ភ្នំពេញៈ គ្រោះមហន្តរាយពីធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅក្នុងខែមេសាឆ្នាំ ២០២០ បានធ្វើឲ្យមនុស្ស ៥ នាក់ស្លាប់ និងបង្ករបួសចំនួន ៧ នាក់ព្រមទាំងធ្វើឲ្យខូចខាតលំនៅឋានពលរដ្ឋសរុបជាង ២ ០០០ ខ្នង។ នេះបើតាមលោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក សុខា ឲ្យដឹងកាលពីម្សិលមិញថា កាលពីខែមេសាឆ្នាំ ២០១៩ ពុំមានជនរងគ្រោះត្រូវបានរាយការណ៍ថា ស្លាប់ និងរបួសនោះទេ។ លោកបន្តថា៖ «តួលេខនេះបានធ្វើឲ្យចំនួនជនរងគ្រោះគិតចាប់ពីដើមខែមករាដល់ថ្ងៃ ២៧ ខែមេសា ឆ្នាំ ២០២០ កើនដល់ ១៨ នាក់ក្នុងនោះ ៨ នាក់បានស្លាប់ និង ១០ នាក់ទៀតបានរងរបួស ខណៈផ្ទះប្រជាពលរដ្ឋ និងអគារសាធារណៈរបស់រដ្ឋសរុបជាង ៤ ០០០ ខ្នងបានរងការខូចខាត ព្រមទាំងងាប់គោក្របីសរុប ៤ ក្បាល»។
បើតាមលោក សុខា ខេត្តដែលមានជនរងគ្រោះស្លាប់ និងរបួសដោយករណីខ្យល់កន្ត្រាក់ និងរន្ទះបាញ់រួមមានខេត្តតាកែវ ស្លាប់ម្នាក់ដោយរន្ទះបាញ់ខេត្តព្រះសីហនុស្លាប់ ២ នាក់ដោយខ្យល់កន្ត្រាក់ ខេត្តប៉ៃលិន ស្លាប់ម្នាក់ដោយរន្ទះបាញ់ ខេត្តកំពង់ចាម របួស ២ នាក់ដោយខ្យល់កន្ត្រាក់ ស្វាយរៀងស្លាប់ ២ នាក់ដោយរន្ទះបាញ់ និង ២ នាក់ទៀតរងរបួសដោយខ្យល់កន្ត្រាក់ ខេត្តពោធិ៍សាត់របួស ៣ នាក់ដោយខ្យល់កន្ត្រាក់ និងខេត្តឧត្តរមានជ័យស្លាប់ ២ នាក់ និងរបួស ៣ នាក់ដោយរន្ទះបាញ់។
លោកបន្ថែមថា យោងតាមរបាយការណ៍ដែលគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយទទួលបានខេត្តបាត់ដំបងបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងចំណោមខេត្តចំនួន ១៣ ដែលរងការវាយប្រហារដោយបាតុភូតខ្យល់កន្ត្រាក់។ បន្ទាប់មកខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប ប៉ៃលិន ស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវ កំពត កែប ឧត្តរមានជ័យ និងខេត្តកំពង់ធំ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តងាយរងគ្រោះទាំងនោះសូមបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់ដែលនឹងកើតមានកាន់តែច្រើនឡើងថែមទៀតចាប់ពីដើមខែឧសភាខាងមុខនេះទៅ។
លោក សុខា បានណែនាំឲ្យមានការបោះស្នឹង និងទាញខ្សែចងផ្ទះ និងកៀបចងរឹតដំបូលផ្ទះឲ្យបានរឹងមាំល្អ ដើម្បីបង្ការទប់ស្កាត់បាតុភូតខ្យល់កន្ត្រាក់ និងចៀសវាងប្រើប្រាស់ឧបករណ៍ដែលងាយចម្លងអគ្គិសនីក្នុងពេលមេឃកំពុងភ្លៀង និងផ្គររន្ទះ ដើម្បីបង្ការទប់ស្កាត់បាតុភូតរន្ទះបាញ់។
លោក សំ អ៊ុក អធិការស្រុកទឹកឈូ ខេត្តកំពតឲ្យដឹងពីម្សិលមិញថា កាលពីថ្ងៃអាទិត្យភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបង្កការខូចខាតផ្ទះពលរដ្ឋ ១២ ខ្នងនៅក្នុងឃុំចំនួន ៣ រួមមានឃុំកំពង់គ្រែង ឃុំត្រពាំងធំ និងឃុំកំពង់សំរោង៕