ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​លិខិត​​មួយ កាល​ពី​ថ្ងៃ​សុក្រ ​សុំ​ឲ្យ​​តុលាការ​​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ ​លោក មឿន តុលា សកម្មជន​សិទ្ធិ​ការងារ ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​កិបកេង​បច្ច័យ​បុណ្យ​សព​លោក កែម ឡី​ អ្នក​វិភាគ​នយោបាយ។

តុលាការ​ក្រុងភ្នំពេញ​បាន​ចោទ​ប្រកាន់​ចំពោះ​លោក មឿន តុលា ព្រម​ជាមួយ​ព្រះអង្គ ប៊ុត ប៊ុនតិញ និង​លោក ប៉ា ងួនទៀង អ្នក​តស៊ូ​មតិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ កាល​ពី​ខែ​មករា​កន្លង​ទៅ។ ​

ផ្ទុយ​ទៅ​វិញ​ខាង​សមាជិក​ក្រុម​គ្រួសារ​លោក កែម​ ឡី​​បាន​អះអាង​ថា អ្នក​ទាំង​ ៣ ​គ្មាន​ជាប់​ពាក់​ពន្ធ័​នឹង​ការ​ចាត់​ចែង​បច្ច័យ​បុណ្យ​សព​លោក កែម ​ឡី ទេ។ ការ​ចោទ​ប្រ​កាន់​នេះ​ត្រូវ​បាន​ថ្កោល​ទោស​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ផងដែរ។

ពេល​នេះ​ ក្រសួង​ការ​ងារ​បាន​ស្នើ​សុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ទៅ​លើ​លោក​ តុលា ដោយ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ស្នើសុំ​ថា​ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ។ លោក តុលា​ ដែល​ពេល​​នេះ​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​លើក​ឡើង​ថា​ ការ​​ស្នើ​សុំ​ទម្លាក់​​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក ​គឺ​ជា​ការ​ដាក់​សម្ពាធ​ពី​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់។

តំណាង​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​ដ៏​ធំ​នៅ​ អាមេរិក ​និង​សហគម​អឺរ៉ុប​រួម​បញ្ចូល​ទាំង Gap និង H&M ផង​នោះ ​បាន​ជំរុ​ញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​លោក តុលា​ផងដែរ។

ក្រុមហ៊ុន​វាយនភ័ណ្ឌ​​យក្ស​របស់​អាមេរិក គឺ VF cooperation ​ដែល​តំណាង​ឲ្យ​ម៉ាក North Face, JanSport និង Timberland ក៏​បាន​លើក​ឡើង​ពី​កង្វល់​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ ការងារ ​កាល​ពី​ខែ​មុន​ថា សកម្មភាព​នា​ពេល​ថ្មីៗ​នេះ ​ហាក់​ដូច​ជា​ប៉ះ​ពាល់​ដល់​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​សិទ្ធិ​របស់​កម្មករ។​

លោក​ស្រី Naly Pilorge នាយិកា​ប្រតិបត្តិ​របស់​អង្គការ LICADHO ​បាន​លើក​ឡើង​ថា លោក​ស្រី មិន​ប្រាកដ​ទេ​ថា​ហេតុ​អ្វី​​បាន​ជា​ក្រសួង​បាន​ធ្វើការ​ស្នើ​សុំ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់ ​តែ​បាន​សាទរ​និង​សង្ឃឹម​ថា​ នឹង​មាន​ការ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​នេះ​មែន។ ការ​ចោទ​ប្រកាន់​​ទៅ​លើ​អ្នក​ទាំង​ ៣ គឺ​លោក តុលា ព្រះអង្គ ប៊ុនតិញ​ និង​លោក ងួនទៀង គួរ​​ធ្វើ​ជា​បន្ទាន់​ និង​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ជាក់​លាក់។

លោក តុលា​ បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ដំណើរការ​មួយ​ប្រកប​ដោយ​ភាព​វិជ្ជមាន ​តែ​លោក​អះអាង​ថា លោក​នៅ​រង់​ចាំ​ការ​សម្រេច​ផ្លូវ​ការ​ពី​តុលា​ការ​ដោយ​លោក​បញ្ជាក់​ថា ៖ «ខ្ញុំ​នៅ​តែ​បញ្ជាក់​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ហើយ​តុលាការ​គួរ​ចេញ​លិខិត​ផ្លូវ​ការ​ក្នុង​ការ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​នេះ»។

