
មន្ត្រីចុះចាក់ថ្នាំបង្ការអោយសត្វគោជូនប្រជាពលរដ្ឋ នាពេលកន្លងទៅ។ រូបថត អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់មន្ត្រីជំនាញកសិកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ កុំឲ្យមានការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី ចូលមកកម្ពុជា។
សេចក្តីជូនដំណឹងរបស់លោក វេង សាខុន នៅថ្ងៃ ២១ ខែឧសភានេះ បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនត្រូវធ្វើការតាមដាន ស្រាវជ្រាវឱ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វ គោក្របី នៅទូទាំងប្រទេស និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យ នៅគ្រប់ទីកន្លែងចិញ្ចឹម កន្លែងប្រមូលផ្តុំ និងទីផ្សារ។
ជាមួយគ្នានេះផងដែរ ក៏ត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីជំងឺដុំពកស្បែកគោ ក្របី និងចូលរួមអនុវត្តវិធានការឲ្យបានត្រឹមត្រូវ។
លោក វេង សាខុន បានណែនាំឲ្យមន្ត្រីជំនាញទប់ស្កាត់ការនាំចូលគោ ក្របីរស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទដែលខុសច្បាប់ ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសមត្ថកិច្ចនៅតាមព្រំដែន។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ពង្រឹងការត្រួតពិនិត្យរាល់ការចរាចរណ៍សត្វគោ ក្របីរស់ ទឹកមេជីវិតបង្កក និងផលិតផលសាច់គោ ក្របី ដែលនាំចូលត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ និងត្រូវស្ថិតក្រោមការត្រួតពិនិត្យ សុខភាពសត្វ និងការធ្វើចត្តាឡីស័កពីមន្ត្រីជំនាញបសុពេទ្យ»។
ជាមួយគ្នានោះ ត្រូវបង្កើនការអង្កេតតាមដាន និងឃ្លាំមើលសកម្មភាពសត្វគោ ក្របីតាមមូលដ្ឋានកន្លែងចិញ្ចឹមសត្វ តាមកសិដ្ឋានជាប្រចាំព្រមទាំងធ្វើការប្រមូលសំណាកដែលសង្ស័យរួចបញ្ជូនមកមន្ទីរពិសោសធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរកមេរោគដោយអនុវត្តវិធាន បសុពេទ្យ ឲ្យបានទាន់ពេលវេលា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានប្រាប់ឱ្យមន្ត្រីបសុសត្វ ធ្វើការអប់រំណែនាំប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមសត្វគោ ក្របីគ្រប់កម្រិតពីការរៀបចំ ទ្រុង ការថែទាំ ការផ្តល់ទឹក និងចំណី ការអនុវត្តវិធានការអនាម័យ ការតាមដានសុខភាពសត្វ និងការអនុវត្តវិធានជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងរាយការណ៍នូវករណីសង្ស័យនៃជំងឺដុំពកស្បែកគោ ក្របី។
លោកថ្លែងថា៖ «ត្រូវលុបបំបាត់ភ្នាក់ងារចម្លងមេរោគដូចជា ពពួកសត្វបឺតជញ្ជក់ឈាម មានមូស រុយ តាបោម ដង្កែ ជាដើម តាមរយៈការប្រើប្រាស់ថ្នាំសម្លាប់ ការដាក់មុង ការប្រើប្រាស់អំពូលភ្លើងឆក់ ឬបណ្តេញសត្វល្អិត ការដុតសំរាម បណ្តេញសត្វល្អិត និងការប្រមូលកាកសំណល់ដូចជាសំរាម សម្បកកង់ឡានចាស់ៗ ដើម្បីដុត ឬកប់ចោល» ។
ក្រៅពីនោះ ត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំស្បែកគោក្របី ក្នុងករណីចាំបាច់ និងពិសោធន៍ពីប្រសិទ្ធភាពនៃវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មបញ្ជាក់ថា មេរោគបង្កជំងឺដុំពកស្បែកគោ ក្របីនេះ មានភាពធន់នៅក្នុងបរិស្ថាន និងអាចរស់នៅបានក្នុងក្រម៉រស្បែកស្ងួតរហូតដល់ ៣ ខែ និងរហូតដល់ ៦ ខែ នៅក្នុងទ្រុងសត្វកខ្វក់ និងគ្មានពន្លឺចេញចូលគ្រប់គ្រាន់។
មេរោគនេះ អាចរស់នៅក្នុង PH ពី ៦,៣ ទៅ ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត ជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព ៥៥ អង្សាសេ ក្នុងរយៈពេល ២ ម៉ោង ៦០ អង្សាសេ រយៈពេល ១ ម៉ោង និង ៦៥ អស្សាសេក្នុងរយៈពេល ៣០ នាទី និងងាយកម្ចាត់ដោយប្រើទឹកសាប៊ូ៕