ភ្នំ​ពេញៈ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិ​ជ្ជា​ជីវៈ​ នឹង​ធ្វើ​ការ​ហាម​ឃាត់​ជន​បរទេស​ ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ឱ្យ​ធ្វើ​សកម្មភាព​ស្វ័យ​និយោជ​ (មុខ​របរ​ផ្ទាល់​ខ្លួន​ម្នាក់​ឯង​)​ លើ​ប្រភេទ​មុខ​របរ និង​ការងារ​មួយ​ចំនួន​ ដើម្បី​ការពារ​ការ​ដណ្តើម​ទីផ្សារ​របស់​ពលរដ្ឋ​ខ្មែរ​ ដោយ​ភាគ​ច្រើននៃ​មុខ​របរ​ដែល​នឹង​ហាម​ឃាត់​នេះ​ គឺ​វាស្ថិត​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

​លោក ​ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ សេច​ក្តី​ប្រ​កាស​ដែល​នឹង​កំណត់​អំពី​ការ​ងារ​ដែល​ត្រូវ​ហាម​សម្រាប់​ជន​បរទេស​នេះ ​អាច​នឹង​ប្រកាស​ឲ្យ​អនុវត្ត​នៅ​ក្នុង​សប្តាហ៍​ទី ២​ នៃ​ខែ ​សីហា ​ខាង​មុខ ខណៈ​ដែល​លោក​បញ្ជាក់​ពី​គោល​ដៅ​ក្នុង​ការ​បង្កើត​ច្បាប់​នេះ​ គឺ​ដើម្បី​ការ​ពារ​នូវ​មុខ​របរ​ អាជីវ​កម្ម​ខ្នាត​តូច​ ឬ​ជា​លក្ខ​ណៈ​គ្រួសារ​ សម្រាប់​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅ​មូល​ដ្ឋាន​។​ ​លោក​បញ្ជាក់​ថា ​ក្នុង​ប្រទេស​នី​មួយៗ​ គឺ​មាន​ការ​តាក់​តែង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ស្រប​ទៅ​តាម​បច្ចុប្បន្ន​ភាព​នៃ​តម្រូវ​ការ​ជាក់​ស្តែង​តាម​កាលៈ​ទេសៈ​នី​មួយៗ​ ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​ ក៏​មាន​ការ​កំណត់​នូវ​លក្ខ​ខណ្ឌ ​ឬ​ក៏​ហាម​ជន​បរទេស​មិន​ឲ្យ​ប្រកប​មុខ​របរ​ ឬ​ក៏​ធ្វើ​ការ​ងារ​អាជី​វ​កម្ម​ខ្នាត​តូច​ឬ​ជា​លក្ខណៈ​គ្រួសារ។​

​​លោក​ ​សួរ​ ​ថ្លែង​ថា​៖ ​«​សម្រាប់​នៅ​កម្ពុជា​យើង​នេះ ​ពិត​ជា​មាន​បំណង់​ ដើម្បី​ការពារ​នូវ​មុខ​របរ​ អា​ជីវ​កម្ម​ខ្នាត​តូច​ ឬ​ក៏​ជា​​លក្ខណៈ​គ្រួសារ​ ដែល​​យើង​ប្រើ​ពាក្យ​ថា ​ស្វ័យ​និ​យោ​ជ​នេះ​ គឺ​សម្រាប់​ទុក​ឲ្យ​បង​ប្អូន​យើង​ដែល​ជា​អ្នក​រស់​នៅ​មូល​ដ្ឋាន។​ ​យើង​ពិនិត្យ​ឃើញ​ថា​ នៅ​កម្ពុជា​នេះ ​គឺ​ជា​ពេល​វេលា​មួយ​ ដែល​អាច​គិត​ថា​ សម​ស្រប​ក្នុង​ការ​កំណត់​នូវ​ប្រភេទ​មុខរបរ​នៃ​ការ​ងារ​មួយ​ចំនួន​ដែល​ជន​បរ​ទេស​មិន​គួរ​ធ្វើ​នៅ​កម្ពុជា ​ជា​ពិសេស​គឺ​មុខ​របរ​ជា​លក្ខណៈ​អាជីវ​កម្ម​តូចៗ​ ក្រៅ​ប្រព័ន្ធ»។​

