ភ្នំពេញ៖ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ណែនាំ​ឲ្យ​បណ្តា​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​ បើក​ប្រាក់​ឈ្នួល​ដើម​ខែ​មេសា និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មករ​និយោជិត ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់។

សេចក្តី​ណែនាំ​របស់​ក្រសួង​ការងារ​​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ស្តីពី​ការងារ ការ​ផ្អាក​សកម្មភាព​អាជីវកម្ម​របស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ដោយសារ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នាំ​ឲ្យ​មាន​ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត។

ដើម្បី​ធានា​ផល​ប្រយោជន័​របស់​បងប្អូន​កម្មករ​និយោជិត​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន​ដែល​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ ត្រូវ​រក្សា​ប៉ុស្តិ៍​ការងារ​ និង​រក្សា​អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ។

ក្រសួង​បញ្ជាក់​ថា៖ "ត្រូវ​បើក​ផ្តល់​ប្រាក់​ឈ្នួល​ដើម​ខែ​មេសា (ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៤ មេសា ឆ្នាំ ២០២១) ជូន​កម្មករ​និយោជិត​របស់​ខ្លួន ប្រសិន​ជា​មិន​ទាន់​បាន​បើក​ផ្តល់​នាពេល​កន្លង​មក។ ការ​បើក​ផ្តល់​នេះ សូម​ធ្វើ​នៅ​ក្រោយ​ពេល​ចប់​វិធានការ​បិទ​ខ្ទប់"។

ក្រសួង​ការងារ​បន្ត​ថា៖ "ត្រូវ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ដល់​កម្មករ​និយោជិត​របស់​ខ្លួន​ទៅ​តាម​លទ្ធភាព​ដោយ​ផ្អែក​លើ​ស្មារតី​មនុស្ស​ធម៌ សាមគ្គីភាព និង​ទំនួល​ខុស​ត្រូវ​សង្គម​ក្នុង​គ្រា​លំបាក​រួម​នេះ។ ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ ក៏​សូម​ធ្វើ​នៅ​ក្រោយ​ពេល​ចប់​វិធានការ​បិទ​ខ្ទប់"។

ក្រសួង​បន្ថែម​ថា ក្រៅ​ពី​នេះ ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​កម្មករ​និយោជិត​ដែល​កំពុង​រស់នៅ​ជាក់​ស្តែង​នៅ​តាម​បន្ទប់​ជួល​តំបន់​បិទ​ខ្ទប់ រាជរដ្ខាភិបាល​បាន​និង​កំពុង​ផ្តល់​ជំនួយ​សង្គម​ផ្សេងៗ​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផង​ដែរ។

ក្រសួង​សង្ឃឹម​យ៉ាង​មុត​នាំ​ថា លោក-លោកស្រី​ជាម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុន និង​បងប្អូន​កម្មករ​និយោជិត​ទាំង​អស់​នឹង​អនុវត្ត​សេចក្តី​ណែនាំ​នេះ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ និង​យោគយល់​គ្នា៕