ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតជាច្រើនច្បាប់ទៅកាន់ក្រុមនិយោជកដើម្បីរំឭកពាក់ព័ន្ធនឹងការអនុវត្តច្បាប់ការងារក្នុងនោះក៏បានលើកឡើងពីរបៀបគិតប្រាក់បំណាច់អតីតភាពការងារផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារបានអះអាងថា លិខិតទាំងនេះគឺជាការរាយការណ៍ពីវឌ្ឍនភាពការងារដែលបានឯកភាពគ្នានាកន្លងទៅ។
លិខិតជាច្រើនច្បាប់ចុះថ្ងៃទី ២១ កុម្ភៈ ដែលផ្ញើទៅកាន់ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាគឺមានខ្លឹមសារខុសៗគ្នាដោយលិខិតខ្លះបានណែនាំទាក់ទងនឹងការធ្វើអធិការកិច្ចការងារស្តីពីករណីគណនាការឈប់សម្រាកប្រចាំឆ្នាំជាសមាមាត្រ ការប្រើប្រាស់គិលានដ្ឋានរួម និងមូលដ្ឋានសុខាភិបាលជំនួសការរៀបចំគិលានដ្ឋានប្រចាំសហគ្រាសគ្រឹះស្ថាន។
ក្រៅពីនេះលិខិតទាំងនេះក៏បានណែនាំពីការរក្សាអាថ៌កំបាំងវិជ្ជាជីវៈរបស់មន្ត្រីអធិការកិច្ចការងារ ការធ្វើអធិការកិច្ចការងារស្តីពីរបៀបគិតប្រាក់បំណាច់អតីតភាពការងារ ចំពោះកម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារ រួមទាំងណែនាំពីរបៀបគិតអតីតភាពការងារដើម្បីកំណត់រយៈពេលជូនដំណឹងមុនដែលនិយោជកត្រូវអនុវត្តពេលបញ្ចប់កិច្ចសន្យាការងារក្នុងករណីដែលកិច្ចសន្យាការងារមានកំណត់ថិរវេលា (FDC) ក្លាយទៅជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) ផងដែរ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការចេញឯកសារទាំងនេះគឺជាការរំឭកដល់សមាជិកដែលបានចូលរួមឯកភាពគ្នាកាលពីឆ្នាំមុន ដើម្បីឲ្យក្រុមការងារទាំងអស់ធ្វើការរាយការណ៍ពីវឌ្ឍនភាពរបស់ខ្លួនដែលសម្រេចបានកន្លងមក។
លោកបញ្ជាក់ថា៖ «វាគឺជាឯកសារដែលយើងបានឯកភាពគ្នាក្នុងកិច្ចប្រជុំក្រុមការងារទី ៨ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩។ យើងត្រូវដល់ពេលរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមការងារទី ៨ នាថ្ងៃទី ២៦ ខែកុម្ភៈ។ រដ្ឋាភិបាលមានវេទិកាជាមួយវិស័យឯកជនដែលបានបង្កើតរយៈពេល ១២ ឆ្នាំហើយ ហើយវិស័យដែលពាក់ព័ន្ធជាមួយវិស័យការងារនេះគឺគេហៅថា ក្រុមការងារទី ៨។ នៅថ្ងៃ ១ ខែ ៤ នេះ សម្តេចនឹងជួបជាមួយនឹងក្រុមការងារវិស័យឯកជន ដើម្បីវឌ្ឍនភាពរបស់ក្រុមការងារទី ៨ បានប្រជុំគ្នា ហើយបានចេញផ្សាយ»។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករបានលើកឡើងថា លិខិតទាំងនេះមួយចំនួនពាក់ព័ន្ធនឹងអ្វីដែលមានចែងក្នុងច្បាប់ការងារ ប៉ុន្តែនិយោជកភាគច្រើនមិនបានចូលរួមអនុវត្តដូចជា ការរៀបចំកន្លែងទារកដ្ឋាន សម្រាប់កម្មករជាដើម។ លោកយល់ថា លិខិតទាំងនេះគឺជាការរំឭកទៅដល់និយោជកទាំងអស់ដើម្បីឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅនឹងអ្វីដែលបានដាក់ចេញ។
លោកបញ្ជាក់ថា៖ «ដូចការចុះធ្វើអធិការកិច្ចទៅតាមស្ថាប័នទាំងនោះបើបានរកឃើញថា មិនបានធ្វើទៅតាមអ្វីដែលបានបញ្ញត្តិនោះគឺនឹងមានការពិន័យទៅដល់និយោជកទាំងនោះ។ ជាការយល់ឃើញគឺជាការរំឭកទៅដល់និយោជកដោយធ្វើយ៉ាងម៉េច អនុវត្តឲ្យបានត្រឹមត្រូវស្របតាមបទប្បញត្តិដែលច្បាប់បានចែង»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ប៉ុន្តែ ណាង សុធី ដែលជាតំណាងឲ្យក្រុម និយោជកបានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារទី ៨ ផ្នែកទំនាក់ទំនងវិជ្ជាជីវៈកាលពីម្សិលមិញថា រដ្ឋាភិបាលតែងតែនៅជាប់ជាមួយនិយោជក និងកម្មករនិយោជិត និងជួយដោះស្រាយជូនភាគីទាំងសងខាង។
លោកក៏បានអរគុណលោក រដ្ឋមន្ត្រី អ៊ិត សំហេង ផងដែរ ដែលបានដឹកនាំវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានល្អ ពិសេសនោះក្រុមការងារទី ៨ ដែលធ្វើឲ្យវិស័យឯកជនអស់ក្តីកង្វល់ក៏ដូចជា បញ្ហាប្រឈមនានាជាច្រើន។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារពីម្សិលមិញ។
ទំព័រហ្វេសប៊ុកដដែលក៏បានឲ្យដឹងដែរថា កិច្ចប្រជុំក្រុមការងារទី ៨ ផ្នែកទំនាក់ទំនងវិជ្ជាជីវៈកាលពីម្សិលមិញមានគោលបំណងឆ្លើយតប និងដោះស្រាយទៅនឹងកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក។
តាមទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងបន្តថា គិតចាប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃនេះក្រសួងបានខិតខំដោះស្រាយសំណូមពរជាច្រើនរបស់វិស័យឯកជន ដូចជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី “ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ” និងបានចេញប្រកាស សេចក្តីជូនដំណឹង សេចក្តីណែនាំជាច្រើនក្នុងន័យធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន៕