ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២១ ដែលកំណត់ថានឹងចាប់ផ្តើមនៅខែក្រោយ ខណៈសហជីពបារម្ភពីភាពតានតឹងជាងឆ្នាំមុនក្នុងអំឡុងពេលចរចាក្រោមហេតុផលជំងឺកូវីដ ១៩។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះហត្ថលេខាដោយលោក អ៊ិត សំហេង កាលពីថ្ងៃទី ១០ មិថុនា បានឲ្យដឹងថា យោងតាមច្បាប់កំណត់កិច្ចចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២១ នឹងចាប់ផ្តើមនៅអំឡុងខែកក្កដាខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភាគីនីមួយៗ អាចពិភាក្សាគ្នាជាលក្ខណៈផ្ទៃក្នុង។
សេចក្តីជូនដំណឹងដដែលបានបន្តថា បន្ទាប់មកសម្រាប់ខែសីហាគឺភាគីពាក់ព័ន្ធនឹងចាប់ផ្តើមប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈទ្វេភាគី និងត្រីភាគី ខណៈក្រសួងការងារសម្រេចយកខែកញ្ញាក្នុងការបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាថ្មីដែលនឹងត្រូវយកទៅអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា នៅឆ្នាំបន្ទាប់។
ក្រសួងការងារបានបញ្ជាក់ក្នុងលិខិតថា «គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារ និងកម្រិតចំណេញរបស់វិស័យ) ដែលមានចែងក្នុងច្បាប់»។
ក្នុងនោះក្រសួងបានបន្ថែមថា ចំពោះបន្ទាត់ភាពក្រីក្រក៏ត្រូវយកមកប្រើប្រាស់ក្នុងការបូកបញ្ចូលជាមួយលក្ខណវិនិច្ឆ័យទាំងនេះផងដែរ ដើម្បីបានធ្វើជាមូលដ្ឋានក្នុងការពិភាក្សាសម្របសម្រួលផ្ទៃក្នុង និងទទួលបានជាគោលជំហររួមមួយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
ចាប់តាំងពីឆ្នាំ ២០១៤ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ ២០២០ នេះបានឡើងដល់ ១៩០ ដុល្លារក្នុង ១ ខែ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានលើកឡើងថា រដូវកាលចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២១ នឹងមកដល់នៅខែក្រោយ ដែលមើលតាមស្ថានភាពការចរចានឹងកាន់តែតានតឹងជាងឆ្នាំមុនៗទៅទៀត ស្របពេលមានផលប៉ះពាល់ពីជំងឺកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «យើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ហើយថា ការចរចាកន្លងមក បើទោះបីជាគ្មានហានិភ័យអ្វីក៏ដោយ ក៏ភាគីនិយោជក តែងតែត្អូញត្អែរពីផលវិបាកនានារបស់ពួកគេដែរ។ ដូច្នេះការចរចានៅក្នុងឆ្នាំនេះវារឹតតែតានតឹងជាងឆ្នាំមុនៗបំផុត»។
យ៉ាងណាលោក ស៊ីណា បានលើកឡើងថា ក្នុងនាមតំណាងសហជីព ១ រូប លោកសូមសាទរ និងត្រៀមខ្លួនចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សានេះ ខណៈលោករំពឹងថា ភាគីសហជីពនឹងជួបពិភាក្សាគ្នាក្នុងពេលខាងមុខ ដើម្បីកំណត់ក្រុមស្រាវជ្រាវស្វែងរកតួលេខរួមមួយតាមលក្ខណៈវិទ្យាសាស្ត្រ សម្រាប់ដាក់លើតុចរចា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ទស្សនវិស័យរបស់និយោជកក្នុងវិស័យកាត់ដេរគឺមិនត្រឹមតែនៅកម្ពុជាទេ តែពិភពលោកទាំងមូលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក និងភាពមិនប្រាកដប្រជា ហើយនេះជាការពិតដែលគ្រប់គ្នាបានឃើញ និងបានជួបប្រទះដោយផ្ទាល់ផង។
លោកថា៖ «ស្របគ្នានេះដែរធនាគារពិភពលោកក៏បានព្យាករថាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២០ នេះអាចនឹងថយចុះជាង ៥ ភាគរយ។ ក្នុងស្ថានភាពបែបនេះការពិភាក្សាណាមួយអំពីការដំឡើងប្រាក់ឈ្នួលគឺមិនមានភាពសមស្របទាល់តែសោះ»៕