ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​នេះ បាន​ជូន​ដំណឹង​ដល់​រោងចក្រ​សហគ្រាស​ដែល​បើក​ដំណើរការ​ឡើង​វិញ គឺ​មិន​ត្រូវ​ឱ្យ​កម្មករ​និយោជិត​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង ដើម្បី​បាន​ចូល​ធ្វើ​ការងារ​ឡើយ និង​ត្រូវ​បើក​ប្រាក់​ឈ្នួល​សម្រាប់​ខែ​មេសា​ចំនួន ៥០% និង​ប្រាក់​ឧបត្ថម្ភ​នានា ដែល​បាន​ពន្យារ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​កន្លង​ទៅ​ដល់​កម្មករ​និយោជិត​មិន​ឱ្យ​ហួស​ពី​ថ្ងៃទី ១៤ ខែ​ឧសភា​នេះ។

នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​នេះ ស្ដីពី​ការ​ចូល​ធ្វើ​ការ​ឡើង​វិញ និង​ការ​បើក​ប្រាក់​ឈ្នួល​របស់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​រោងចក្រ​សហគ្រាស​ដែល​បើក​ដំណើរការ​ឡើង​វិញ ក្រោយ​ការ​បញ្ចប់​វិធាន​ការ​បិទ​ខ្ទប់។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បាន​លើក​ឡើង​ថា យោង​អនុសាសន៍​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ សូម​ជម្រាប​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស និង​បងប្អូន​កម្មករ​និយោជិត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ហើយ​បើក​ដំណើរការ​សកម្មភាព​អាជីវកម្ម/ផលិតកម្ម​ឡើង​វិញ​ថា នៅ​ក្នុង​ការ​បើក​ដំណើរការ​សកម្មភាព​អាជីវកម្ម/ផលិតកម្ម​ឡើង​វិញ​នេះ គឺ​មិន​ត្រូវ​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​​នោះ​ឡើយ។

ក្រសួង​បញ្ជាក់​ថា មន្ត្រី​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចុះ​ធ្វើ​អធិការកិច្ច​លើ​ករណី​នេះ​ភ្លាម ប្រសិន​ជា​ទទួល​បាន​ព័ត៌មាន។ សូម​បងប្អូន​កម្មករ​និយោជិត​ជូន​ដំណឹង​មក​ក្រសួង ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​បន្ទាន់​តាមរយៈ​តេឡេក្រាម https://t.me/KhmerWorkerChat ប្រសិន​ជា​មាន​ការ​ភ្ជាប់​លក្ខខណ្ឌ​ចាក់​វ៉ាក់សាំង​នេះ។

ក្រសួង​បាន​ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​ថា ការ​បើក​ប្រាក់​ឈ្នួល​សម្រាប់​ខែ​មេសា ចំនួន ៥០% និង​ប្រាក់​ឧបត្ថម្ភ​នានា​ដែល​បាន​ពន្យារពេល​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​កន្លង​ទៅ គឺ​ត្រូវ​ចាប់​ផ្តើម​បើក​ជូន​បងប្អូន​កម្មករ​និយោជិត​មិន​ឱ្យ​ហួស​ពី​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ ឡើយ។

ក្រសួង​បញ្ជាក់​ថា៖ «ចំពោះ​បងប្អូន​កម្មករ​និយោជិត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ឬ​លឿងទុំ គឺ​សូម​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ពិចារណា​រក​វិធី​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​ឧបត្ថម្ភ​នេះ​តាម​ប្រព័ន្ធ​ធនាគារ​ជូន​បងប្អូន​កម្មករ​និយោជិត​ផង​ដែរ»។

ក្រសួង​បាន​អំពាវនាវ​សារ​ជា​ថ្មី ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំង​អស់​មេត្តា​យោគយល់ លើកលែង ថ្លៃ​ជួល​បន្ទប់ ឬ​បន្ធូរបន្ថយ​ថ្លៃ​ជួល​បន្ទប់ ឬ​ពន្យារ​ការ​បង់​ថ្លៃ​ជួល​បន្ទប់​ជូន​អ្នក​ជួល​ដែល​ជា​កម្មករ​និយោជិត ឱ្យ​អស់​លទ្ធភាព​នៅ​ក្នុង​ស្មារតី​មនុស្សធម៌ និង​សាមគ្គីភាព​នៅ​ក្នុង​ដំណាក់កាល​នេះ។

ក្រសួង​មាន​សេចក្តី​ជឿជាក់​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស កម្មករ​និយោជិត និង​ម្ចាស់​ផ្ទះ​ជួល​នឹង​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់៕