ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​កាលពី​ថ្ងៃ​ទី ២០ កញ្ញា​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់​ក្នុង​ការរៀបចំ​កម្មវិធី​សិក្ខា​សាលា​មួយ​ស្តីពី « ជំងឺ និង​ផលប៉ះពាល់​ដល់​អាជីវកម្ម» នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ។

កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​វិធី​គ្រប់គ្រង និង​ការពារ​មេរាគ​ដែល​រាតត្បាត​ពី​ជំងឺ​ប៉េស្ត ជ្រូក​អាហ្វ្រិក​ ដែល​មាន​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម បណ្ឌិត សួន សុ ធឿន អគ្គនាយករង​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ វេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​បសុសត្វ​នៃ​សកលវិទ្យាល័យ Chulalongkorn លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ឯកជន​នានា និង​កសិករ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ជាដើម ។

ជំងឺ​ប៉េស្ត ជ្រូក​អាហ្រិ្វក​ត្រូវ​បាន​រាតត្បាត និង​កើតឡើង​លើ​សត្វ​ជ្រូក​ដែល​បង្ក​ជា​បញ្ហា​ដល់​ប្រជាជន​ដែល​បរិភោគ​សាច់ជ្រូក ជាពិសេស​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ជ្រូក​ក្នុង​ប្រទេស​អាស៊ី ហើយ​ប្រទេស​ដែល​មាន​ជំងឺ​រាតត្បាត​នេះ​នឹង​ត្រូវ​រងផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ផ្នែក​សេដ្ឋកិច្ច និង សង្គម ។

វីរុស​នេះ​កើត​លើ​ទាំង​សត្វ​ជ្រូកព្រៃ និង​ជ្រូកស្រុក​ដែល​ជ្រូកព្រៃ​ជា​អ្នក​ផ្ទុក ហើយ​ចម្លង​មក​ជ្រូកស្រុក​តាមរយៈ​ការចេញចូល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។ ដូច្នេះ​អាច​និយាយ​បាន​ថា​សត្វ​ដែល​ឆ្លង​គឺ ៩០ ភាគរយ​ស្លាប់​ដោយ​មិន​ទាន់​មាន​ថ្នាំ​បង្ការ​ជំងឺ​នេះ​​នៅ​ឡើយ ។

ឯកឧត្តម​បណ្ឌិត សួន សុធឿន អគ្គនាយករង​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង នេសាទ​បាន​មាន​ប្រសាសន៍​ថា៖ ជំងឺ​នេះ​ជា​ជំងឺ​ប៉េស្ត ជ្រូក​អាហ្រិ្វក​បង្ក​ដោយ​វីរុស​ដែល​ធន់​នឹង​បរិយាកា បរិយាកាស​ខាង​ក្រៅ​វា​នៅ​ក្នុង​លាមក​សត្វ កាកសំណល់ ខោអាវ​ដែល​ស្លៀកពាក់ មធ្យោបាយ​យានយន្ត​ជាដើម ។ ឧទាហរណ៍​៖ ប្រទេស​ចិន​ដែល​បាន​ចម្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។

លោក​បន្ថែម​ថា៖ « យើង​ជា​សមាជិក​អង្គការ​សុខភាព​សត្វ​ពិភពលោក យើង​មាន​ទំនាក់​ទំនង​ក្នុង​ការចែកចាយ​ព័ត៌មាន​លើ​បញ្ហា​សុខភាព​សត្វ​ទាំងអស់ ដែល​អាច​ដឹង​ពី​ជំងឺ និង​វិធានការ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ទូទៅ និង​ត្រួតពិនិត្យ​លើ​បញ្ហា​ដែល​កើត​លើ​សត្វ​ឲ្យ​ទាន់​ពេលវេលា ហើយ​យើង​បាន​សហការ​ជាមួយ​អង្គការ​ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​ទប់ស្កាត់​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក » ។

លោក​បាន​បញ្ជាក់​ថា៖ «ព្រះរាជាណាចក្រ​កម្ពុជា​អត់​មាន​ករណី​កើត​ជំងឺ​ប៉េស្ត ជ្រូក​អាហ្វ្រិក ប៉ុន្តែ​ទោះបី​មិន​កើត​ក៏ដោយ​ ក៏​យើង​មាន​ចំណាត់ការ​បង្កា គ្រប់គ្រង​ជំងឺ​នេះ​ជាមុន ដោយ​ការសហការ​ពី​វិស័យ​ឯកជន​ជាមួយ​ក្រសួង​របស់​យើង»។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖ «បញ្ហា​សព្វថ្ងៃ​ដែល​យើង​អាច​ប្រឈម​ខ្លាំង​គឺ​បញ្ហា​នាំ​ចូល​សាច់​ពី​ក្រៅ​ប្រទេស​ដែល​អាច​បង្ក​ការឆ្លង​ដ៏ងាយ​បំផុត ដូច្នេះ​សូម​ឲ្យ​ក្រសួង​ចេញ​លិខិត​បញ្ជាក់​ត្រឹមត្រូវ​មុន​ពេល​នាំ​ចូល​សាច់ និង​លើក​ស្ទួយ​ដល់​កសិករ​ក្នុង​ការ​ចិញ្ចឹមសត្វ​ឲ្យ​គ្រប់​នូវ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក»។

