ភ្នំពេញៈ ទីបំផុត​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​ថ្មី​មួយទៀត​គឺ​ «​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ​មាន​ប្រវែង​រហូត​ដល់​ទៅ​ ១០០០ ​ម៉ែត្រ​ដែល​ជា​ការវាយតម្លៃ​ពី​គណៈកម្មការ World Guinness Record បន្ទាប់ពី​ពលរដ្ឋ​កម្ពុជា​ចំណាយ​ពេល​ត្បាញ​ដោយ​​ដៃ​អស់​ប្រមាណ​ជាង​ ៤ ​ខែ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

កាលពី​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាមរយៈ​ចលនា GOGO Cambodia បាន​រៀបចំ​ឲ្យ​មាន​ការ​ត្បាញ​ក្រមា​មួយ​ដែល​មាន​ប្រវែង​ ១០០០ ​ម៉ែត្រ​នៅ​វាល​ព្រះមេរុ​ក្បែរ​ព្រះបរម​រាជវាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ​​ «​ជឿ​ថា​ខ្មែរ​ធ្វើ​បាន​»​។

ក្រោយពី​បាន​ប្រឹងប្រែង​រួម​គ្នា​ដោយ​យក​ចិត្ត​ទុកដាក់​ជា​លទ្ធផល​នៅ​ថ្ងៃ​ម្សិលមិញ​ (១-៧-២០១៨) គណៈកម្មការ ​World Guinness Record បាន​សម្រេច​ដាក់​ក្រមា​ដ៏វែង​ជាងគេ​ដែល​ត្បាញ​ដោយ​ដៃ​របស់​កូន​ខ្មែរ​ខាង​លើ​នេះ​ចូល​ក្នុង​បញ្ជី​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​របស់​ខ្លួន​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​អំពី​លក្ខណៈ​បច្ចេកទេស និង​ធ្វើការ​វាស់វែង​រួច​មក​។

នៅឯ​ពិធី​អបអរសាទរ​នូវ​សមិទ្ធផល​ «​ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក​» ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ពី​គណៈកម្មការ World Guinness Record ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​​កាលពី​ម្សិលមិញ លោក ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លទ្ធផល​ដ៏ត្រចះត្រចង់​ដែល​កម្ពុជា​ទទួល​បាន​នៅពេល​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​រួបរួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ​របស់​ប្រជាជាតិ​កម្ពុជា​។

លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ និង​ជា​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់​ថា​៖ «​ថ្វីបើ​កម្ពុជា​មិនមែន​ជា​ប្រទេស​ដ៏អស្ចារ្យ​ជាងគេ​នៅក្នុង​ពិភពលោក ប៉ុន្តែ​តាមរយៈ​លទ្ធផល​ដែល​កម្ពុជា​យើង​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​យើង​មាន​គំនិត​ច្នៃប្រឌិត​ពោរពេញ​ដោយ​ទេពកោសល្យ​ខ្ពស់ និង​មាន​ស្មារតី​រួបរួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ​ដោយ​ខិតខំ​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​សម្រាប់​ប្រទេស​ជាតិ​ក្នុង​បច្ចុប្បន្ន និង​ពេល​អនាគត​»​។

នៅក្នុង​ពិធី​អបអរសាទរ​នោះ​ដែរ​អ្នកស្រី អូម មុត អាយុ​ ៧៣ ​ឆ្នាំ​មកពី​ស្រុក​សំរោង ខេត្ត​តាកែវ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា គាត់​មាន​ក្ដីរំភើប​រីករាយ​ជា​ពន់ពេក ខណៈ​សមិទ្ធផល​ក្រមា​ដ៏វែង​ជាង​គេ​ដែល​គាត់​បាន​ចូលរួម​ត្បាញ​មួយ​នេះ​ត្រូវ​បាន​ទទួលស្គាល់ និង​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​ដោយ​គណៈកម្មការ World Guinness Record ។

អ្នកស្រី មុត បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ថា​ក្រមា​ដែល​ខ្ញុំ​បាន​ចូលរួម​ត្បាញ​វា​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​បាន​ជាប់​នៅ​ក្នុង​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​បែប​នេះ​ទេ ខ្ញុំ​ពិតជា​មាន​ក្ដីសប្បាយ​រីករាយ​ណាស់​ពេល​ឃើញ​ដូច្នេះ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​គ្រូបង្រៀន​សាលា​អនុវិទ្យាល័យ​ក្អម​សំណ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អបអរសាទរ​ការទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ភាពវែង​ជាងគេ​នៃ​ក្រមា​ត្បាញ​ដោយ​ដៃ​របស់​ខ្មែរ​ពី​គណៈកម្មការ​ខាងលើ​នេះ​ដែរ​នោះ អ្នកស្រី ហ៊ី សុភ័ក្ត្រណា បាន​ថ្លែង​ថា​ភាព​ជោគជ័យ​ដ៏កម្រ​នេះ​បាន​បង្ហាញ​ថា ប្រជាជាតិ​កម្ពុជា​មាន​វប្បធម៌​ល្អ​ថ្លៃថ្លា​ផូរផង់ និង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ព្រម​ទាំង​មាន​ការ​ចូលរួម​យ៉ាង​​ផុសផុល​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​។

