
សមត្ថកិច្ចរាជធានីភ្នំពេញត្រួតពិនិត្យអ្នកធ្វើដំណើរយប់ថ្ងៃ ៣ មេសា។ ហ៊ាន រង្សី
ភ្នំពេញៈ រយៈពេល ២ យប់នៃការចាប់ផ្តើមអនុវត្តបម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់យានយន្តចំនួន ១៥៥ គ្រឿង ខណៈអាជ្ញាធរតាមបណ្តាខេត្តមួយចំនួនបានរឹតបន្តឹងចរាចរណ៍ចេញ-ចូលក្នុងទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា រយៈពេល ២ ថ្ងៃគិតចាប់ពីយប់ថ្ងៃទី ២ និងទី ៣ មេសា សមត្ថកិច្ចឃាត់យានយន្តចំនួន ១៥៥ គ្រឿង ក្នុងនោះម៉ូតូ ១៣៤ គ្រឿង និងរថយន្តចំនួន ២១ គ្រឿង ខណៈម្ចាស់យានយន្តតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង ១៤ ថ្ងៃ ទើបអាចមកយកយានវិញបាន។
លោកថា៖ «អ្នកដែលយើងឃាត់យានយន្ត គឺអ្នកដែលអត់មានឯកសារទាំងអស់ បើសិនគាត់ជាអ្នកធ្វើការសេវាកម្មម្ហូបអាហារ អ្នកធ្វើការតាមក្រុមហ៊ុន ឬកម្មករ-កម្មការិនី ដែលគាត់មានលិខិតត្រឹមត្រូវ គឺយើងអនុញ្ញាតមិនមានការឃាត់ទេ»។
លោកបញ្ជាក់ថា៖ «ភាគច្រើនគាត់ដឹងហើយនៅតែល្មើសបម្រាម។ ខ្ញុំគិតថា មិនមែនជាការមិនទទួលបានព័ត៌មាននោះទេ ពីព្រោះខ្ញុំគិតថាការផ្សព្វផ្សាយនេះសឹងតែគ្រប់បណ្តាញផ្សព្វផ្សាយ សូម្បីតែក្នុងមូលដ្ឋាន ឃុំ-សង្កាត់ ក៏ផ្សព្វផ្សាយដែរ»។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ ១៩ ចេញផ្សាយនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ បានហាមការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចាប់ពីចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៥ ព្រឹករយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែ មេសា ២០២១។
ដោយឡែកអាជ្ញាធរខេត្តមួយចំនួនបានរឹតបន្តឹងសកម្មភាពលក់ដូរ និងរឹតបន្តឹងចរាចរណ៍ការចេញ-ចូលក្នុងដែនដីរបស់ខ្លួនក្នុងនោះរួមមាន អាជ្ញាធរស្រុកស្រែអំបិល ខេត្តកោះកុង ស្រុករមាសហែក ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺជាដើម។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា រដ្ឋបាលខេត្តសម្រេចឱ្យសកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័តហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង)។ល។ ដែលបើកបម្រើអតិថិជនទទួលទានត្រូវផ្អាកទទួលភ្ញៀវជាបណ្តោះអាសន្នចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹកជាកំហិត រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។
តែលោកបញ្ជាក់ថា មិនមែនជាការបិទចរាចរណ៍ទូទាំងខេត្តនោះទេ។ «ខ្ញុំមិនមែនបិទចរាចរណ៍ទេ បិទតែហាងផឹកស៊ីទេ គឺមិនឱ្យលក់ទេ ត្រឹមម៉ោង ៨ យប់ទៅ យើងស្នើសុំឱ្យគាត់ឈប់លក់ ឈប់ផឹកស៊ី នៅនឹងកន្លែង (ទិញខ្ចប់ទៅផ្ទះបាន)»។
លោកថា៖ «យើងបិទចរាចរណ៍អត់កើតទេ ដោយសារខេត្តកំពង់ស្ពឺមានបងប្អូនកម្មករ-កម្មការិនីខ្លះនៅភ្នំឱរ៉ាល់គាត់ត្រូវជិះឡានមកធ្វើការងើបពីម៉ោង ៤ មកគាត់ឈរចាំឡានតាមផ្លូវ បើឱ្យគាត់ដើរមកធ្វើការម៉េចទាន់»។
ចំណែកសេចក្តីជូនដំណឹងរបស់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ខេត្តស្វាយរៀងដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១ មេសាឱ្យដឹងថា ដើម្បីគ្រប់គ្រងពលរដ្ឋមានដើមកំណើតក្នុងស្រុករមាសហែក ដែលទៅធ្វើការងារនៅភ្នំពេញតាមបណ្តាខេត្តនានា និងអ្នកនៅក្នុងខេត្តក៏ដោយ បើចង់វិលត្រឡប់មកលំនៅដ្ឋានវិញ ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កតាមព្រំដែន ឬនៅភ្នំពេញចំនួន ១៤ ថ្ងៃ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «បន្ទាប់មក ពេលមកដល់ភូមិកំណើតក្នុងស្រុករមាសហែកត្រូវបង្ហាញខ្លួននៅមណ្ឌលចត្តាឡីស័កកម្រិត ២ ខេត្តស្ថិតនៅភូមិក្រញូង ឃុំមុខដា ដើម្បីពិនិត្យតាមដានសុខភាព ស្គែនកម្ដៅត្រួតពិនិត្យឯកសារឱ្យបានច្បាស់លាស់ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ៧ ថ្ងៃបន្តទៀត ដោយមានការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន»។
អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ដែលជាខេត្តមួយដែលមានអ្នកឆ្លងកូវីដជាច្រើនដែរនោះថ្លែងថា អាជ្ញាធរមូលដ្ឋានក៏បានត្រៀមរួចជាស្រេច ដើម្បីដាក់ចេញបម្រាមគោចរផងដែរ បើសិនមានការឆ្លងរាលដាលខ្លាំង។ «ការរីករាលដាលនៅខេត្តក្នុងកម្រិតមួយដែលអាជ្ញាធរមូលដ្ឋានគាត់គ្រប់គ្រងស្ថានការណ៍បានច្រើន តែតំបន់ខ្លះយើងត្រៀមក្នុងការដាក់បម្រាមគោចរដែរ បើមានផ្ទុះខ្លាំង ប៉ុន្តែតំបន់ខ្លះទៀតនៅដំណើរចរាចរណ៍ និងលក់ដូរធម្មតា»។
ចំណែកខេត្តកោះកុង នគរបាលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយបានរឹតបន្តឹងការធ្វើចរាចរណ៍ចេញ-ចូល នឹងមិនអនុញ្ញាតឱ្យពលរដ្ឋមកពីបណ្តារាជធានី-ខេត្ត ឬពីតំបន់ដែលមានផ្ទុះឆ្លងកូវីដ ១៩ ខ្លាំងចូលទៅក្នុងទឹកដីខេត្តនេះឡើយ លើកលែងតែមានករណីចាំបាច់៕
វីដេអូ៖