ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាអាចធ្វើសកម្មភាពស្វ័យនិយោជន៍ (មុខរបរផ្ទាល់ខ្លួនខ្នាតតូច) លើប្រភេទមុខរបរ និងការងារមួយចំនួនឡើងវិញ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជាបន្ទាប់ពីក្រសួងបានប្រកាសហាមជនបរទេសប្រកបមុខរបរខ្នាតតូចដែលជាការដណ្តើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ៥ តុលា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា យោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងប្រទេស កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថាលោកខកចិត្តចំពោះសេចក្ដីប្រកាសទី ២ នេះដែលអនុញ្ញាតឲ្យជនបរទេសអាចបើកប្រកបអាជីវកម្មខ្នាតតូចឡើងវិញដោយសំអាងថា ចង់លើកទឹកចិត្តដល់ជនបរទេសមកវិនិយោគនៅកម្ពុជា។
លោកបន្តថាលោកគាំទ្រចំពោះការទាក់ទាញ និងការលើកទឹកចិត្តដល់វិនិយោគបរទេសតាមរយៈបើកមុខរបរធំៗ ឬក្រុមហ៊ុនធំៗនៅកម្ពុជា ប៉ុន្ដែលោកមិនស្វាគមន៍ចំពោះជនបរទេសដែលមកដណ្ដើមមុខរបរខ្នាតតូចរបស់ពលរដ្ឋខ្មែរដូចជា ការលក់នំតាមចិញ្ចើមផ្លូវ លក់បបរ លក់នំប៉័ង រត់ Taxi ប៉ះកង់ឡាន ឬម៉ូតូ ម៉ាស្សា ផលិតវត្ថុអនុស្សាវរីយ៍ និងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងៗទៀតនោះទេ។
លោកបញ្ជាក់ថា៖ «យើងគាំទ្រឲ្យមានក្រុមហ៊ុនបរទេសធំៗ រោងចក្រកាត់ដេរធំៗ ឬអ្នកជំនាញផ្នែកបច្ចេកទេសដែលខ្មែរមិនទាន់មានគឺយើងស្វាគមន៍គាត់ឲ្យមកបើកអាជីវកម្ម និងធ្វើការនៅកម្ពុជាយើង ប៉ុន្ដែអ្នកបើកបរ អ្នកលក់ទាខ្វៃ អ្នកប៉ះកង់ជាជនបរទេស យើងមិនស្វាគមន៍ទេ ព្រោះខ្មែរយើងក៏អាចធ្វើបានដែរ។ ដូច្នេះពួកខ្ញុំគ្មានអ្វីតវ៉ាទេ តែសូមរដ្ឋាភិបាលជួយពិចារណាលើលិខិតនេះផង ព្រោះវាប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលជាអ្នកប្រកបអាជីវកម្មខ្នាតតូចៗនេះ»។
លោក វន់ ពៅ បន្ថែមថារហូតមកដល់ពេលនេះគេមិនទាន់អាចកំណត់ថា ជនបរទេសប៉ុន្មាននាក់ ឬប៉ុន្មានភាគរយដែលកំពុងប្រកបអាជីវកម្មស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះទេ ប៉ុន្ដែលោកកត់សម្គាល់ឃើញថានៅខេត្តព្រះសីហនុ ភ្នំពេញ បាវិត និងប៉ោយប៉ែត ឃើញមានភាគច្រើនជាជនជាតិចិនកំពុងបើកអាជីវកម្មដែលទាក់ទងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។
កាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។
ដោយប្រការ ២ នៃសេចក្តីប្រកាសនោះបានលើកឡើងថាត្រូវហាមឃាត់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេសនូវមុខរបរ និងការងារដូចជា អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម អ្នកម៉ាស្សា អ្នកអ៊ុតសក់ អ្នកកាត់ដេរ អ្នកប៉ះកង់ និងមុខរបរខ្នាតតូចមួយចំនួនទៀត។
ក្នុងប្រការ ៣ នៃសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ «ក្រសួងការងារនឹងមិនផ្ដល់ ឬមិនបន្តសុពលភាពប័ណ្ណ ឬសៀវភៅការងារដល់ជនបរទេសដែលកំពុងប្រកបមុខរបរដូចមានកំណត់ក្នុងប្រការ ២ នៃប្រកាសនេះ។ ជនណាដែលប្រព្រឹត្តផ្ទុយពីបញ្ញត្តិនៃប្រកាសនេះត្រូវធ្វើការពិន័យជាប្រាក់ និងផ្ដន្ទាទោសតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបទប្បញ្ញត្តិជាធរមាន»។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានពន្យល់ពាក្យ «បុគ្គលស្វ័យនិយោជន៍» ថាគឺសំដៅទៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្ដល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញសេចក្ដីប្រកាសនេះបានទេកាលពីម្សិលមិញដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល ខណៈដែលលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធធ្វើអធិប្បាយ៕
វីដេអូ៖