​លោក​ ហេង​ សួរ​ បាន​បញ្ជាក់​ថា​ ប្រកាស​នេះ​ មាន​គោល​ដៅ​ហាម​ជន​បរទេស ​មិន​ឱ្យ​ធ្វើ​សកម្ម​ភាព​ស្វ័យ​និ​យោ​ជ​លើ​ប្រ​ភេទ​មុខ​របរ​ និង​ការងារ​ មួយ​ចំនួន​ដូច​ជា​ បើក​បរ​យាន​យន្ត​តាក់​ស៊ី​ ម៉ូតូ​កង់​បី​ ម៉ូតូ​ឌុប​ លក់​ដូរ​តាម​ផ្លូវ​ ឬ​តាម​រទេះ​រុញ កាត់​សក់​ ចែក​ចាយ​ផលិត​ផល​ និង​អាជី​វកម្ម​ខ្នាត​តូច​ ខណៈ​ការ​ងារ​មួយ​ចំនួន​ទៀត​ ដូ​ច​ជា​តំណែង​ជា​ប្រធាន​ផ្នែក​​ធន​ធាន​មនុស្ស ​ឬ​បុគ្គ​លិក​នៅ​ក្នុង​សហ​គ្រាស ​គ្រឹះ​ស្ថា​ន​ឯក​ជន ​ក៏​នឹង​អាច​ត្រូវ​ហាម​ឃាត់​ផងដែរ។​

​លោក​ សួរ​ ថ្លែង​ថា​៖​ «​ហើយ​ក្នុង​វិស័យ​ដែល​យើង​នឹង​ហាម​គឺ​ស្ថិត​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ដូច​ជា​ការ​លក់​ដូរ កំ​ប៉ិក​​កំប៉ុក​ នៅ​តាម​ផ្លូវ​ តាម​រទេះ​រុញ ​ឬ​មួយ​ក៏​ប្រកប​នូវ​ការ​ជួល​ឡាន​ បើក​ឡាន​តាក់​ស៊ី​ ម៉ូតូ​ឌុប​ ដែល​ជា​ទូទៅ​ជា​ការ​ងារ និង​មុខ​របរ​ ដែល​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​ មិន​អាច​ឲ្យ​ជន​បរទេស​ណា​មួយ​មក​ធ្វើ​ការងារ​នេះ​ទេ»។​

​យោង​តាម​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ​មួយ​ចំនួន​ ​ដែល​ប្រកាស​ឲ្យ​ប្រើប្រាស់​បាន​ឲ្យ​ដឹង​ថា​ ​កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេស​នា​នា​ដែរ​ ជន​បរទេស​អាច​មក​ធ្វើ​ការ​វិនិ​យោគ​ ប្រកប​អាជីវ​កម្ម​ និង​ធ្វើ​ការងារ​នៅ​កម្ពុជា​បាន​ ប្រសិន​ជា​បុគ្គល​នោះ​ទទួល​បាន ការ​អនុ​ញ្ញាត​លើ​គម្រោង​វិនិ​យោគ​ ឬ​អាជីវ​កម្ម​រប​ស់​ខ្លួន​ មាន​ទិដ្ឋា​ការ​ស្នាក់​នៅ​រយៈ​ពេល​​វែង​ និង​មាន​ប័ណ្ណ​/សៀវ​ភៅ​ការ​ងារ​ជន​បរ​ទេស ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា។​ ​

​លោក​មេធាវី​ សុក​ សំ​អឿន​ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា​ ការ​កំណត់​ពី​ការ​​ហាម​ឃាត់​ជន​បរ​ទេ​ស​ មិន​ឲ្យ​ប្រកប​មុខ​របរ​មួយ​ចំនួន​នេះ ​ក៏​ជា​ការ​ប្រសើរ​ផង​ដែរ​ ស្រប​ពេល​ដែល​លំហូរ​ចូល​ជន​បរទេស​ ជា​ជន​ជាតិ​ចិន​ ដែល​ឃើញ​សព្វ​ថ្ងៃ បាន​ដណ្តើម​ទីផ្សារ​ការ​ងារ​របស់​ព​ល​រដ្ឋ​ខ្មែរ​ក្នុង​ស្រុក។​ ជា​មួយ​នឹង​ការសាទរ​ចំពោះ​វិធាន​ការ​នេះ ​លោក​បន្ថែម​ថា​ ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ ​និងធ្វើ​ឲ្យ​ប្រសើ​រឡើង​ផ្នែក​ការ​ងារ ​ការ​ដំឡើង​ពន្ធ​បន្ថែម​លើ​ជន​បរទេស​ និង​ការ​គ្រប់​គ្រង​ជន​បរទេស​ឲ្យ​ត្រឹម​ត្រូវ​ គឺ​ជា​វិធាន​ការ​មួយ​ដែល​ល្អ​ផ​ង​ដែរ​។​ ​

