ព្រះវិហារៈ យ៉ាងហោចណាស់​មាន​ក្មេងប្រុស-ស្រី​ ៣ ​នាក់​ បាន​លង់ទឹក​ស្លាប់​ខណៈ​ពួកគេ​ចុះ​ងូតទឹក​ក្នុង​ស្រះ​ ១ ​កន្លែង​ចម្ងាយ​ពី​ផ្ទះ​ពួកគេ​ប្រមាណ​ ៥០ ​ម៉ែត្រ​ កាលពី​ថ្ងៃ​អង្គារ​ក្នុង​ភូមិ​សែនតេជៈ ឃុំ​មរកត ស្រប​ពេល​ដែល​ ២ ​ថ្ងៃ​មុន មន្ត្រី​នគរបាល​ ២ ​រូប​ ក៏បាន​លង់ទឹក​ស្លាប់​ផងដែរ ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​ពីលើ​ស្ពានឈើ​នៅ​ភូមិ​ត្មាតប៉ើយ ឃុំ​ព្រីងធំ ក្នុង​ស្រុក​ជាំក្សាន្ត​ដូចគ្នា​។

លោក អ៊ឹម យ៉េត នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​មរកត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​​ថា កុមារ​រងគ្រោះ​ដោយសារ​លង់ទឹក​ស្រះ​នោះ​រួមមាន ឈ្មោះ​ ឆាង ស្រីកា អាយុ​ ១០ ​ឆ្នាំ​ ត្រូវ​ជា​បងស្រី​ជីដូនមួយ​របស់​កុមារា​រងគ្រោះ​ ២ ​នាក់​ទៀត​ឈ្មោះ នៅ វ៉ាន់ អាយុ​ ៨ ​ឆ្នាំ​ និង​ឈ្មោះ​ នៅ ចេកសាន ​អាយុ​ ៦ ​ឆ្នាំ ​ដែល​ជា​បងប្អូន​បង្កើត​។ ​ពួកគេ​គឺជា​កូន និង​ជា​ក្មួយ​គ្រួសារ​មន្ត្រី​យោធា​ម្នាក់​នៅ​វរសេនា​តូច​ ៣៩៥ ចំណុះ​ឲ្យ​កងពល​អន្តរាគមន៍​លេខ​ ៩​។

លោក យ៉េត បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ឪពុកម្ដាយ​របស់​ពួកគេ​បានចេញ​ទៅធ្វើ​ស្រែ​ដោយ​ទុក​ពួកគេ​ទាំង​ ៣ ​នាក់​ឲ្យ​នៅ​ផ្ទះ​ជាមួយ​ជីដូន​។ ​លុះដល់​ម៉ោង​ជាង​ ១០ ​ព្រឹក​មាន​ភ្លើង​ឆេះ​ព្រៃ​មួយ​រាលដាល​មកដល់​ក្រោយ​ផ្ទះ​របស់​ពួកគេ​។

ពេលនោះ​ជីដូន​របស់​ពួកគេ​បាន​ចេញ​ទៅ​វាយ​ពន្លត់ភ្លើង ហើយ​ពួកគេ​ក៏​ទៅ​​ជួយ​ផងដែរ​។

លោក​ថា​៖ «​តាម​សម្ដី​យាយ​របស់​ពួកគេ​ក្រោយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​រួច ពួកគេ​ក៏បាន​នាំគ្នា​ទៅ​ងូត​ទឹកស្រះ ហើយ​គាត់​​បាន​ទៅ​ដាំ​ស្ល​ដើម្បី​ឲ្យ​ពួកគេ​បរិភោគ​។

លុះ​ដាំ​ស្ល​រួច​មិន​ឃើញ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ​គាត់​ (​ជីដូន​) ​ក៏​បាន​ដើរទៅ​រក​នៅ​ស្រះ​ទឹក​នោះ តែ​មិនឃើញ​»​។

លោក​ យ៉េត បាន​បន្ថែមថា​៖ «​ដោយ​សង្ស័យ​ពួកគេ​នាំគ្នា​ទៅ​រក​ឪពុកម្ដាយ​នៅឯ​ស្រែ ជីដូន​ក៏​បាន​ទៅ​ស្រែ​ជួប​ឪពុកម្ដាយ​របស់​ពួកគេ ប៉ុន្តែ​ឪពុកម្ដាយ​ពួកគេ​ប្រាប់​ថា មិនឃើញ​ក៏​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​ជួយ​ដើររក និង​ចុះ​រាវរក​ក្នុង​ស្រះ​ទឹក​នោះ​ក៏​បាន​ប្រទះឃើញ​ពួកគេ​​ទាំង​ ៣ ​នាក់​លង់ទឹក​ស្លាប់​តែម្ដង​»​។

លោក​បាន​បន្តថា នៅពេល​នេះ​សព​ក្មេងរងគ្រោះ​ទាំង​ ៣ ​នាក់​ត្រូវបាន​ឪពុកម្ដាយ​របស់​ពួកគេ​រៀបចំ​បូជា​រួចហើយ​។

ករណី​ស្រដៀង​គ្នា​នេះដែរ លោក ឱ សេង អធិការ​ស្រុក​ជាំក្សាន្ត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ថ្ងៃទី​ ២ ខែ​កុម្ភៈ​មាន​មន្ត្រីនគរបាល​ ២ ​នាក់​រួមមាន ឈ្មោះ ញិប សុខា និង ឈ្មោះ ឃឹម ប៊ីចាន់រ៉ា ដែល​បម្រើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ក៏បាន​លង់ទឹក​ស្លាប់​ផង​​ដែរ បន្ទាប់ពី​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​មិន​ប្រុងប្រយ័ត្ន ហើយ​រអិល​ធ្លាក់​ពី​លើ​ស្ពាន​​ឈើ​ ១ ចូល​ក្នុង​ទឹកអូរ នៅ​ភូមិ​ត្មាតប៉ើយ ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត​។

លោក​បាន​បញ្ជាក់ថា​៖ «​ទឹកអូរ​នោះ​​មិន​ជ្រៅ​ទេ ប៉ុន្តែ​មកពី​ពួកគាត់​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​ម៉ូតូ​របស់​ពួកគាត់​រអិល​ធ្លាក់ចូល​ទៅក្នុង​ទឹក ហើយ​ធ្វើឲ្យ​ពួកគាត់​ឈ្លក់​​ទឹក​ស្លាប់​តែ​ម្ដង​»៕