ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣ ៨៥០ ២៧៨ ៦៦៣ រៀល និង ៣ ២២៨ ៦៦៨ ដុល្លារអាមេរិក ពីសមាជិកគាំទ្រ និងសមាជិកកិត្តិយសព្រមទាំងពីសប្បុរសជនដែលបានបរិច្ចាគនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២០ ខែមេសានេះ។
សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ផងដែរថា៖ «នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ទេរថវិកាចំនួន ៣ ០០៩ ២៩៦ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព»។
តាមប្រភពដដែល ក្នុងខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៨៩៩ ២១២ ៤៨៩ រៀល និង ៤៦ ៣១១ ដុល្លារអាមេរិក ពីសប្បុរសជន ចំនួន ១៤ ៤៧៧ រូប ក្នុងនោះមានសមាជិកកិត្តិយស ៣ រូប,សមាជិកគាំទ្រ ១៣ ៦៣០ រូប និងសប្បុរសជនផ្សេងៗចំនួន ៨៤៤ រូប។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានសម្ដែងអំណរគុណផងដែរ ចំពោះសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាទាំងនេះ។ ការគាំទ្រនេះ គឺសម្រាប់ទ្រទ្រង់ និងធានាឲ្យបាននូវដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពព្រមទាំងមិនមានការរើសអើងនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារក នៅកម្ពុជា។
ទន្ទឹមនឹងនេះមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានលើកទឹកចិត្តដល់សាធារណជនព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានាឲ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ លានរៀល ឬ ៥ ០០០ ដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ រៀល ក្នុង ១ ខែ ឬ ៦០ ម៉ឺនរៀលក្នុង ១ ឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