏​បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លោក​ ប្រាក់ សុវណ្ណ ទៅ​សាលាដំបូង​ខេត្តរតនគិរី​ដោយ​ទាមទារ​សំណង​ ២០ ​លាន​រៀល​។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្តរតនគិរី ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ឆ្នាំ​ ២០១៤ ដោយ​សម្រេច​ឲ្យ​លោក​ ប្រាក់ សុវណ្ណ សង​ទៅ​លោក ផុន ជ័យ ចំនួន​ ១០ ​លាន​រៀល និង​ពិន័យ​ប្រាក់​ ១ ​លាន​រៀល​ចូល​ថវិការដ្ឋ​ចោទ​ពី​​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​មាត្រា​ ១០ ​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។ ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តនឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​ខេត្តរតនគិរី​នេះ លោក ប្រាក់ សុវណ្ណ បាន​​ប្តឹង​ទាស់​ទៅកាន់​សាលា​ឧទ្ធរណ៍ តែ​ត្រូវ​ឧទ្ធរណ៍​ប្រកាស​​សាលដីកា​កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០១៥ ដោយ​តម្កល់​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម​ឲ្យ​នៅ​ដដែល​។ ក៏ប៉ុន្តែ​​ដោយ​នៅតែ​មិន​សុខចិត្ត លោក ប្រាក់ សុវណ្ណ ក៏​បន្ត​ប្ដឹង​មក​តុលាការ​កំពូល​តែម្ដង​៕