ទិដ្ឋភាព​នៃ​ការ​លាតសន្ធឹង​ក្រមា​វែង​បំផុត​កាលពី​ម្សិលមិញ​។ស្រេង ម៉េងស្រ៊ុន

អ្នកស្រី សុភ័ក្ត្រណា បាន​បញ្ជាក់​ថា​៖ «​ជោគជ័យ​នេះ​ជា​មោទនភាព​របស់​ជាតិខ្មែរ​ដែល​មាន​ស្មារតី​រួបរួម​សាមគ្គី​គ្នា និង​បង្ហាញ​ថា​កម្ពុជា​កំពុង​ដើរ​ក្នុង​ភាពត្រឹមត្រូវ​ប្រកប​ដោយ​សុខសន្តិភាព ព្រោះ​បើ​ប្រទេស​ជាតិ​យើង​គ្មាន​សន្តិភាព​ទេ​នោះ យើង​ក៏​មិន​អាច​ត្បាញ​ក្រមា​ដ៏វែង​រហូត​ដល់​ ១០០០ ​ម៉ែត្រ​បែប​នេះ​បាន​ដែរ​»​។

ចំណែក​លោក រ៉ាវ យូងន អាយុ​ ៣៨ ​ឆ្នាំ​រស់នៅ​ភូមិ-ឃុំ​តាលន់ ស្រុក​ស្អាង ខេត្ត​កណ្ដាល​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ដែរ​នោះ​បាន​និយាយ​ថា នៅលើ​ពិភពលោក​នេះ​គេ​ឲ្យ​តម្លៃ​ទៅលើ​គំនិត​ច្នៃប្រឌិត និង​ការចូលរួម​សាមគ្គី​គ្នា​ធ្វើ​ដោយ​ភាព​អត់ធ្មត់ និង​ការព្យាយាម​។

លោក យូងន បាន​បញ្ជាក់​ថា​៖ «​ការ​ត្បាញ​ក្រមា​ប្រវែង​ ១០០០ ​ម៉ែត្រ​ដែល​យើង​ទទួល​បាន​ជោគជ័យ​ដ៏ត្រចះត្រចង់​នៅថ្ងៃ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​វា​បាន​កើត​ចេញ​ពី​គំនិត​ច្នៃប្រឌិត​ប្រកប​ដោយ​ភាព​ប៉ិនប្រសប់ និង​ការចូលរួម​របស់​ខ្មែរ​យើង​ទាំងអស់​គ្នា និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​»​។

មន្ត្រី​អាជ្ញាធរ​អប្សរា​លោក ព្រាប ចន្ថា អាយុ​ ២៨ ​ឆ្នាំ​ដែល​អះអាង​ថា​បាន​ចូលរួម​ត្បាញ​ក្រមា​ដ៏វែង​នេះ​ផង​ដែរ​នោះ បាន​និយាយ​ថា​ក្រមា​គឺជា​សំពត់​ដែល​មាន​ភាពសាមញ្ញ តែ​បង្កប់ន័យ​យ៉ាង​ជ្រាលជ្រៅ​អំពី​គុណ​តម្លៃ​នៃ​វប្បធម៌​ប្រពៃណី​ដែល​ជា​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​និយម​ប្រើប្រាស់​ក្រមា​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន​។

លោក​បាន​បន្ត​ថា​យោង​តាម​ភ័ស្តុតាង​នៃ​ប្រវត្តិសាស្ត្រ​ (​ក្នុង​អំឡុង​សតវត្សរ៍​ទី​ ៩ ​និង​ទី​ ១១) ​គេ​អាច​សន្និដ្ឋាន​​បាន​ថា ក្រមា​ប្រហែល​កើតឡើង​ដំណាល​គ្នា​នឹង​ពេល​ដែល​មនុស្ស​រស់នៅ​លើ​ទីក​ដី​ខ្មែរ​ចេះ​ត្បាញ​រវៃ ព្រោះ​គេ​បាន​រកឃើញ​ភ័ស្តុតាង​សម្ភារ​តម្បាញ ដូចជា ក្បាល​ត្រល់ និង​ខ្នារ​អំបោះ​នៅ​ស្ថានីយ​បុរាណវិទ្យា​ម្លូព្រៃ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​សម្រាប់​សម័យ​បច្ចុប្បន្ន​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត យើង​បាន​រួម​គ្នា​ត្បាញ​ក្រមា​ដោយ​ដៃ​ដែល​មាន​ប្រវែង​ ១០០០ ​ម៉ែត្រ និង​ទទឹង ​១ ​ម៉ែត្រ​ធ្វើ​អំពី​សរសៃ​សូត្រ​ដែល​មាន​ពណ៌​ក្រហម​លាយស ដ៏​ស្រស់​ស្អាត​បង្ហាញ​ពិភពលោក​ឲ្យ​បាន​​ដឹង​អំពី​មោទនភាព​របស់​ជាតិ​ខ្មែរ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ចិត​ខ្លាំង​ណាស់​ដែល​សមិទ្ធផល​ក្រមា​ដ៏វែង​របស់​យើង​មួយ​នេះ​ត្រូវ​បាន​គណៈកម្មការ World Guinness Record ទទួល​ស្គាល់ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​»៕