ភ្នំពេញៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​អះអាង​ថា​ នឹង​តាម​ដាន​ការ​អនុវត្ត​របស់​បណ្តា​រោងចក្រ ​សហគ្រាស​ ជុំវិញ​ការ​ទូទាត់​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត ​តាម​គោលការណ៍​ថ្មី ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ជា​លើក​ដំបូង ​នៅ​ខែ​មិថុនា​នេះ ​ហើយ​ក្រសួងក៏​ត្រៀម​វិធានការ​ពិន័យ​ចំពោះ​រោងចក្រសហគ្រាស​ណា​ដែល​អនុវត្ត​ផ្ទុយ​ផងដែរ។

លោក​ ទេស រុក្ខា​ផល ​អគ្គលេខាធិការ​រង​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ បាតុ​កម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​​ថ្ងៃអាទិត្យថា ​ក្រសួង​នឹង​បន្ត​ជំរុញ​ឲ្យ​និយោជកអនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ស្តីពី​ការទូទាត់​បើកប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជូន​កម្មករ​ឲ្យ​បាន​គ្រប់ៗ​គ្នាក្នុង​ខែមិថុនា ​ដែល​នឹងត្រូវ​បើក​ផ្តល់ជូន​កម្មករ​ទាំងអស់​ជាមួយនឹង​ប្រាក់ខែ​របស់​ពួកគេ។

លោក​បន្តថា​៖ «ប្រាក់​រំឭក ​និង​ប្រាក់​អតីតភាព​របស់​កម្ម​ករ នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មិថុនា​នេះ។ បើ​រកឃើញថា ​បណ្តារោងចក្រ​ណាដែល​មិន​អនុវត្ត​ការបើកប្រាក់​រំឭក និង​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​នោះទេ ​គឺ​នឹង​ប្រើ​វិធានការ​ផាកពិន័យ​ចំពោះ​រោងចក្រ ​សហគ្រាស​ទាំងនោះ ​ព្រោះ​អត់​មាន​វិធានការ​អី​ផ្សេង​ក្រៅពី​ហ្នឹង​ទេ​ ក្នុងនាម​ក្រុម​អធិការកិច្ច​យើង​ចុះ»។

ជាមួយ​នឹង​ការ​រំឭ​កដល់​រោងចក្រ ​សហគ្រាស​នេះ ​លោក ​ទេស រុក្ខា​ផល ​អះអាងថា ​ផ្នែក​វិស័យ​វាយ​ន​ភណ្ឌកាត់​ដេរ ​និង​ស្បែកជើង​ បាន​ឯកភាព​អនុវត្ត​ជាទូទៅ​ទាំង​ប្រាក់​រំឭក​ រួចជា​ស្រេច​ហើយ ​ចំណែក​វិស័យ​ផ្សេងៗ ​ចាប់ផ្តើម​អនុវត្ត​ប្រាក់​អតីតភាព​ថ្មី​ (ឆ្នាំ ២០១៩) ​ដែល​ក្រសួង​ក៏​កំពុង​បន្ត​ផ្សព្វផ្សាយ​ជុំវិញ​ការអនុវត្ត​គោលការណ៍​ថ្មី​នេះ​ផងដែរ ​ខណៈលោក​ស្នើសុំ​កម្មករ​និយោជិត​ទាំងអស់​ គួរ​ទទួលយក​នូវ​អ្វី​ដែល​ក្រសួង​បានគិត​គូរ​ជូន ​ចៀសវាង​ទាមទារ​លើសពី​សេចក្តី​ណែ​នាំ​របស់​ក្រសួង។

លោក​ថ្លែងថា​៖ «ខ្ញុំ​មើល​ដូច​ជា​មិន​ចោទ​ទេ ព្រោះ​វា​មានការចូលរួម ​ដូចជា ​GMAC អី ​គាត់​បាន​ចូលរួម​ច្រើន​ ហើយ​ក៏​មាន​ប្រកាស​ជា​លិខិត​មកវិញថា​ចូលរួម​ដោយ​ណែនាំ​សមាជិក​គាត់​ឲ្យ​ចូលរួម​អនុវត្តតាម​សេចក្តីប្រកាស​នេះ​ដែរ។ យើង​ក៏​សង្ឃឹមថា​ វា​អត់​មាន​បញ្ហា​អ្វី​ទេ ព្រោះ​យើង​បាន​ផ្សព្វផ្សាយ​តាំងពី​ចុងឆ្នាំ​ហើយ​ដែរ»។

