ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​ប្រជាកសិករ បង្កើន​ផលិតភាព​នៃ​ការដាំដុះ​បន្លែ ផ្លែឈើ និង​ដំណាំ​ស្រូវ​តាម​គោលការណ៍​គ្រឹះ​នៃ​ «​ការអនុវត្ត​កសិកម្ម​ល្អ​» ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង និង​សម្រាប់​ការនាំចេញ​ទៅកាន់​ផ្សារ​ក្រៅ​ប្រទេស​ផង​។

ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ហាមឃាត់​ផងដែរ ចំពោះ​ការនាំចូល​បន្លែ​ផ្លែឈើ​រួមទាំង​គ្រឿង​បរិភោគ​ឧបភោគ​គ្រប់​ប្រភេទ​ដែល​ខូចគុណភាព និង​មាន​ផ្ទុក​នូវ​កំណក​សារធាតុ​គីមី​ពុល​កសិកម្ម និង​សារធាតុគីមី​ផ្សេងទៀត ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ពិសេស​អ្នក​បរិភោគ​។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​កាលពី​ចុងសប្ដាហ៍​មុន​ថា កន្លងមក​កសិករ​ភាគច្រើន​មាន​ការភាន់ច្រឡំ​ថា បន្លែ​ផ្លែឈើ​ដែល​ផ្ដល់​គុណប្រយោជន៍​ចំពោះ​សុខភាព គឺជា​ប្រភេទ​បន្លែ​ផ្លែឈើ ដែល​ដាំដុះ​ដោយ​ប្រើ​តែ​ជី និង​ថ្នាំ​កសិកម្ម​សរីរាង្គ​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិ កាកសំណល់​ផ្ទះបាយ និង​លាមក​សត្វ​ប៉ុណ្ណោះ​។ សម្រាប់​បន្លែ​ផ្លែឈើ​ដែល​ដាំដុះ​ដោយ​ប្រើប្រាស់​ជីគីមី និង ថ្នាំពុល​កសិកម្ម ដែល​ផលិត​ចេញ​ពី​រោងចក្រ គឺ​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​អ្នក​បរិភោគ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ការពិត​ទៅ​បន្លែ​ផ្លែឈើ ដែល​ដាំដុះ​ដោយ​ប្រើ​ជីធម្មជាតិ ឬ​ជីសរីរាង្គ និង បន្លែ​ផ្លែឈើ ដែល​ដាំដុះ​ដោយ​ប្រើប្រាស់​ជីគីមី​ផលិត​ចេញ​ពី​ឧស្សាហកម្ម​រោងចក្រ​តាម​ស្តង់ដា​បច្ចេកទេស ឬ​វិធាន​សុវត្ថិភាព​ត្រឹមត្រូវ​នោះ គឺ​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព​ដូចគ្នា​»​។

លោក វណ្ណហន បាន​ពន្យល់ថា ការប្រើប្រាស់​ជីធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ស្លឹក និង​កម្ទេច​រុក្ខជាតិ កាកសំណល់​ផ្ទះបាយ និង​លាមក​សត្វ​គឺ​អាច​ជួយ​រក្សា​គុណភាព​ដី​ក្នុង​រយៈពេល​វែង ប៉ុន្តែ​ការលូតលាស់​នៃ​បន្លែ និង​រុក្ខជាតិ​មាន​ភាពយឺតយ៉ាវ​ដែល​ពេលខ្លះ​មិន​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ឡើយ​។ ចំណែក​ការប្រើប្រាស់​ជីគីមី​ដែល​ផលិត​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម ដូចជា​ពពួក​ជី Urea និង NPK ដែល​សម្បូរ​ដោយសារ​ធាតុ​អាស៊ូត និង ប៉ូតាស្យូម​កម្រិត​ខ្ពស់​នោះ វា​ផ្ដល់​ភាព​លូតលាស់​ដល់​បន្លែ និង​រុក្ខជាតិ​ឆាប់រហ័ស ឆ្លើយតប​ទាន់​សភាពការណ៍​នៃ​តម្រូវការ​ទីផ្សារ ប៉ុន្តែ​ការប្រើប្រាស់​ជីគីមី​កសិកម្ម​ក្នុង​រយៈពេល​វែង វា​នឹង​ធ្វើឲ្យ​ដី​ខូចគុណភាព និង​ប៉ះពាល់​ដល់​ជីវចម្រុះ​ក្នុង​ដី​។