លោក​​ សំ​អឿន​ ​ថ្លែង​ថា​៖​ ​«​សម្រាប់​ឲ្យ​ខ្មែរ​យើង​ក៏​ល្អ​ម្យ៉ាង​ដែរ​ ​ខ្ញុំ​គិត​ថា​ ​បើ​ការ​ងា​រដែល​អាច​មាន​បរ​ទេស​ ហើយ​​យក​ពន្ធ​ឲ្យ​ច្រើន​ជាង​ខ្មែរ​យើង​ ​ក៏​ល្អ​ម្យ៉ាង​ដែរ​ ​ព្រោះ​ការ​ងារ​ខ្លះ ​យើង​​បិ​ទ ​អាច​បាត់​ផល​ ​(​ចំ​ណេញ​)​ ពី​បរ​ទេស​មក​វិនិ​យោ​គនៅ​ស្រុក​ខ្មែរ​ដែរ»។​ ​

លោក​ ​សំ​អឿន​ អះ​អាង​ផង​ដែរ​ថា ​ការ​គ្រប់​គ្រងប្រ​ព័ន្ធ​​របស់​រដ្ឋា​ភិបាល​ទៅ​លើ​ជន​បរទេស​នា​ពេល​កន្លង​មក​ដូច​ជា​នៅ​ខ្សោយ។​​ យោង​តាម​ច្បាប់​ការងារ​ និង​សេច​ក្តី​ប្រកា​ស​បន្ថែម​ស្តី​ពី​ការ​ប្រើ​ប្រាស់​ហ​ត្ថ​ពល​កម្ម​បរទេស​ បាន​កំណត់​ឲ្យ​គ្រប់​រោង​ចក្រ សហ​គ្រាស​ គ្រឹះ​ស្ថាន​នៅ​កម្ពុជា​ អាច​ប្រើ​ប្រាស់​ជន​បរទេស​ ដែល​ជា​អ្នក​ឯក​ទេស​ អ្នក​ប​ច្ចេ​ទេស​ ឬ​អ្នក​មាន​ជំនាញ​វិជ្ជា​ជីវៈ​ ​យ៉ាង​ហោច​ណាស់​ ១០​ ភាគ​រយ​ប៉ុណ្ណោះ នៃ​ចំនួន​បុគ្គ​លិក​ ឬ​កម្មករ​សរុប​នៅ​ស្ថាប័ន​ទាំង​នោះ​ ខណៈ​ច្បាប់ ក៏​កំ​ណត់​ឲ្យ​គ្រប់​ស្ថាប័ន​ទាំង​អស់ ​ត្រូវ​ជ្រើស​រើស​ជន​ជាតិ​ខ្មែរ​ នៅ​ក្នុង​តំណែង​ណា​មួយ​ជា​អាទិភាព​ផងដែរ។​

​​លោក​ សុក​ ​សំអឿន​ បាន​អះ​អា​ង​ថា​ភាព​ចន្លោះ​ប្រ​ហោង​នៃ​ច្បាប់​​ចំពោះ​ការ​កំណត់​ការ​ហាម​ឃាត់​មុខ​របរ​ណា​មួយ​មិន​ឲ្យ​ជន​បរទេស​ធ្វើ​នោះ ​គឺ​ជា​​ឱ​កាស​មួយ​ដែល​នាំ​ឲ្យ​ជន​បរទេស​ទាំង​នោះ ​អាច​ប្រកប​អាជីវ​កម្ម​ គ្រប់​បែប​យ៉ាង​ ដែល​ពួកគេ​ចង់។​

​លោក ​ហេង​ សួរ​ ឲ្យ​ដឹង​ថាវិនិ​​យោ​គិន​បរ​ទេស ​ដែល​ស្នាក់​នៅ​ជា​ប្រចាំ​នៅ​កម្ពុជា​ត្រូវ​បង់​អាក​​រលើ​ទិដ្ឋា​ការ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​រយៈ​ពេល​វែង​ចំនួន​ ១៨០​ ដុល្លារ​ ក្នុង​ ១​ ឆ្នាំ ​និង​បង់​អាក​រ​ប័ណ្ណ​/​សៀវ​ភៅ ​ការ​ងារ​​ប្រមាណ​ជា ​១៣០​ ដុល្លារ​ ក្នុ​ង​ ១ ​ឆ្នាំ។​

ដោយ​ឡែក​សម្រាប់​ជន​បរ​ទេស​ ដែល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​ ក្រៅ​ពី​បង់​អាក​រ​ទាំង​ ២ នេះ​ គឺ​ត្រូវ​បង់​អាករ​ស្នើ​សុំ​កូតា​ប្រើ​ប្រាស់​ជនបរទេស​ប្រមាណ​ ៥០​ ដុល្លារ​ ក្នុង​ ១ ឆ្នាំ​បន្ថែម​ទៀត។​ ជា​រួម​ជន​បរទេស​ម្នាក់​ត្រូវ​បង់​អាករ ​ជា​ចំណូល​ថវិកា​ជាតិ​ប្រ​មាណ​ជា​ ៣៦០​ ដុល្លារ​ ​ក្នុង ១ ឆ្នាំ៕​