ជាមួយគ្នានេះ ​លោក​ ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ​ថា ​ប្រាក់​អតីតភាព​ការងារ​នេះ ​នឹង​បើក​ជូន​កម្មករ​ជាមួយ​ប្រាក់ខែ​ក្នុង​ខែមិថុនា។ ប៉ុន្តែ​លោក​មិនអាច​វាយតម្លៃ​បាន​នោះទេ​ចំពោះ​បញ្ហា​នេះ។

លោក​បញ្ជាក់ថា​៖ «វាយ​តម្លៃ​មិនទាន់​បាន​ព្រោះ​មិនទាន់ដល់ពេល​គេ​បើក​ប្រាក់​បៀវត្ស​រ៍នៅឡើយ។ ប្រាក់​នេះ​គេ​បើ​ក​នៅ​ជាមួយ​ប្រាក់ខែ​ ខែ ៦»។

លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) សុំ​បដិសេធ​ការធ្វើ​អត្ថា​ធិ​ប្បាយ​ជុំវិញ​បញ្ហា​នេះដោយ​លោក​បាន​បង្វែរ​សំណួរ​ឲ្យទៅសួរ​លោក កាំ​ង ម៉ូ​នីកា​ អគ្គលេខា​ធិការរងនៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា។

លោក​ កាំង ម៉ូនីកា បាន​ថ្លែង​កាលពីថ្ងៃ​ចន្ទម្សិលមិញ​ថា៖ «មិនមាន​អ្វី​ជាបញ្ហាទេ​ យើង​បាន​សហ​ការ​ជាមួយ​​ក្រសួង​ការ​ងារ​រៀ​ប​ចំ​វគ្គបណ្ដុះ​បណ្ដាល​អំពីវិធី​សាស្ត្រ​សម្រាប់​គណនា​រយៈពេល​ ៣ ​ថ្ងៃ​ គឺ​ថ្ងៃ​ ១១ រហូត​ដល់ ១៣ ​ខែ​មិថុនា​នេះ»។​

កាលពី​ឆ្នាំ ២០១៨ ​កន្លងទៅ​ក្រសួង​ការងារបានប្រកាស​ពី​ការផ្លាស់ប្តូរ​នីតិវិធី​អនុវត្ត​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការ​ងារ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ​កាត់ដេរ ​និង​ផលិត​ស្បែកជើង ​ពី​ការបើក​សរុប​ប្រាក់បំណាច់​នេះ​នៅពេល​បញ្ចប់ការងារ​របស់​កម្មករ ​មក​ជា​ការបើក​ជា​ទៀង​ទាត់​ក្នុង​ ១ ឆ្នាំ​ ២ ដង ​ហើយ​ត្រូវអនុវត្ត​ជា​ដំណាក់កាល​ទាំង​ប្រាក់​អតីត​ភាពការងារ​ថ្មី និង​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ ដោយ​​ចាប់ពី​ខែ ​មិថុនា ឆ្នាំ ២០១៩។

ដោយឡែក​ចំពោះ​សហ​គ្រាស​​ គ្រឹះស្ថាន​ ក្រៅពី​វិស័យ​វាយ​ន​ភណ្ឌ ​កាត់ដេរ ​និង​ផលិត​ស្បែក​ជើង​គឺ​ត្រូវអនុវត្ត​ទូទាត់​ជូន​កម្មករ​​និយោជិត នូវ​ប្រាក់​អតីត​ភាព​ការងារ​ថ្មី​ ចាប់ពី​ឆ្នាំ ២០១៩ ដោយ​បែង​ចែក​ជា ២ ដង​ ដោយ​ចាប់ពី​ខែមិថុនា​ដូចគ្នា ដោយ​គ្រាន់តែ​ការបើកប្រាក់​រំឭក​អតីត​ភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​ ២០១៩​ ត្រូវ​ពន្យារ ពេល​ទៅ​អនុវត្ត​ក្នុង​ខែ ធ្នូ ឆ្នាំ ២០២១​ ខាងមុខ។

