ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​មនុស្ស​ជិត ២ ០០០ នាក់ ដែល​បាន​ល្មើស​នឹង​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​នៅ​ក្នុង​រយៈពេល ១ ខែ​កន្លង​មក​នេះ គិត​ចាប់​ពី​ថ្ងៃទី ១៥ មេសា ដល់​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ ២០២១។

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៦ ខែ​ឧសភា​នេះ​ថា​ មនុស្ស​ប្រមាណ​ជិត ២ ០០០ នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នេះ ចែក​ជា​ ២ ដំណាក់កាល។

ទី១ ការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី ១៥ ខែ​មេសា រហូត​ដល់ ថ្ងៃទី ៥ ឧសភា និង​ដំណាក់កាល​ទី២ ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី ១៥ ខែ​ឧសភា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បន្ត​អនុវត្ត​បម្រាម​គោចរ​ចាប់​ពី​ម៉ោង ៨ យប់​ រហូត​ដល់​ម៉ោង ៣ ទៀប​ភ្លឺ។

លោក​ថ្លែង​ថា៖ «ក្នុង​រយៈពេល ១ ខែ​មក​នេះ សរុប​ទៅ​យើង​ឃាត់​បាន​មនុស្ស ១ ៩៤០ នាក់ តុលាការ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ១១ នាក់ កំពុង​សាកសួរ​នៅ​តុលាការ ៣ នាក់ ហើយ​យើង​បាន​ធ្វើ​ការ​អប់រំ​ណែនាំ ១ ២៩៨ នាក់ បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក ២៩១ នាក់ និង​ព្យាបាល​កូវីដ​ចំនួន ៤ នាក់ ហើយ​និង​ពិន័យ​អន្តរការណ៍ ៣៣៣ នាក់»។

បើ​តាម​លោក សាន សុខសីហា ការ​ឃាត់​ខ្លួន​មនុស្ស​ដែល​មាន​ការ​បែងចែក​អ្នក​ខ្លះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ អ្នក​ខ្លះ​ពិន័យ​អន្តរការណ៍​ព្រម​ទាំង​អ្នក​ខ្លះ​ទៀត ត្រូវ​ទទួល​បាន​ការ​អប់រំ​ណែនាំ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយសារ​តែ​ស្ថានភាព​ទោស​មាន​សភាព​ផ្សេងៗ​ពី​គ្នា។

លោក​បាន​ថ្លែង​ថា៖ «យើង​ឃើញ​ស្រាប់​ហើយ​អ្នក​ខ្លះ​គាត់​រត់​ទៅ​តាម​ខេត្ត​តាម​អី​ឆ្លង​កូវីដ ១៩ ទៅ​អ្នក​ផ្សេង​អាហ្នឹង គឺ​ជា​ស្ថានភាព ១ ធ្ងន់ធ្ងរ ដែល​យើង​ត្រូវ​តែ​បញ្ជូន​ទៅ​តុលាការ ហើយ​ទាក់ទង​នឹង​ការ​បើកបុក​បារ៉ាស់ វ៉ៃ​មក​លើ​សមត្ថកិច្ច ការ​កាត់​ខ្សែ​កន្លែង​របាំង​ហាម​ឃាត់ បិទ​ខ្ទប់​អីហ្នឹង សុទ្ធ​តែ​ជា​ទោសទណ្ឌ»។

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​បញ្ជាក់​ថា ចំពោះ​ការ​អប់រំ​ណែនាំ​មាន​ន័យ​ថា បងប្អូន​ប្រជាពលរដ្ឋ​អត់​មាន​បង្ក​បញ្ហា​អី​ទេ គាត់​គ្រាន់​តែ​ចេញ​មក​ក្រៅ​ផ្ទះ​ជិតៗ ទើប​សមត្ថកិច្ច​ធ្វើ​ការ​ណែនាំ​គាត់​ឲ្យ​មាន​ការ​យល់ដឹង។ ចំណែក​អ្នក​ដែល​ពិន័យ​អន្តរការណ៍​វិញ ជា​ទូទៅ​ច្រើន​តែ​អនុវ​ត្តចំពោះ​អ្នក​ដែល​ល្មើស​មាន​ការ​ជួបជុំ ផឹក​ស៊ី ឬ​ក៏​ជួបជុំ​នៅ​ហាង​មួយ​ចំនួន ដែល​គេ​ហាម​ឃាត់​ហើយ​ពួក​គាត់​នៅ​តែ​បំពាន​ទៅ​ជួប​ជុំ​គ្នា​ទៀត។

លោក​ថា៖ «យើង​និយាយ​ជា​រួម​មក គឺ​អាជ្ញាធរ​មាន​ការ​យោគយល់​ច្រើន យើង​មាន​ការ​អប់រំ​ណែនាំ​គាត់​ច្រើន ហើយ​យើង​គិត​ថា លើកលែង​តែ​បទល្មើស​ហ្នឹង​វា​ធ្ងន់ធ្ងរ​ណាស់ ទើប​យើង​ធ្វើ​ការ​បញ្ជូន​គាត់​ទៅ​កាន់​តុលាការ»។

លោក សាន សុខសីហា បញ្ជាក់​បន្ថែម​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​អនុវត្ត​ល្បាត​តាម​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ជា​ប្រចាំ ពិសេស​អនុវត្ត​បម្រាម​គោចរ​ពេល​យប់ ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ៣ ទៀប​ភ្លឺ តាម​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ថ្នាក់​ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

លោក​ថ្លែង​ថា៖ «ក្នុង​ការ​ល្បាត​នោះ មាន​ការ​ចល័ត​កងកម្លាំង​សមត្ថកិច្ច​រាល់​យប់ នៅ​គ្រប់​ខណ្ឌ​ដែល​ដឹកនាំ​ដោយ​ស្នងការ​រង ដើម្បី​ត្រួត​ពិនិត្យ​ការ​អនុវត្ត​បម្រាម​គោចរ​នេះ។ ឯ​ការ​ល្បាត​នោះ​ទៀត​សោធ ក៏​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពល​រដ្ឋ​ផង​ដែរ»៕

វីដេអូ៖