លោក​តុលា​បន្ថែម​ ថា ៖ «ក្នុង​ករណី​នេះ​អ្នក​ ២ ​នាក់​ទៀត​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​ ការ​ចោទ​ប្រកាន់​ផង​ដែរ»។

នៅ​ក្នុង​លិខិត​ដែល​ស្នើ​ទៅ​តុលាការ​ ក្រសួង​ការងារ​មិន​បាន​ពន្យល់​ពី​ហេតុ​ផល​ដែល​មិន​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​ចំពោះ​លោក ងួនទៀង និង​ព្រះ​អង្គ ប៊ុន​តិញ​ទេ។ អ្នក​នាំពា​ក្យ​របស់​ក្រសួង​ការ​ងារ​ គឺ​លោក ហេង​ សួរ មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ។

អ្នក​ស្រី ប៊ូ រចនា ភរិយា​សព​លោក កែម​ ឡី បាន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អ្នក​ស្រី​មិន​ដែល​ជឿ​ថា ​អ្នក​ទាំង​ ៣ ​បាន​ប្រព្រឹត្ត​​ដូច​ការ​ចោទ​ប្រកាន់​ស្រាប់​ទៅ​ហើយ​ ព្រោះ​ការ​ប្តឹង​ចោទ​ប្រកាន់​អ្នក​ទាំង​ ៣ ​គឺ​គ្មាន​ភ័ស្តុ​តាង​ និង​ហេតុ​ផល​ត្រឹម​ត្រូវ​ទេ​គឺគ្រាន់​តែ​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​ពួក​គាត់​តែ​ប៉ុណ្ណោះ​ទេ។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌​ ​លោក ជិន ម៉ាលីន បាន​លើក​ឡើង​ថា៖ «ប្រសិន​បើ​តុលាការ​ស៊ើប​​អង្កេត​ទៅ​មាន​ភ័ស្ដុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​នោះ​តុលាការ​​មាន​សិទ្ធិ​អំណាច​ពេញ​លេញ ​ហើយ​បើ​រក​ទៅ​គ្មាន​ភ័ស្ដុតាង​ថា​ មាន​ទោស​គឺ​ត្រូវ​ចប់​ហើយ​។ ការ​សម្រេច​ថា​ត្រូវ​ចោទ​ឬ​លើក​លែង​ការ​ចោទ​​ប្រកាន់​ជា​សិទិ្ធ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​មិន​ចាំ​បាច់​ប្រាប់​មក​ក្រសួង​អំពី​ការ​សម្រេច​របស់​ខ្លួន​ឡើយ»។

អ្នក​នាំពាក្យ​របស់​តុលាការ​ក្រុង​​ភ្នំពេញ​ មិន​អាច​ទាក់​ទង​សុំការ​បញ្ជាក់​បាន​ទេ​កាល​ពីថ្ងៃ​អាទិត្យ។

ព្រះ​អង្គ ប៊ុនតិញ អះ​អាង​ថា ព្រះ​អង្គ​មិន​បាន​ប្តឹង​សុំ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​ព្រះអង្គ​ទេ​ ដោយ​​បញ្ជាក់​ថា​ ៖ «​អ្វីៗ​គ្រប់​យ៉ាង​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​គណបក្ស​កាន់​អំណាច​ និង​តុលា​ការ ហេតុ​នេះគេ​អាច​សម្រេច​អ្វីៗ​ទាំង​អស់​ស្រេច​លើគេ​»។

ព្រះអង្គ​លើក​ឡើង​ថា​ សម្ពាធ​​ពី​ឧស្សាហកម្ម​កាត់​ដេរ​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្នើ​លើក​លែង​ការ​ចោទ​ប្រកាន់​ដោយ​បារម្ភ​​ថា អាច​នឹង​មាន​ការ​តវ៉ា​ធ្វើ​កូដកម្ម​ម្យ៉ាង​អាច​នឹង​មាន​ការ​ប៉ះពាល់​ផល​ប្រយោជន៍​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​​ និង​សហគមន៍​អឺរ៉ុប។

ព្រះ​អង្គ ប៊ុន​តិញ បាន​បន្ថែម​ថា៖ «អាត្មា​មិន​ស្នើសុំ​រដ្ឋាភិបាល​កខ្វក់​នេះឲ្យ​លើក​លែង​ការចោទ​ប្រកាន់​ទេ​ដោយសារ​គេ​ជា​អ្នក​បង្កើត​វា»៕