រតនគិរីៈ ក្មេងប្រុសម្នាក់ត្រូវបានសត្វដំរីឈ្មោល ១ ក្បាល ប្រើប្រមោយចាប់បោកផ្ទប់ទៅនឹងដើមឈើបណ្ដាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២០ នៅចំណុចភ្នំក្រូចស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង ២ ស្រុកលំផាត់។
លោក សាយ ឃីលី នាយប៉ុស្តិ៍ឃុំល្បាំង ២ បានថ្លែងពីថ្ងៃអាទិត្យថា កុមារារងគ្រោះឈ្មោះ ហៀក ជីវៈ អាយុ ១០ ឆ្នាំ ជាជនជាតិព្រៅមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ មុនពេលកើតហេតុកុមាររងគ្រោះបានជិះម៉ូតូតាមពីក្រោយឪពុកមារបស់គេឈ្មោះ ប៊ុនរឿង ផ្លាល អាយុ ៣១ ឆ្នាំ ដែលជាហ្មដំរី និងដែលកំពុងជិះដំរីឈ្មោល ១ ក្បាលនោះ ឆ្ពោះទៅកាន់ទីវាលខាងក្រោយភ្នំក្រូច ដើម្បីចងវាឲ្យស៊ីល្បាស់ព្រៃដែលដុះនៅក្នុងតំបន់នោះ។
លោក ឃីលី បន្តថា បើតាមការអះអាងរបស់លោកផ្លាលដែលជាឪពុកមាកុមាររងគ្រោះពេលទៅដល់ចំណុចកើតហេតុសត្វដំរីនោះក៏បានងាកក្បាលត្រឡប់មកក្រោយ ហើយយកប្រមោយវាយទៅលើកុមាររងគ្រោះបណ្ដាលឲ្យដួលម៉ូតូ បន្ទាប់មកវាក៏ចាប់កុមាររងគ្រោះគ្រវែងផ្ទប់ទៅលើដើមឈើ ដែលដុះនៅក្បែរទីវាលនោះបណ្ដាលឲ្យរងរបួសធ្ងន់។
លោកបានថ្លែងដោយលើកយកសម្ដីរបស់លោក ផ្លាល មកបញ្ជាក់ថា៖ «ពេលនោះខ្ញុំនៅមិនទាន់ចុះពីខ្នងដំរីនោះផងនៅឡើយទេ។ ខ្ញុំបានទាញពូថៅពីចង្កេះកាប់ដំរីនោះរហូតដល់បាក់ដងពូថៅ បន្ទាប់មកខ្ញុំក៏ទាញដែកកង្វេរមកចាក់រហូតដល់សត្វដំរីនោះបាក់ខ្លប ទើបខ្ញុំលោតចុះពីលើខ្នងរបស់វាមកដីហើយរត់ទៅលើកក្មួយប្រុសរបស់ខ្ញុំរួចដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ប៉ុន្តែដោយរបួសធ្ងន់ពេក ក្មួយប្រុសរបស់ខ្ញុំក៏បានដាច់ខ្យល់ស្លាប់ក្រោយពេលទៅដល់មន្ទីរពេទ្យបានប្រមាណជា ១០ នាទី»។
លោក ជ្រឿយ ប៊ុនរឿង ដែលជាជីតាកុមាររងគ្រោះ និងជាប្រធានក្រុមហ្មដំរីនៃសមាគមដំរីអៃរាវតា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ដំរីឈ្មោលដែលវាយប្រហារចៅប្រុសរបស់លោកដល់ស្លាប់នោះមានឈ្មោះ បួក ម៉ាយ អាយុ ៣២ ឆ្នាំ វាមានចរិតស្លូតបូតគួរឲ្យស្រឡាញ់វាចេះលុតក្រាប និងរាំយ៉ាងល្អប្រសើរ ហើយវាក៏មិនដែលបង្កបញ្ហាដល់ហ្មដំរី ឬកូនចៅអ្នកភូមិណាម្នាក់ឡើយ។ លោកបន្តថា៖ «អាម៉ាយជាដំរីល្អចេះស្ដាប់បង្គាប់ ប៉ុន្តែឥឡូវនេះវាបានបង្ហាញចរិតកាចសាហាវពីធម្មជាតិមកវាយប្រហារលើចៅប្រុសរបស់ខ្ញុំរហូតដល់ស្លាប់»។
អ្នកស្រី ជួន សាម៉ី ប្រធានគ្រប់គ្រងសមាគមដំរីអៃរាវតា ខេត្តរតនគិរីថ្លែងថា៖ «យើងពិតជាមានការសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ។ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យក្រុមគ្រួសារកុមាររងគ្រោះសងសឹកទៅលើបួកម៉ាយ នោះវិញបានទេ ព្រោះវាជាដំរីស្រុក (ពូជដំរីអាស៊ី) ដែលកំពុងប្រឈមការជិតផុតពូជ»។ បើតាមអ្នកស្រី សាម៉ី ពេលនេះបួក ម៉ាយ កំពុងត្រូវបានចងទុកនៅក្រោមម្លប់ដើមឈើនៃតំបន់ការពារ និងអភិរក្សដំរីអៃរាវតាក្រោមការថែទាំនិងផ្ដល់ចំណីអាហារពីសមាគមដំរីអៃរាវតា។
ដំរីឈ្មោលឈ្មោះ បួក ម៉ាយ ត្រូវបានគេនាំមកពីភូមិ-ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីជាទីដែលវាធ្លាប់បានសម្លាប់ម្ចាស់របស់វាម្នាក់ឈ្មោះ ម៉ុប ស្រេង អាយុ ៤៥ ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ ២០១៦ ដោយសាតែពេលនោះ វាចុះប្រេង (រកញី)។ វាបានបង្កការអុកឡុក និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ និង អន្តរជាតិដែលទស្សនាខេត្តមណ្ឌលគិរី។ វាត្រូវបានក្រុមមន្ត្រីជំនាញពីមជ្ឈមណ្ឌលសួនសត្វភ្នំតាម៉ៅចុះបង្ក្រាបរយៈពេល ៣ ថ្ងៃ ដោយប្រើដំរីញី ៤ ក្បាល និងថ្នាំសណ្ដំបាញ់ទៅលើវាទើបអាចចាប់ និងគ្រប់គ្រងវាបាន៕