ដោយសារ​ជំងឺ​ប៉េស្ត ជ្រូក​អាហ្វ្រិក​ជា​ជំងឺ​ដែល​ឆ្លង​រាលដាល​ទៅ​លើ​សត្វជ្រូក​ ហើយ​វីរុស​នេះ​រស់នៅ​ជុំវិញ​បរិស្ថាន​បាន​យូរ ជំងឺ​នេះ​អាច​ឆ្លង​តាមរយៈ៖ (១) ការប៉ះពាល់​សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និង លាមក​ជ្រូក​មាន​ជំងឺ (២) ការដកដង្ហើម​ចូល​ដែល​មាន​មេរោគ​ក្នុង​ខ្យល់ (៣) ការស៊ី​ចំណី​ដែល​ជា​កាកសំណល់​ផ្ទះបាយ​ដែល​មាន​មេរោគ (៤) ជ្រូកព្រៃ​ក៏​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​បាន​តែ​វា​មិន​បង្ហាញ​អាការ​ជំងឺ​អោយ​ឲ្យ​ឃើញ និង (៥) យានយន្ត​ សម្លៀកបំពាក់ ឬ ឧបករណ៍​ដែល​មាន​មេរោគ។

លោក​វេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ បសុសត្វ​នៃ​សាកលវិទ្យាល័យ Chulalongkorn មាន​ប្រសាសន៍​ថា៖ «មធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​នេះ​នៅពេល​យើង​និយាយ​វា​ងាយស្រួល​ណាស់ ប៉ុន្តែ​ក្នុង​ការគ្រប់គ្រង​ផ្នែក​បច្ចេកទេស វា​ពិបាក​ណាស់ ។ មនុស្ស​គឺជា​អ្នក​ដែល​នាំ​ជំងឺ​នេះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។ ឧទាហរណ៍ ប្រសិន​បើ​ប្រជាជន​ចិន​ធ្វើ​ដំណើរ និង​នាំ​យក​សាច់ជ្រូក ឬ​អាហារ​ដែល​នៅ​សល់​នោះ​វា​នឹង​ឆ្លង»។

លោក​បន្ត​ថា៖ «ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឧស្សាហកម្ម​ជលផល​ត្រូវការ​ការពារ​រាល់​ការនាំចូល​ផលិតផល និង​បញ្ឈប់​ការនាំយក​ផលិតផល​សាច់​មួយ​ចំនួន​ពី​ប្រទេស​ដែល​មាន​ជំងឺ​ប្រភេទ​នេះ»។

សម្រាប់​ការគ្រប់គ្រង​ប្រសិន​បើ​អ្នក​បាន​រកឃើញ​ជំងឺ​នេះ​អ្នក​ត្រូវរក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់ ដើម្បី​បញ្ឈប់​ជំងឺ​នេះ​មិន​ឱ្យ​រីករាលដាល​នៅក្នុង​ប្រទេស។ លោក​វេជ្ជបណ្ឌិត Roongroje ថា៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ខ្លួន ហើយ​សុំ​ការសហការ​ឲ្យ​មាន​ការការពារ ព្រោះ​បណ្តា​ប្រទេស​អាស៊ី​មិន​ទាន់​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឡើយ​ទេ»។

អាការ​ជំងឺ​នេះ​មាន​កំណត់​សម្គាល់​ដូចជា​៖ ជ្រូក​ឡើង​កម្តៅ​ខ្ពស់​ស្បែក​ឡើង​ក្រហម​មាន​កន្ទួល​ឈាម​ហើយ​មាន​ស្នាម​ជាំ​លើ​ស្លឹក​ត្រចៀក ពោះ និង​ជើង​ក្រោយ​មាន​អាការ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ជួប​ប្រទះ​អាការ​ខាង​ប្រព័ន្ធ​រំលាយ​អាហារ លាមក រាក​មាន​លាយ​ឈាម​ជ្រូក​មាន​ការរលូត​កូន ឬ​កូន​កើត​មក​ភ្លាម​ងាប់​ភ្លាម ជ្រូក​អាច​ងាប់​ភ្លាមៗ​ដោយ​មិន​មាន​រោគសញ្ញា​អ្វី​ទាំងអស់។

ដូច្នេះ​ការគ្រប់គ្រង និងការការពារ​មេរោគ​មាន​ដូចជា៖ អនុវត្ត​តាម​ជីវៈ​សុវត្ថិភាព​របស់​កសិដ្ឋាន​ពេល​ចេញ​ចូល​កសិដ្ឋាន​គួរ​សម្អាត​ខ្លួន​ប្រាណ កក់សក់ ប្តូរ​សម្លៀកបំពាក់ ស្បែកជើង និង ជ្រលក់​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ពង្រឹង​ច្បាប់​ក្នុង​ការចេញចូល​កសិដ្ឋាន​គ្មាន​ការ​ទិញ លក់ ឬ នាំ​សត្វ​ជ្រូក​ចូល​ដោយ​មិន​មាន​ប្រភព​ច្បាស់លាស់ ធ្វើការ​សម្អាត​កសិដ្ឋាន​ដោយ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​យានជំនិះ​មុន​ចេញ​ចូល​កសិដ្ឋាន​ចៀសវាង​ក្នុង​ការនាំ​ផលិតផល​សាច់ជ្រូក​ចូល​ក្នុង​កសិដ្ឋាន និង​ចៀសវាង​ការ​ឲ្យ​ចំណី​ជ្រូក​ជា​កាក​សំណល់​ផ្ទះបាយ ។

គួរ​បញ្ជាក់​ដែរ​ថា​ប្រសិន​បើ​សត្វ​ជ្រូក​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នឹង​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ងាប់​ជាច្រើន (អាច​នឹង​មាន​អត្រា​ងាប់ ១០០ ភាគរយ) ដែល​ជំងឺ​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង និង វិធី​ព្យាបាល​នៅ​ឡើយទេ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​មិន​ឆ្លង​ទៅ​មនុស្ស៕