ភ្នំពេញៈ ក្រសួងយុត្ដិធម៌បានប្រកាសលទ្ធផល ១៥០ ថ្ងៃនៃការអនុវត្ដយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ដទូទាំងប្រទេសបន្ទាប់ពីចាប់ផ្តើមអនុវត្ដកាលពីថ្ងៃ ១៨ ឧសភា ក្នុងនោះបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌកកស្ទះសរុបបាន ២៧ ៧០០ សំណុំរឿងស្មើនឹង ៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។
ការប្រកាសលទ្ធផលនេះធ្វើឡើងក្រោយកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល ១៥០ ថ្ងៃ នៃការអនុវត្ដយុទ្ធនាការនេះក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទូទាំងប្រទេសផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្ដិធម៌ឱ្យដឹងថា៖ «ជាលទ្ធផលសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះមានចំនួនសរុបជាង ២៧៧០០ សំណុំរឿងស្មើនឹង ៧១% នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះ»។ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាង ២០២០០ សំណុំរឿងស្មើនឹង ៦១%។
ជាមួយនឹងលទ្ធផល នេះ គ.យ.ក .ស ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៥ រួមមាន ខេត្តសៀមរាប កោះកុង កំពត បន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។ គ.យ.ក.ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មប្រកបដោយ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការជំរុញការអនុវត្តយុទ្ធនាការនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។
គ.យ.ក.ស រំពឹងថា សាលាដំបូងផ្សេងទៀតនឹងសម្រេចបាននូវសមិទ្ធផលការងារ ដើម្បីឈានទៅរកការប្រកាសអំពីភាពជោគជ័យនៃការអនុវត្តយុទ្ធនាការនេះជាបន្តបន្ទាប់។ គ.យ.ក.ស ក៏សង្ឃឹមផងដែរថា តួអង្គពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មថែមទៀតសំដៅរួមចំណែកធ្វើឱ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត អាចសម្រេចលទ្ធផលបានតាមផែនការដែលបានគ្រោងទុក ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញ ថាការប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង ៥ ខាងលើពីព្រោះទាំងនេះបានដោះស្រាយបញ្ចប់នូវសំណុំរឿងដែលកកស្ទះ។
លោកថ្លែងថា៖ «ខេត្ដទាំង ៥ នេះបានបញ្ចប់ជោគជ័យ ១០០%។ ប៉ុន្ដែបើនិយាយទូទាំងប្រទេសសំណុំរឿងចាស់ គឺសំណុំរឿងដែលកកស្ទះគិតចាប់ពីត្រឹមថ្ងៃទី ១៨ ខែឧសភា ចាប់ពីពេលដែលយើងចាប់ផ្ដើមអនុវត្ដយុទ្ធនាការនេះគឺដោះស្រាយបាន ៧១ ភាគរយក្នុងចំណោមសំណុំរឿងសរុបជិត ៤ ម៉ឺនសំណុំរឿង»។
លោក ម៉ាលីន បញ្ជាក់ថា តាមរយៈលទ្ធផលរយៈពេល ១៥០ ថ្ងៃនេះ គ.យ.ក.ស រំពឹងទុកថា សាលាដំបូងរាជធានីខេត្ដដែលមិនទាន់ប្រកាសជោគជ័យ និងប្រកាសជោគជ័យជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗខាងមុខ ហើយនឹងបិទបញ្ចប់យុទ្ធនាការនេះទូទាំងប្រទេសនៅមុនដំណាច់ឆ្នាំនេះ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងថានេះជាការល្អចំពោះលទ្ធផលនៃការដោះស្រាយសំណុំរឿងដែលកកស្ទះនេះ។ ប៉ុន្ដែជាបទពិសោធក្នុងយុទ្ធនាការនេះ ក្រសួងយុត្ដិធម៌ និងតុលាការនៅតាមសាលាដំបូង រាជធានី-ខេត្ដគួរតែមានវិធានការគ្រប់គ្រងចំពោះសំណុំរឿងនៅតាមកន្លែងរបស់ខ្លួនឱ្យបានល្អ និងមានចំណាត់ការឱ្យបានទាន់ពេលវេលាចៀសវាងការកកស្ទះ។
លោកថ្លែងថា៖ «កាលណាការដោះស្រាយសំណុំរឿងដែលកកស្ទះដោយបង្ខំ ក្នុងរយៈពេលខ្លី វាមិនអាចធ្វើការដោះស្រាយសំណុំរឿងនោះបានល្អប្រសើរ និងយុត្ដិធម៌ទេ។ ដូច្នេះគួរតែមានការគិតគូរពីប្រព័ន្ធនៃការគ្រប់គ្រងសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ដក្នុងពេលវេលាកំណត់ច្បាស់លាស់ ត្រឹមត្រូវ ដើម្បីកុំឱ្យសំណុំរឿងមានការកកស្ទះទៀត»៕