ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញភាពជោគជ័យក្នុងកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន ក៏ដូចជា កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូក ៣ (ចិន កូរ៉េ និងជប៉ុន) និងកិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បូក ឥណ្ឌា។
ដោយបានប្រកាសលទ្ធផលនៃកិច្ចប្រជុំនៅលើហ្វេសប៊ុករបស់លោកក្រោយបញ្ចប់កិច្ចប្រជុំកាលពីទី ២១ តុលា លោក វេង សាខុន បានបង្ហាញថា កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូក ៣ (ចិន កូរ៉េ និងជប៉ុន) បានសម្រេចលើការបន្តពង្រឹងសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ការកាត់បន្ថយនិងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការត្រួតពិនិត្យជំងឺ និងសុខភាពសត្វ និងរុក្ខជាតិ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធព័ត៌មាន និងបណ្តាញផ្ដល់និងផ្លាស់ប្ដូរចំណេះដឹង ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព គុណភាព និងប្រព័ន្ធទីផ្សារផលិតផលកសិកម្មនិង ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
លោករដ្ឋមន្រ្ដីបានបន្តថា៖ «កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូក ៣ ដដែលនេះ បានសម្រេចខិតខំជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងប្រព័ន្ធដើម្បីជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មរបស់កសិករខ្នាតតូច។តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូក៣ស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់ដោយទឹកជំនន់និងគ្រោះរាំងស្ងួតនៅឆ្នាំ ២០២០ នេះ កម្ពុជានឹងទទួលបានអង្ករចំនួន៣០០តោនពីរដ្ឋាភិបាលជប៉ុន»។
ចំណែកលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកឥណ្ឌាវិញ លោក វេង សាខុន បានឲ្យដឹងថា កិច្ចប្រជុំនេះឯកភាពលើផែនការសកម្មភាពរយៈពេលមធ្យមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា លើវិស័យកសិកម្មនិងព្រៃឈើឆ្នាំ ២០២១-២០២៥។
លោករដ្ឋមន្រ្ដីថ្លែងថា៖ «យើងក៏បានដាក់ភារកិច្ចដល់ឧត្ដមមន្រ្តីរបស់យើងអនុវត្តឲ្យបានពេញលេញនូវផែនការសកម្មភាពជាពិសេសគម្រោងអាទិភាពដែលទាក់ទងនឹងអាហារូបករណ៍ អាស៊ាន-ឥណ្ឌា សម្រាប់ការសិក្សាកម្រិតខ្ពស់អំពីកសិកម្ម។ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាសម្រាប់កសិករនៅអាស៊ាននិងឥណ្ឌា កសិកម្មមានភាពវៃឆ្លាតជាមួយនឹងអាកាសធាតុការប្រើប្រាស់រ៉ូបូតនិងដ្រូនក្នុងផលិតកម្មកសិកម្ម និងរលកអេឡិចត្រូម៉ាញេទិចក្នុងការកែច្នៃម្ហូបអាហារ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យា ក្រោយពេលប្រមូលផលសម្រាប់ផ្លែឈើ និងបន្លែ និងការគ្រប់គ្រងសុខភាពនិងជំងឺឆ្លងដែនក្នុងវិស័យកសិកម្ម»។
ជាមួយគ្នានេះ លោក វេង សាខុន បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀតបានពិនិត្យនិងពិភាក្សាលើការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាតជំងឺកូវីដ ១៩។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃនេះថា តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ា គឺបានអនុម័តរួមគ្នាទៅលើឯកសារជាច្រើនពាក់ព័ន្ធទៅនឹងរឿងកសិកម្មនិងព្រៃឈើជាមួយប្រទេសអាស៊ានទាំង ១០ ប្រទេសអាស៊ានបូក ៣ និងប្រទេសឥណ្ឌា។
លោកថ្លែងថា៖ «ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤២ បានជជែកគ្នាលើការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើឆ្នាំ ២០១៦-២០២៥ និងផែនការសកម្មភាពតាមវិស័យឆ្នាំ ២០១៦-២០២០។ កិច្ចការអាទិភាពទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើដែលនឹងអាចសម្រេចបាននៅក្នុងឆ្នាំ ២០២១។ ក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ាន និងផែនការសកម្មភាពយុទ្ធសាស្ត្រសន្ដិសុខស្បៀងឆ្នាំ ២០២១-២០២៥ ជាដើម»៕