ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានព្រមានដល់ប្រជានេសាទអំពីការប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ ៥ ឆ្នាំតាមបញ្ញត្តិមាត្រា ៩៨ នៃច្បាប់ស្ដីពីជលផល ប្រសិនបើប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ខណៈឧបករណ៍ល្មើសទំនើបៗកំពុងត្រូវបានគេយកមកប្រើ។ នេះបើតាមសារាចរណែនាំរបស់ក្រសួង និងមន្ត្រីជំនាញ។
តាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញបានបង្ហាញពី «វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលដោយប្រើប្រាស់ឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបពោះវៀនជ្រូកឬលបប្រឹស ១០០» ជាអ្វីដែលមន្ត្រីជំនាញថា មានប្រជានេសាទយកមកប្រើនាពេលបច្ចុប្បន្ន។
លោក ហុង ហ៊ី ប្រធានរដ្ឋបាលនៃរដ្ឋបាលជលផលកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លបកន្ទុយកណ្តុរឬលបពោះវៀនជ្រូកឬលបប្រឹស ១០០ ជាប្រភេទឧបករណ៍នេសាទទំនើប ដែលទើបត្រូវបានគេបង្កើតថ្មីអាចបត់ឬលាតសន្ធឹងបានដោយស្រួលមានរាង ៤ ជ្រុងទ្រវែងនិងរួមតូចនៅផ្នែកខាងចុង។ វាត្រូវបានគេរចនាឡើងពីសរសៃអួន និងមានប្រឹសច្រើនធ្វើពីលោហធាតុនៅតាមកង់ឬផ្នត់នីមួយៗនៃតួលបអាស្រ័យតាមប្រវែងនិងទំហំនៃលបនោះ។
លោកបញ្ជាក់ថា៖ «បើតាមការសិក្សាស្រាវជ្រាវ ឧបករណ៍នេសាទនេះ មានប្រភពមកពីប្រទេសចិន និងវៀតណាម។ បន្ទាប់មកយើងឃើញមានតែប្រជានេសាទសមុទ្រប៉ុណ្ណោះទេដែលប្រើឧបករណ៍នេសាទលបកន្ទុយកណ្តុរឬលបពោះវៀនជ្រូកឬលបប្រឹស ១០០ នេះ។ ប៉ុន្តែឥឡូវនេះ ប្រជានេសាទទឹកសាបរបស់យើងមួយចំនួនបាននិងកំពុងប្រើវាយ៉ាងអនាធិបតេយ្យតាមដងទន្លេ»។
ទោះជាយ៉ាងណា នៅក្នុងសារាចរណែនាំនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ឧបករណ៍នេសាទប្រភេទលបទំនើបនេះពុំមានចែងក្នុងប្រកាសរបស់ក្រសួងទេ ជាហេតុនាំឲ្យការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទពុំទាន់ទទួលបានប្រសិទ្ធភាព ប៉ុន្តែលោកបារម្ភពីការប្រើឧបករណ៍ទាំងក្នុងសមុទ្រ និងទន្លេ។
លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខាងលើឲ្យមានប្រសិទ្ធភាព និងធានាបាននិរន្តរភាពធនធានជលផលគឺសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពិសេសប្រជាសហគមន៍នេសាទឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នូវឧបករណ៍លបខាងលើនេះរួមទាំងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ដែលមានចែងក្នុងប្រកាសរបស់ក្រសួងនាពេលកន្លងមក។
បើតាមសារាចរណែនាំនេះសមត្ថកិច្ចនៃរដ្ឋបាលជលផលត្រូវចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសនេសាទដោយប្រើលបកន្ទុយកណ្ដុរឬលបពោះវៀនជ្រូកឬលបប្រឹស ១០០ ពោលគឺត្រូវរុះរើ និងបំផ្លាញចោលនៅកន្លែងកើតហេតុ និងចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្តែង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។
លោក ហុង ហ៊ី ក៏បានបញ្ជាក់ដែរថា៖ «តាមសារាចរណែនាំនេះមន្ត្រីនគរបាលយុត្តិធម៌ត្រូវចោទប្រកាន់ជនប្រព្រឹត្តបទល្មើសដែលប្រើប្រាស់ឧបករណ៍លបដ៏ទំនើបខាងលើនេះតាមមាត្រា ២០ ចំណុច ១៤ នៃច្បាប់ស្ដីពីជលផលដែលត្រូវផ្តន្ទាទោសតាមមាត្រា ៩៨ ចំណុចទី ៦ នៃច្បាប់ជលផល។បើយោងតាមមាត្រា ៩៨ នៃច្បាប់ជលផលជនប្រព្រឹត្តបទល្មើសត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ ៥ ឆ្នាំ»។
លោក សៅ កុសល ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែលថាឧបករណ៍នេសាទទំនើបនេះត្រូវបានប្រជានេសាទកម្ពុជាទិញពីប្រទេសវៀតណាមហើយក្រុមប្រជានេសាទនៅតាមដងទន្លេជាប់ព្រំដែនកម្ពុជា-វៀតណាមភាគច្រើនបានប្រើប្រាស់វាតាំងពី ៣ ឆ្នាំមុនមកម្ល៉េះ។
លោក កុសល បានបញ្ជាក់ថា៖«យើងបានបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍នេសាទខាងលើនេះតាំងមុនក្រសួងចេញសារាចរណែនាំនេះម្ល៉េះពោលគឺក្រុមការងារយើងខ្ញុំបានចាត់ឧបករណ៍នេះចូលទៅក្នុងក្រុមឧបករណ៍សៃយ៉ឺន លូស្បៃមុង ដែលជាប្រភេទឧបករណ៍នេសាទខុសច្បាប់មានចែងក្នុងប្រកាសរបស់ក្រសួង»៕