បើតាម​លោក ហេង សួរ ​ធ្លាប់​បាន​ពន្យល់ថា ​ការទូទាត់​ប្រាក់​អតីតភាព​ការងារ​ថ្មី​ដែល​ចេញ​ដោយ​ក្រសួង​ការងារនៅ​ពេល​នេះ ​គឺ​ត្រូវអនុវត្ត​ដូចជា ប្រាក់បំណាច់​អតីតភាព​ការងារ​ថ្មី​ប្រចាំឆ្នាំ​ដែលមាន​ចាប់ពី​ឆ្នាំ ២០១៩ នេះ​តទៅ ត្រូវ​អនុវត្ត​នៅ​គ្រប់​វិស័យ ដោយ​ក្នុង ១ ឆ្នាំ​ ស្មើ​នឹង​ ១៥ ថ្ងៃ​ ក្នុងនោះ​និយោជក​ត្រូវ​ទូទាត់​ជូន​កម្មករ និយោជិត​ចំនួន ៧,៥ ថ្ងៃ នៅក្នុង​ខែមិថុនា ​និង ​៧,៥ ថ្ងៃ ​នៅក្នុង​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ។

ដោយ​ឡែក ​«ប្រាក់​រំឭក» ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ ២០១៩ ​អនុវត្ត​ជាដំបូងសម្រាប់តែ​វិស័យ​វាយ​ន​ភណ្ឌ ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ គឺ​ត្រូវ​បើក​ប្រាក់រំឭក​ចំនួន ​៣០ ថ្ងៃ ​នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​របស់​កម្មករ ​ដោយ​គិត​ចំនួន ១៥ ថ្ងៃ ​នៅក្នុង​ខែមិថុនា ​និង ១៥ ថ្ងៃ ​នៅក្នុង​ខែធ្នូនៃ​ឆ្នាំនីមួយៗ​ រហូដល់​ទូទាត់​អស់​ជូន​កម្មករ-និយោជិត។

អ្នកស្រី ស្រី នាង កម្មករ​នៅ​រោងចក្រ W&D ដែលមាន​អតីតភាព​ការងារ​ប្រមាណ​ជាង ៥ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វា​ជាការ​ប្រសើរ បើ​ប្រាក់​អតីតភាព​ការងារ​របស់​ពួកគេ ពិតជា​បាន​បើក​នៅ​ចុងខែ​មិថុនា​នេះ។ ទោះ​យ៉ាងណា អ្នកស្រី​បារម្ភ ជុំវិញ​ការទូទាត់​របស់​ថៅកែ​រោងចក្រ ព្រោះ​មិនដឹងថា ការទូទាត់​ប្រាក់​អតីតភាព​ការងារ​របស់​ថៅកែ​ជូន​កម្មករ បាន​ត្រឹមត្រូវ​ឬ​យ៉ាងណា?។

អ្នកស្រី​បញ្ជាក់ថា​៖ «បើ​បាន​មែន​វា​អាច​បាន​ធូរ​មួយកម្រិត​ដែរ វា​ធូរ​ព្រោះ​យើង​ជិត​បាន​ទៅផ្ទះ​ទៅ​អី។ តែ​ខ្ញុំ​មិនសូវ​ដឹង​ច្បាស់ ថា​លុយ​ហ្នឹង​បាន​ប៉ុន្មាន​ឲ្យ​ច្បាស់​ទេ។ ស​ប្បាយ ​វា​សប្បាយ​ហើយ តែ​យើង​មិនដឹង​ច្បាស់​ថា គេ​បើក​ឲ្យ​យើង​ត្រឹមត្រូវ​ឬអត់បើ​យើង​មិនដឹង​គេ​គិត​ម៉េច​ឲ្យ​យើង​ផង។ ដូច​ពេលណា​ទេ ខ្ញុំ​ប្រជុំ​ជាមួយ​គេ គេ​ថា​មាន​ប្រាក់​អី​បន្ថែម​ឲ្យ​ខ្ញុំ តែ​មិន​ដែល​បាន​ទទួល​ផង»៕