បន្ទាយមានជ័យៈ ក្មេងប្រុស-ស្រីជាបងប្អូនជីដូនមួយគ្នា បានលង់ទឹកស្លាប់ ដោយសមត្ថកិច្ចសង្ស័យថា អាចមកពីដើររអិលជើងធ្លាក់ចូលស្រះ ខណៈម្តាយឪពុករបស់ពួកគេកំពុងជាប់រវល់ក្នុងកម្មវិធីឡើងផ្ទះថ្មី កាលពីថ្ងៃទី ១៣ ខែ សីហា នៅភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក គង់ ផល្លី នាយរងប៉ុស្តិ៍នគរបាលសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានប្រាប់កាលពីម្សិលមិញថា ក្មេងរងគ្រោះទាំង ២ នាក់នោះជាបងប្អូនជីដូនមួយនឹងគ្នា ដែលមានម្នាក់ឈ្មោះ ជា ដាវរី ភេទស្រី អាយុ ៥ ឆ្នាំ មានម្តាយឈ្មោះ ដុក ធីតា និងឪពុក ឈ្មោះ ង៉ាន់ សុជាតិ មានលំនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកសពក្មេងប្រុសមានឈ្មោះ ត្រាំ សាន់ អាយុ ៦ ឆ្នាំ ដែលមានឪពុក ឈ្មោះ ហេង ត្រាំ និងម្តាយ ឈ្មោះ ង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ផល្លី ប្រាប់ឲ្យដឹងថា នាថ្ងៃកើតហេតុនោះ នៅផ្ទះរបស់ក្មេងស្រីរងគ្រោះ មានធ្វើពិធីឡើងផ្ទះថ្មី ហើយបានហៅបងប្អូន និងសាច់ញាតិរបស់ខ្លួនមកពីខេត្តបាត់ដំបង និងផ្សេងទៀត ដើម្បីមកចូលរួមក្នុងពិធីនៅភូមិកើតហេតុខាងលើ។ លុះដល់ពេលចប់កម្មវិធីនៅវេលាម៉ោងប្រហែល ២ រសៀល ឪពុកម្តាយក្មេងរងគ្រោះទាំង ២ នាក់ បាននាំគ្នាដើររកកូន តែមិនឃើញ។
លោកបន្តថា ពេលនោះម្តាយក្មេងស្រីរងគ្រោះ បានទៅសួរស្រ្តីអ្នកធ្វើម្ហូបសម្រាប់កម្មវិធីនោះ ហើយគាត់ក៏បានប្រាប់ថា បានឃើញក្មេងប្រុស-ស្រី ២ នាក់នោះ នាំគ្នាដើរសំដៅទៅស្រះទឹកដែលនៅក្បែរនោះ។ ពេលឮដូច្នេះម្តាយឪពុកក្មេងរងគ្រោះបាននាំគ្នាដើរទៅរក ហើយពេលទៅដល់ពួកគេបានឃើញតែខោអាវ និងស្បែកជើងនៅលើគោក ហើយក៏នាំគ្នាចុះស្រះទឹកនោះដើម្បីរាវរកកូន ក៏ស្រាប់តែប្រទះឃើញពួកគេនៅក្នុងទឹកហើយបានស្រង់ចេញមកលើគោករលាក់ទឹកចេញពីក្នុងខ្លួន តែពួកគេបានស្លាប់បាត់ទៅហើយ។
លោកប្រាប់ថា ចំពោះទីតាំងស្រះទឹកនោះ មានចម្ងាយពីផ្ទះកើតហេតុប្រហែលតែ ៥០០ ម៉ែត្រប៉ុណ្ណោះ តែមិនមែនជារបស់ម្តាយក្មេងរងគ្រោះទេ តែជាស្រះទឹករបស់អ្នកជិតខាងដែលគេជីកសម្រាប់យកអាចម៍ដី។ បើគិតពីមាត់ស្រះទៅបាតក្រោមមានជម្រៅប្រហែលជា ២ ម៉ែត្រប៉ុណ្ណោះ។ រីឯទឹកនៅក្នុងស្រះនោះមានជម្រៅតែត្រឹមចង្កេះមនុស្សចាស់ទេ ប៉ុន្តែអាចមកពីពួកគេនៅក្មេង មិនចេះប្រវេប្រវាឡើងមកលើគោកបាន ទើបជួបគ្រោះថ្នាក់ដល់ជីវិតបែបនេះ។
លោកថា៖ «អាចក្មេងរងគ្រោះរអិលជើង ទៅកន្លែងទឹកជ្រៅ ហើយពួកគេឡើងមកលើវិញមិនបាន»។
លោក ផល្លី ប្រាប់ថា ក្រោយមានហេតុការណ៍នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់អូរអំបិលបានចុះទៅធ្វើកោសល្យវិច័យលើសាកសពក្មេងរងគ្រោះទាំង ២ នាក់នោះ និងបានពិនិត្យឃើញថា ពួកគេមិនមែនស្លាប់ដោយនរណាម្នាក់ធ្វើឃាតទេ៕