ស្វាយរៀងៈ កាលពីព្រឹកថ្ងៃម្សិលមិញ កុមារី ២ នាក់ដែលជាបងប្អូនបង្កើត រួមទាំងកុមារាម្នាក់ទៀតដែលរស់នៅភូមិជាមួយគ្នា ស្ថិតក្នុងភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានលង់ទឹកស្លាប់ ក្រោយពីពួកគេបាននាំគ្នាជិះទូកត្នោតចុះទៅរកគ្រំនិងបេះផ្កាឈូក នៅក្នុងព្រែក ដូនស។
លោកស្រី ជា ស៊ឹម មេឃុំដូនសប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា អ្នកភូមិដូនសបានឃើញកុមារទាំង ៣ នាក់ ដែល ២ នាក់ជា បងប្អូនស្រីបង្កើតឈ្មោះជុន ស្រី នាង អាយុ ១៤ ឆ្នាំ និងឈ្មោះ ជុន ស្រីណិត អាយុ ១១ ឆ្នាំ រួមទាំងកុមារម្នាក់ទៀតឈ្មោះ លី រតនា អាយុ ៧ ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយជីដូន បានបបួលគ្នាចុះទៅព្រែកកាលពីវេលាម៉ោងប្រហែល ៨ ព្រឹក ហើយក្រោយមកក្មេងទាំងនោះ ក៏ត្រូវបានគេរកឃើញថា ស្លាប់ ដោយសារជិះទូកត្នោតហើយលិចនៅក្នុងព្រែកជាមួយគ្នា។
លោកស្រីបន្តថា តាមការលើកឡើងរបស់អ្នកភូមិ គឺក្មេងរងគ្រោះស្លាប់ទាំងនោះ អាចមានបំណងទៅរកគ្រំនិងបេះឈូកពីព្រែក ហើយអាចទូកត្នោតដែលពួកគេជិះជ្រាបទឹកចូលឬការប្រឡែងគ្នា ទើបធ្វើឱ្យទូកក្រឡាប់លិច ស្របពេលពួកគេពុំចេះហែលទឹក។
លោកស្រីថា៖ «សាកសពត្រូវបានគេរកឃើញនិងស្រង់ឡើងគោកនៅវេលាម៉ោងជាង ១០ ព្រឹក។ អាទូកហ្នឹងវាលិចដោយសារទឹកវាហូរចូលក្នុងទូក ហើយគេរកឃើញ គឺ (ក្មេងស្លាប់ហ្នឹង) នៅឱបទូកទាំង ៣ នាក់»។
មេឃុំរូបនេះបញ្ជាក់ថា មូលហេតុធ្វើឱ្យក្មេងទាំង ៣ នាក់ នាំគ្នាចេញទៅរកគ្រំនិងបេះផ្កាឈូកនៅព្រែក គឺដោយសារឪពុកម្ដាយក្មេងស្រីទាំង ២ រវល់យកកូនម្នាក់ទៀតកើតជំងឺគ្រុនឈាម ទៅព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងទីរួមខេត្ត និងស្របពេលយាយរបស់កុមារឈ្មោះ លី រតនាកំពុងរវល់ធ្វើនំបាញ់ឆេវលក់នៅឯផ្សារ។
លោកស្រីថា៖ «ឪម៉ែក្មេងស្រីហ្នឹង គឺយកកូនទៅដេកពេទ្យនៅទីរួមខេត្តស្វាយរៀង ហើយដល់ពេលឪពុកត្រឡប់មកដេកយាមផ្ទះវិញក៏សួររកកូនស្រាប់តែបាត់កូន ហើយក៏ឆោឡោទៅ ទើបក្រោយមកដឹងថាកូនលង់ទឹកហ្នឹង»។
លោក យឹម សារ៉ាយ មេភូមិដូនស បញ្ជាក់ដែរថា កន្លងមកមិនដែលមានក្មេងក្នុងភូមិចុះទៅលេងទឹកព្រែកឡើយ។ តាមពិត ក្មេងទាំង ៣ នាក់ គឺត្រូវទៅរៀន ប៉ុន្តែដោយសារជាថ្ងៃដែលគ្រូឈប់រវល់ប្រជុំ ទើបធ្វើឱ្យ ក្មេងៗទាំងនោះ ទំនេរ និងបាននាំគ្នាទៅជិះទូករកគ្រំ និងបេះឈូកនៅព្រែក។
លោក ទិត សុធា មេប៉ុស្ដិ៏ឃុំដូនស អះអាងថា ការស្លាប់ក្មេងទាំង ៣ នាក់មិនពាក់ព័ន្ធនឹងករណីឃាតកម្មទេ៕