លោក វណ្ណហន បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​ជំរុញ​លើក​ទឹកចិត្ត​ដល់​កសិករ ធ្វើការ​ដាំដុះ​បន្លែ​ផ្លែឈើ និង​ដំណាំ​ស្រូវ​តាម​វិធាន​សុវត្ថិភាព​ថ្មី ដែល​អនុញ្ញាត​ឲ្យ​មាន​ការប្រើប្រាស់​ជីធម្មជាតិ និង​ជីគីមី​រួម​គ្នា​ក្នុង​ពេល​តែមួយ​បាន ដោយ​អនុវត្តតាម​គោលការណ៍​បច្ចេកទេស ដែល​ត្រូវបាន​ណែនាំ​ដោយ​មន្ត្រី​ជំនាញ​»​។

លោក​បាន​បន្តថា តាមរយៈ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា​ ASPIRE របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រជាកសិករ​នៅ​ភូមិ​បារ៉ែន​ក្រោម ឃុំ​ស្វាយប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល​បាន​រួម​សហការ​គ្នា​ជា​បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព ហើយ​អភិវឌ្ឍ​ផលិតភាព​កសិកម្ម​តាម​គោលការណ៍​ «​អនុវត្ត​កសិកម្ម​ល្អ​» ក្នុង​នោះ​ក្រុម​អ្នក​ផលិត​ (​ដាំដុះ​) ​បន្លែ​សុវត្ថិភាព និង​អ្នកផ្គត់ផ្គង់​ធាតុ​ចូល​ដែល​រួមមាន​គ្រាប់ពូជ ជី​កសិកម្មសរីរាង្គ និង​ថ្នាំ​កសិកម្ម​ធម្មជាតិ រួមទាំង​អ្នកប្រមូល និង​ចែកចាយ​កសិផល​ (​បន្លែ​សុវត្ថិភាព​) នៅលើ​ទីផ្សារ មាន​កិច្ចសហការ​គ្នា​ល្អ ធ្វើឲ្យ​ចង្វាក់​ផលិតកម្ម​នៃ​បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​ជា​ទីមោទនៈ​។ គម្រោង​នេះ​បាន​ធ្វើឲ្យ​ក្រុម​បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​នៃ​កសិករ​ក្នុងភូមិ​បារ៉ែន​ក្រោម​មាន​ការយល់ដឹង​ច្បាស់​អំពី​អ្វីដែល​ហៅថា បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​។

លោក ឃុត គឹមអាង សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ក្នុង​ភូមិ​បារ៉ែន​ក្រោម​ដែល​បាន​ជោគជ័យ​ក្នុង​ការដាំដុះ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះ​សំណាញ់​បៃតង បាន​និយាយ​ថា ការដាំដុះ​បន្លែ​សុវត្ថិភាព​របស់លោក​គឺ​ធ្វើ​ឡើង​តាម​ការណែនាំ​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​នៃ​គម្រោង ASPIRE និង ដាំ​តាម​កិច្ចសន្យា​របស់​អាជីវករ​ដែល​ជា​សមាជិក​នៃ​បណ្ដុំ​អាជីកម្ម​បន្លែ​សុវត្ថិភាព​របស់​អ្នកភូមិ​របស់លោក​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនអាច​ដាំ​តាម​ដែល​ចិត្ត​យើង​ចង់​ដាំ​នោះទេ គឺ​យើង​ត្រូវ​មាន​ផែន​ការដាំដុះ​ឲ្យ​បាន​ច្បាស់លាស់ និង​ដាំដុះ​តាម​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង​តម្លៃ និង បរិមាណ​រួចជាស្រេច​ជាមួយ​អាជីវករ​ដែល​ជា​សមាជិក​នៃ​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​របស់​យើង​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី-ខេត្ត ធ្វើការ​ពិនិត្យមើល​ឲ្យ​បាន​ច្បាស់លាស់​នូវ​គុណភាព​ស្បៃមុង ដែល​ជា​វត្ថុតាង​រឹបអូស​បាន​ពី​បទល្មើស​នេសាទ ហើយ «​ជ្រើសរើស​ស្បៃមុង​មាន​គុណភាព សម្រាប់​រក្សាទុក​យក​ទៅ​ប្រើប្រាស់​ក្នុង​ការដាំដុះ​ដំណាំ​, ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​តាម​លទ្ធភាព​ជាក់ស្ដែង និង​បច្ចេកទេស​ស្រប​តាម​ច្បាប់​ស្ដីពី​ជលផល ដើម្បី​ចូលរួម​សន្សំ​នូវ​ធនធាន​មុននឹង​សម្រេចចិត្ត​យក​ទៅ​ដុត​កម្ទេចចោល​៕