ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីថ្ងៃទី ១១ មករា តទៅ ខណៈការផ្តល់សេវាសាធារណៈទាំងនេះនៅថ្នាក់ក្រោមជាតិតាមអង្គភាពច្រកចេញចូលតែ ១ នឹងដំណើរការចាប់ពីខែមីនាទៅ។
ប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ និងទើបត្រូវបានផ្សព្វផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា ការសម្រេចនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ការសម្រេចនេះក៏ស្របតាមសំណើរបស់វិស័យឯកជននៅក្នុងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន។
ប្រកាសរបស់ក្រសួងបានណែនាំថា សម្រាប់សេវាសាធារណៈដែលនឹងត្រូវប្រកាសឱ្យដំណើរការចាប់ពីថ្ងៃទី ១១ មករា គឺអាចចូលស្វែងរកសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានគេហទំព័រ https://lacms.mlvt.gov.kh។
ចំណែកប្រព័ន្ធស្វ័យប្រវត្តិកម្មដែលពាក់ព័ន្ធសេវាសាធារណៈវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចូលតាមរយៈគេហទំព័រដែលមានគឺ https://tvcms.mlvt.gov.kh និងប្រព័ន្ធស្វ័យប្រវត្តិកម្មដែលពាក់ព័ន្ធនឹងសេវាសាធារណៈជនបរទេស គឺចូលតាមរយៈគេហទំព័រក្រសួងដែលមានគឺhttps://fwcms.mlvt.gov.kh។
ក្រសួងបញ្ជាក់ថា៖ «ដោយឡែកចំពោះសេវាសាធារណៈដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញចូលតែ ១ រាជធានី ខេត្ត នឹងត្រូវឱ្យដាក់ដំណើរការចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១ តទៅ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះគឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពងាយស្រួលដល់រោងចក្រ សហគ្រាស ក៏ដូចជា កម្មករនិយោជិត ដោយមិនចាំបាច់ធ្វើដំណើរមកក្រសួង ឬមន្ទីរ ឬច្រកចេញចូលក្នុងការទទួលយកសេវារបស់ក្រសួង។
លោក ហេង សួរ ក៏បានថ្លែងឱ្យដឹងទៀតថា៖ «តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះយើងក៏មានទិន្នន័យច្បាស់លាស់រក្សាបាននូវអតីតភាព និងប្រវត្តិការងាររបស់កម្មករនិយោជិត ទោះជាផ្លាស់ប្តូរសហគ្រាស ឬបាត់បង់ឯកសារណាមួយក៏ដោយ។ ប្រព័ន្ធទិន្នន័យនេះក៏នឹងជួយឱ្យក្រសួងអាចបូកយោងអតីតភាពការងារ ការទទួលស្គាល់ជំនាញក្នុងអាជីពរបស់កម្មករនិយោជិតម្នាក់ៗទោះជាគាត់ធ្វើការងារក្នុងប្រទេស ឬក្រៅប្រទេសក៏ដោយ»។
ជាមួយគ្នានេះលោក ហេង សួរ បានឱ្យដឹងថា ក្រសួងកំពុងបន្តការចរចាជាមួយបណ្តាប្រទេសអាស៊ានដែលបានអនុម័តកិច្ចព្រមព្រៀងបំផ្លាស់ទីដោយសេរីរបស់រូបវន្តបុគ្គល ដើម្បីអាចបង្វែរអត្ថប្រយោជន៍ និងបូកយោងទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះផងដែរ។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា ការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនឹងជួយផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាដោយការកាត់បន្ថយថវិកា និងពេលវេលា។ បន្ថែមពីនេះលោកថា កម្មវិធីនេះក៏ចូលរួមកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយ ឬក៏ត្រូវបានលុបបំបាត់ផងដែរ។
លោកបញ្ជាក់ថា៖ «រឿងនេះ គឺបានប្រយោជន៍សម្រាប់វិស័យឯកជន និងសាធារណជនដែលកាត់បន្ថយនូវចំណាយផ្សេងៗ ព្រោះកាលណាគាត់ទៅដល់ផ្ទាល់គឺគាត់ត្រូវចំណាយពេលវេលាផង ថវិកាផង ហើយអាចមានអំពើពុករលួយពីមន្ត្រីខូចខិលមួយចំនួនផង។ មួយទៀត បើការប្រើប្រាស់សេវាតាមអនឡាញនេះហើយ តែបែរជាគាត់មិនទទួលបានសេវាវិញនោះនឹងមានអ្វីមិនប្រក្រតីហើយ»។
ជាមួយនឹងការសាទរលោក មឿន តុលា រំពឹងថាក្រសួង នឹងធ្វើការផ្សព្វផ្សាយអំពីរបៀបប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់សេវា និងក្រុមហ៊ុនដែលស្វែងរកសេវាទាំងអស់ ដើម្បីឱ្យពួកគេមានការយល់ដឹង និងដើម្បីឱ្យប្រាកដថា ការដាក់ដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះទទួលបានជោគជ័យ៕