កណ្តាលៈ ក្មេងប្រុស-ស្រី ៣ នាក់បងប្អូនដែលបានលួចលុយអ្នកភូមិក្បែរផ្ទះជិត ៣ ០០០ ដុល្លារហើយយកទៅទិញម៉ូតូ ១ គ្រឿងនៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលកាលពីថ្ងៃទី ២៤ មីនាត្រូវបានសមត្ថកិច្ចដោះលែងកាលពីថ្ងៃទី ២៥ ខែមីនាដោយសារពួកគេមិនទាន់គ្រប់អាយុ ប៉ុន្តែតម្រូវឲ្យឪពុកម្តាយជាអ្នកចេញសំណងទៅជនរងគ្រោះ ហើយម៉ូតូត្រូវបានសមត្ថកិច្ចរឹបអូស។
ក្មេងទាំង ៣ នាក់ដែលជាបងប្អូនបង្កើតនឹងគ្នានេះម្នាក់ភេទប្រុស អាយុ ១២ ឆ្នាំម្នាក់ភេទស្រី អាយុ ១៣ ឆ្នាំពួកគេជាសិស្សសាលា ចំណែកម្នាក់ទៀតភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរជាងភ្លើង ពួកគេមានលំនៅក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា បើតាមអាយុរបស់ពួកគេទាំង ៣ នាក់គឺមានម្នាក់គ្រប់អាយុតាមច្បាប់កំណត់ហើយ ប៉ុន្តែដោយសារព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្តាលផ្តល់លទ្ធភាពទៅខាងក្រុមគ្រួសារក្មេង គ្រាន់តែតម្រូវឲ្យម្តាយឪពុកពួកគេចេញសំណងទៅម្ចាស់លុយប៉ុណ្ណោះ។
ក្មេងទាំង ៣ នាក់ពេលលួចលុយបានហើយគឺពួកគេយកទៅទិញម៉ូតូ ១ គ្រឿងអស់ហើយ ប៉ុន្តែសមត្ថកិច្ចតម្រូវឲ្យអាណាព្យាបាលចេញសងជាលុយគ្រប់ចំនួនឲ្យទៅជនរងគ្រោះវិញ។
លោកបញ្ជាក់ថា៖ «ពួកគេមិនទាន់គ្រប់អាយុអ៊ីចឹង សមត្ថកិច្ចឲ្យឪពុកម្តាយជាអ្នកទទួលបន្ទុកសង។ ខ្ញុំគ្រាន់តែហៅមកសាកសួរទេ»។
លោកឲ្យដឹងបន្ថែមថា ចំពោះម៉ូតូគឺសមត្ថកិច្ចបានដកហូត ហើយមិនប្រគល់ទៅឲ្យឪពុកម្តាយក្មេងទេ។ រីឯការចេញសំណងជាសាច់លុយនោះគឺជាបន្ទុករបស់ឪពុកម្តាយពួកគេ។ សមត្ថកិច្ចយល់ថា ឪពុក ម្តាយ ត្រូវធ្វើយ៉ាងណាបង់សំណងទៅជនរងគ្រោះ។
បើតាមលោក សុខឃឿន សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទាំង ៣ នាក់បងប្អូននោះកាលពីវេលាម៉ោង ១៩ និង ៥០ នាទីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។ ចំណែកទ្រព្យសម្បត្តិដែលពួកគេលួចនោះរួមមាន ប្រាក់ដុល្លារជិត ៣ ០០០ ដុល្លារប្រាក់រៀល ៥០ ម៉ឺនរៀល ហើយម៉ូតូដែលសមត្ថកិច្ចចាប់ដកហូត ១ គ្រឿងម៉ាកហុងដ្រាឌីម ធុនសេ 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ 1IF-2980 ក្នុងតម្លៃ ២ ៤៧០ ដុល្លារ។
លោកប្រាប់ថា កន្លងមកជនរងគ្រោះបានទុកលុយនៅក្នុងផ្ទះរបស់ខ្លួន ហើយចេះតែបាត់លុយដែលខ្លួនទុកដោយពុំដឹងថា អ្នកណាលួចនោះទេ។ លុះក្រោយមកជនរងគ្រោះបានដាក់កាមេរ៉ានៅក្នុងផ្ទះ ដើម្បីតាមដានមើល រហូតមកដល់ថ្ងៃទី ២៤ មីនាវេលាម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះឆែកកាមេរ៉ាតាមទូរស័ព្ទដៃរបស់ខ្លួនក៏ឃើញក្មេងប្រុសស្រីសង្ស័យ ២ នាក់អាយុ ១២ ឆ្នាំ និង ១៣ ឆ្នាំចូលមកធ្វើសកម្មភាពលួចលុយ ហើយភ្លាមៗនោះជនរងគ្រោះបានឃាត់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង។
លោកបន្តថា តាមចម្លើយរបស់ក្មេងប្រុសស្រី ២ នាក់បងប្អូនបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះសរុបបានចំនួន ៤ លើក។ លើកទី ១ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ពួកគេបានចូលលួចក្នុងផ្ទះជនរងគ្រោះបានមីចំនួន ២ កេស និងទឹកដោះគោឆៅ ១ យួរ។
លើកទី ២ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ បានចូលលួចក្នុងផ្ទះជនរងគ្រោះបានប្រាក់ដុល្លារចំនួន ៧០០ ដុល្លារ និងប្រាក់រៀលប្រហែល ៣០ ម៉ឺនរៀល។ លើកទី ៣ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ ចូលលួចបានប្រាក់ដុល្លារចំនួន ២ ០០០ ដុល្លារ និងប្រាក់រៀលប្រហែល ២០ ម៉ឺនរៀល ហើយលុយទាំងអស់ដែលលួចបានក្មេងទាំង ២ នាក់បានយកទៅឲ្យបងរបស់ខ្លួនដែលមានអាយុ ១៨ ឆ្នាំជាអ្នកទុក។ លុះមកដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ម៉ោង ១៩ និង ៥០ នាទីបានចូលទៅលួចលុយក្នុងផ្ទះជនរងគ្រោះបន្តទៀតក៏ត្រូវជនរងគ្រោះឃាត់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សីចាត់ការតែម្ដង៕