ភ្នំពេញៈ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក​ស៊ុម សុឃីម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១៤ ថ្ងៃ​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ សមត្ថកិច្ច បាន​បង្រ្កាប​បទ​ល្មើស ដែល​បំពាន​នឹង​បម្រាម​របស់​រដ្ឋាភិបាល បាន​ចំនួន ៤០​ករណី ដោយ​ក្នុង​នោះ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ២៤២នាក់ យក​ទៅ​អនុវត្ត​វិធានការ​ចំនួន ៣ តាម​ច្បាប់។

ថ្លែង​ក្នុង​វេទិកា​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែមេសា លោក ស៊ុម សុឃីម បាន​ថ្លែង​ថា ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​សរុប​ទូទាំង​រាជធានី​ភ្នំពេញ​ទាំង ៤០ ករណី​នេះ គឺ​មាន ១៣​ករណី បាន​បញ្ចូន​ទៅ​តុលាការ ព្រោះ​ពាក់​ព័ន្ធ​នឹង​ករណី​ធ្ងន់ធ្ងរ ដែល​មានលក្ខណៈ​ផ្គើន​វិធានការ​របស់​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា៖ «ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ករណី​ធ្ងន់ធ្ងរ ដែល​បាន​បញ្ចូន​ទៅ​តុលាការ ចំនួន ១៣​ករណី ដែល​មាន​មនុស្ស ៤២​នាក់ មាន​ជនជាតិ​ចិន​ចំនួន ១៥​នាក់»។

ចំណែក​ការ​ផាក​ពិន័យ​ជា​អន្តរការណ៍ គឺ​មាន​ ១៣​ករណី ដែល​បាន​ឃាត់​ខ្លួន​ចំនួន ៣៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ៤ នាក់។ ចំណែក១៤​ករណី គឺ​បាន​ប្រើ​ប្រាស់​វិធាន​ការ​អប់រំ​ដោយ​ធ្វើ​កិច្ច​សន្យា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ ដែល​មាន​ឃាត់​ខ្លួន​មនុស្ស ១៦៧ នាក់ ក្នុង​នោះ​ជន​ជាតិ[បរទេស] ១៥ នាក់»។

លោក​បញ្ជាក់​ថា៖ «វិធានការ​រយៈពេល ១៤​ថ្ងៃ​នេះ ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង គឺ​សមត្ថកិច្ច​យើង បាន​ធ្វើ​ការ​ឃាត់​នូវ​ការ​ផ្តល់​ព័ត៌មាន នូវ​ការ​បង្ក​ព័ត៌មាន​ញុះ​ញង់ បង្កើត​ចលាចល ហើយ​នឹង​អ្នក​ធ្វើ​ដំណើរ​ទាំង​ជនជាតិ​បរទេស និង​ខ្មែរ ដែល​បង្ក​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់វិធានការ​បិទ​ខ្ទប់»។

មន្ត្រី​នគរបាល​រូប​នេះ​បាន​ព្រមាន​ថា ចំពោះ​មុខ​ក្នុង​រយៈពេល ១ សប្តាហ៍​បន្ត​នៃ​ការ​បិទ​ខ្ទប់​នេះ សមត្ថកិច្ច នៅតែ​អនុវត្ត​វិធានការ​ចំនួន ៣ គឺ​ការ​បញ្ចូន​សំណុំ​រឿង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ វិធានការ​ពិន័យ​ជា​អន្តរការណ៍ និង​វិធាន​ការ​ធ្វើ​កិច្ច​សន្យា​អប់រំ​ដដែល អម​ជាមួយ​នឹងវិធានការ​នៃ​ការ​បិទ​ខ្ទប់​យ៉ាង​ម៉ឺង​ម៉ាត់​បន្ថែម​ទៀត ដើម្បី​បង្ការ​ការ​ឆ្លង​រីករាល​ដាល។

លោកថា៖ «ក្នុង​វិធានការ​បន្ថែម​ទៀត​នេះ គឺ​ច្បាស់ណាស់ តំបន់​ក្រហម និង​លឿងទុំ គឺ​ត្រូវ​តែ​តឹង​តែង​ជាង​មុន​ហើយ មិន​អាច​បណ្តែតបណ្តាយ​បាន​ទេ ព្រោះ​យើង​នឹង​មិន​អាច​គ្រប់គ្រង​សភាពការណ៍​បាន​ទេ [បើ​បណ្តែត​បណ្តោយ]»។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ដែរ​ថា ចំពោះ​កម្លាំង​កង​រាជ​អាវុធហត្ថ គឺ​បាន​ត្រៀម​កម្លាំង​រួច​រាល់ និង​បាន​កំណត់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ច្បាស់​លាស់ ជាពិសេស គឺ​ការ​បង្រ្កាប​ការ​រត់​ពន្ធ​មនុស្ស ចេញ​ពី​តំបន់​បិទ​ខ្ទប់។

លោក​ថ្លែង​ថា៖ «កម្លាំង​របស់​យើង​កំពុង​តែ​ត្រូវ​ពិនិត្យ​នៅ​តាម​បណ្តា​គោលដៅ ដែល​គោលដៅ​ណា​សំខាន់ ហើយ​អាច​គោលដៅ​ណា អាច​ឲ្យ​មាន​ការ​ចរាចរណ៍​បាន។ ពាក់ព័ន្ធ​ច្បាប់​នេះ គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន បើ​មាន​បទ​ល្មើស យើង​ត្រូវ​តែ​បង្ក្រាប ចំពោះ​អ្នក​ដែល​រត់​ពន្ធមនុស្ស ហើយ​ឃើញ​ជាក់​ស្តែង ដោយ​មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់ គឺ​នឹង​បញ្ចូន​ទៅ​តុលាការ»។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លើក​ឡើង​ថា ក្នុង​ស្ថានភាព​នៅ​កម្ពុជា និង​ចាប់​តាំង​ពី​មាន​ពេល​បិទ​ខ្ទប់នេះ​មក គឺ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ខ្វះខាត​នូវ​ស្បៀងអាហារ។

ជាមួយគ្នា​នេះ ក៏​មាន​ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើ​ប្រាស់​ឱកាស​នេះ ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ។ ប៉ុន្តែ​លោក ចង់​ឲ្យ​តុលាការ​គួរ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​មើល​ឲ្យ​ចំ​ឫសគល់​នៃ​បញ្ហា មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ណា​ម្នាក់។

លោកបញ្ជាក់ថា៖ «ចំណុច​មួយ​ចំនួន អាជ្ញាធរ គួរតែ​មាន​ការ​ពិចារណា​ដែរ ជាពិសេស ការ​សម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការ​បន្ត​បិទ​ខ្ទប់ ដែល​គួរ​តែ​មាន​ការ​បន្ធូរ​ដែរ ដូចជា ការ​ផ្តល់​លទ្ធភាព​នៃ​ការ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ដែល​ធ្វើ​ការ​តាម​ក្រុមហ៊ុន និង​អង្គការ​នានា អាច​ធ្វើ​ដំណើរទៅ​[ធ្វើការ]​បាន ក្នុង​ការ​រក្សា​គម្លាត»។

ការ​ស្នើ​យ៉ាង​ដូច្នេះ ដោយ​លោក​មើលឃើញ​ថា ការ​អនុញ្ញាត​ដល់​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទ​ខ្ទប់ គឺ​ហាក់​មាន​លក្ខណៈ​ចង្អៀត ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន ត្រូវ​បាន​ជាប់គាំង៕