ភ្នំពេញៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ បាន​ធ្វើការ​ចោទប្រកាន់​ក្មេង​ជំទង់​វ័យ​ ១៦ ឆ្នាំ​ម្នាក់​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥ ឆ្នាំ និង​បទ​ចែកចាយ​រូបភាព​អាសអាភាស ហើយ​នៅពេល​នេះ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបអង្កេត​។

លោក កែវ ធា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​បញ្ជូន​ជនសង្ស័យ​មក​ការិយាល័យ​របស់​លោក​។ លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ទទួល​បាន​ជនសង្ស័យ​ពី​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ ២-៣ ​ថ្ងៃ​មក​ហើយ ហើយ​យើង​បាន​បញ្ជូន​គាត់​មក​កាន់​តុលាការ​ហើយ​។ ករណី​របៀប​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ វា​មាន​ច្រើន​ករណី​រួច​មក​ហើយ​។ យើង​មាន​ភ័ស្តុតាង ហើយ​យើង​បាន​សង្ស័យ​គាត់​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន និង​ចែករំលែក​រូបភាព​អាសអាភាស​របស់​អនីតិជន​។

តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា ជនសង្ស័យ និង​ជនរងគ្រោះ គឺ​រៀន​នៅ​សាលា​ជាមួយ​គ្នា​។ ជនសង្ស័យ​ធ្លាប់​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​។ ក្រោយ​មក​បាន​គំរាម​ជនរងគ្រោះ​ចែករំលែក​រូបភាព​អាសអាភាស​របស់​ជនរងគ្រោះ​ដែល​បាន​ថត​ក្រោយ​ពេល​ជនរងគ្រោះ​មិន​ព្រម​តាម​សំណើ​។

លោក គុជ គឹមឡុង ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា លោក​បាន​បញ្ជូន​ករណី​នេះ​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ធ្វើការ​ចោទប្រកាន់​គាត់​ (​ជនសង្ស័យ​) រួច​ហើយ​។ ជនសង្ស័យ​មាន​ឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ ១៦ ឆ្នាំ​។ ជនរងគ្រោះ​មាន​អាយុ​ ១៤ ​ឆ្នាំ​។ សំណុំ​រឿង​នេះ​នៅក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​៕