ភ្នំពេញៈ គ្រាន់តែ​នៅក្នុង​ខែមករា​ឆ្នាំ ២០២០ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣៥៨ ​ករណី​ ដោយ​បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ២០៦ ​នាក់ និង​របួស​ចំនួន​ ៥៥៩ ​នាក់​។ នេះ​បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១ ខែ​កុម្ភៈ​។

តួលេខ​នេះ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ​គឺ​បាន​កើនឡើង​។ កាលពី​ខែមករា ឆ្នាំ​ ២០១៩ គឺមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៣៣១ លើក​ ដោយ​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ចំនួន ១៤៨ ​នាក់ និង​រងរបួស​ចំនួន ៥១៧ ​នាក់​។

លោក​ ម៉ាន សុផាន់ណា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​ផ្ដល់​របាយការណ៍​អំពី​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែមករា​នេះ ដោយ​លោក​ថ្លែង​ថា​លោក​បាន​ផ្ញើ​ទៅ​ថ្នាក់លើ​ហើយ​។

ក្នុង​ឆ្នាំ​ ២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤ ១២១ លើក​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ១ ៩៨១ ​នាក់ និង​រងរបួស​ចំនួន ​៦ ១៤១ ​នាក់ ដែល​គិត​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​ មាន​អ្នកស្លាប់​ចំនួន​ ៥,៤ ​នាក់​ភាគច្រើន​កើតឡើង​នៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តកណ្ដាល​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានចេញ​សេចក្ដីប្រកាស​មួយ​កាលពី​សប្ដាហ៍​មុន​ដោយបាន​កំណត់​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​លោក​បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ក្នុង​ឆ្នាំ​ ២០១៩ ​គឺ​បាន​កើនឡើង​យ៉ាងគំហុក ដោយ​មាន​អ្នកស្លាប់​កើនឡើង ២២០ ​នាក់​របួស​កើនឡើង ១ ៣៧១​ នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៨​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើង​ថា ការប្រកាស​របស់​លោក ស ខេង គឺ​មិនអាច​ធ្វើ​ឱ្យ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ឡើយ ប្រសិន​បើ​ការពង្រឹង​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​នៅតែ​មិនទាន់​មាន​សកម្មភាព​ជាក់ស្ដែង​ទេ​នោះ​។

លោក​ គង់ រតនៈ បាន​បញ្ជាក់ថា​៖ «​បើ​គ្រាន់តែ​ការប្រកាស​របស់​ថ្នាក់​ដឹកនាំ ដែល​បង្ហាញ​ពី​ឆន្ទៈ​ទេ តែ​វា​អត់​ទាន់​ចេញ​សកម្មភាព​ជាក់ស្ដែង យើង​អត់​ទាន់​អាច​យក​លទ្ធផល​មក​វាស់វែង​ការងារ​បាន​នៅឡើយ​ទេ​។ សម្រាប់​ខ្ញុំ គឺ​រង់ចាំ​មើល ថា​តើ​រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា ឬ​ក៏​ចាត់ចែង​ឱ្យ​មាន​សកម្មភាព​ជា​អាទិភាព​អ្វីខ្លះ​ដោះស្រាយ​លើ​បញ្ហា​នេះ​?»៕