ភ្នំពេញៈ ក្រសួង​ការងារ​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៣ ផ្តល់ឱកាស​ការងារ​ជិត​ ៤០០ ​កន្លែង​ដល់​យុវជន ហើយ​ដែល​ឱកាស​ការងារ​នេះ​នឹង​រៀបចំ​ឡើង​ក្នុង​កម្មវិធី “​កិច្ចសម្ភាសន៍​ប្រចាំខែ​” នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​នេះ សម្រាប់​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៦ កុម្ភៈ ថា ក្រុមហ៊ុន​ធំៗ​ទាំង​ ៣ ដែល​បាន​ចូលរួម​ក្នុង​កិច្ចសម្ភាសន៍​នា​ខែកុម្ភៈ ដើម្បី​ជ្រើសរើស​បុគ្គលិក​នេះ​រួមមាន​ក្រុមហ៊ុន​ធានារ៉ាប់រង Manulife ក្រុមហ៊ុន Vital និង​ធនាគារ ABA Bank​។

តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្មវិធី “​កិច្ចសម្ភាសន៍​ប្រចាំខែ​” គឺជា​ផ្នែក​មួយ​នៃ​យន្តការ​វេទិកា​ការងារ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្ដល់​ឱកាស​ដល់​សាធារណជន​ទូទៅ ជាពិសេស​យុវជន​ដែល​ចង់​ស្វែងរក​ការងារ​​ធ្វើ អ្នកស្វែងរក​កន្លែង​កម្មសិក្សា ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារ​អាច​ទទួល​បាន​កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​នៅ​ ១ ​កន្លែង​។

ក្រសួង​បញ្ជាក់ថា​៖ «​សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​អាច​យក​ប្រវត្តិរូប​សង្ខេប​ (CV) ​និង​រៀបចំខ្លួន​ឱ្យបាន​សមរម្យ​ទៅ​តាម​មុខតំណែង​ដែល​ខ្លួន​ចង់បាន ដើម្បី​ចូលរួម​ដាក់ពាក្យ​ផ្ទាល់ និង​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​នៅ​ថ្ងៃ​កិច្ចសម្ភាសន៍​ចាប់ពី​ម៉ោង​ ០៨:០០ ​ព្រឹក​ដល់​ម៉ោង​ ០៥:០០ ​ល្ងាច​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ស្ថិត​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​។

លោក​ ឆោម សុខឿន មន្ត្រី​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ដែល​សម្រប​សម្រួលការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​លើកឡើងថា កិច្ចសម្ភាសន៍​ការងារ​ប្រចាំខែ បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​ភាគី​និយោជក ដែល​កំពុងមាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក​ទាំង​ពេលបច្ចុប្បន្ន​ និង​អនាគត ឱ្យ​មាន​ឱកាស​បាន​ជួប​ជាមួយ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ដោយផ្ទាល់​ដើម្បី​យកទៅ​បំពេញ​បេសកកម្ម​ក្រុមហ៊ុន និង​សម្រេច​ផែនការ​របស់​ពួកគេ​ដែល​បានកំណត់​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នកដែល​មានបំណង​ស្វែងរក​ការងារ​ ឬ​ចង់​ផ្លាស់ប្ដូរ​បទពិសោធ​ការងារ គឺ​គ្រាន់តែ​កាន់​ប្រវត្តិរូប​សង្ខេប (CV) និង​រៀបចំខ្លួន​ឱ្យបាន​សមរម្យ ដើម្បី​ត្រៀម​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំៗ​ទាំងនោះ នៅ​ថ្ងៃ​កម្មវិធី​តែម្ដង​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​អះអាង​ថា ការរៀបចំ​កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​វិធានការ​បង្ការ​អនាម័យ​ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ សម្រាប់​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុង​ការជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ​សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​។

លោក​ មឿន តុលា នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​កាលៈទេសៈ​នេះ​ការដែល​មាន​ក្រុមហ៊ុន​ប្រកាស​ជ្រើសរើស​បុគ្គលិក​ដ៏ច្រើន​កន្លែង​បែបនេះ គឺជា​រឿង​ដែល​ប្រសើរ ហើយ​ក្នុងនាម​ជា​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ការងារ​ត្រូវតែ​មាន​កាតព្វកិច្ច​ស្វែងរក​ឱកាស​ការងារ និង​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​។

ប៉ុន្តែ​បើតាម​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​លោក​មិន​ប្រាកដថា ឱកាស​ការងារ​ទាំងនោះ ពិតជា​ផ្តល់​ដល់​ពលរដ្ឋ​ឱ្យមាន​ការងារ​ធ្វើ​ពិតប្រាកដ​មែនឬ​យ៉ាងណា​នោះទេ ព្រោះ​តាម​ការសង្កេត​របស់​លោក​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជាច្រើន រួមទាំង​អ្នក​កំពុង​ធ្វើការងារ​ក្នុង​វិស័យ​ធនាគារ​ផង​នោះ កំពុងតែ​ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​បដិសេធថា អ្វីដែល​ក្រសួង​ការងារ​ប្រកាស​រើស​ចំនួន​ដ៏ច្រើន​នេះ ជា​រឿង​ពិត ឬ​ជា​រឿង មិន​ពិត​នោះទេ ទាល់​តែ​មាន​ការស្រាវជ្រាវ​ និង​តាមដាន​ណាមួយ​ឱ្យបាន​ច្បាស់លាស់​។ តែ​អ្វីដែល​ខ្ញុំ​ដឹង​កន្លងមកនេះ គឺ​មាន​ការត្អូញត្អែរ​ពី​អ្នកធ្វើការ​ខាង​មីក្រូហ្វាយណាន់ ដោយសារ​តែ​ស្ថាប័ន​មួយចំនួន​កំពុងតែ​រក​វិធី​ជម្រុះ​បុគ្គលិក​របស់គេ​ដែល​មិនមែន​ប្រកាស​រក​បុគ្គលិក​ទេ​»​។

ទោះយ៉ាងណា លោក​ មឿន តុលា សង្ឃឹម​ថា ការប្រកាស​ផ្តល់​ឱកាស​ការងារ​ទាំង​នេះ​ គឺជា​ការជ្រើសរើស​ដ៏ពិតប្រាកដ​ដើម្បី​ចូលរួម​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស យុវជន​ដែល​កំពុងតែ​គ្មាន​ការងារ​ធ្វើ ឬ​កំពុងតែ​បាត់បង់​ការងារ ក្នុងពេល​ដែល​ប្រទេស និង​ពិភពលោក​បន្ត​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ​នេះ​៕