ភ្នំពេញៈ ក្រសួង​ការងារ​ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​អំពី​ស្ថានភាព​ជីវភាព​រស់នៅ និង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ របស់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​មុនពេល​ចាប់ផ្ដើម​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២១​។ ភាគី​តំណាង​និយោជិត​កម្មករ និង​តំណាង​និយោជក​មាន​ក្ដី​រំពឹងទុក​ផ្សេងគ្នា​។

ក្រសួង​ការងារ​កាលពី​ថ្ងៃ​អាទិត្យ​បាន​ជូនដំណឹង​ដល់​ម្ចាស់​ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​នៅក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ក៏​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​អំពី​ការស្រាវជ្រាវ​ស្ដីពី​ស្ថានភាព​ជីវភាព​រស់នៅ និង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ របស់​កម្មករ និយោជិត ក្នុង​វិស័យ​ទាំងនេះ​។

ការស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​បាន​ចាប់ផ្ដើម​ធ្វើ​កាលពី​ថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ៣១ ខែកក្កដា ទៅលើ​គំរូ​សំណាក​កម្មករនិយោជិត​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ចៃដន្យ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​។ ក្រសួង​ការងារ​បាន​ជូនដំណឹង​នេះ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស និង​អាជ្ញាធរ​ពាក់ព័ន្ធ និង​ស្នើ​កិច្ចសហការ​ជាមួយ​មន្ត្រី​សម្ភាសន៍​របស់​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល អប្បបរមា​ក្នុង​ការចុះ​អង្កេត​នេះ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​គេ​ធ្វើ​រាល់​ឆ្នាំ នៅពេល​ចរចា​ប្រាក់​ឈ្នួល សម្រាប់​បម្រើ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ថ្លែង​ថា ជា​រៀងរាល់​ឆ្នាំ​តែង​មានការ​ស្រាវជ្រាវ​ចំនួន ៣ ដាច់​ដោយ​ឡែក​ពី​គ្នា​សម្រាប់​វិស័យនេះ​ដែល​ធ្វើ​ឡើង​ដោយ​ភាគី​តំណាង​រោងចក្រ ភាគី​ក្រសួង​ការងារ និង​ភាគី​សហជីព​ដែល​ជា​តំណាង​កម្មករ​។

លោក​បន្តថា ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​​ ១៩ លើ​បងប្អូន​កម្មករ គឺ​វា​ខ្លាំង​រួច​ទៅហើយ​ដែល​បណ្ដាល​ឲ្យ​ផលប្រយោជន៍​របស់​គាត់​មួយចំនួន​បាន​បាត់បង់​ស្រប​ពេល​ដែល​មាន​ភាព​អត់​ការងារ​ធ្វើ ការព្យួរ​ការងារ ការបញ្ចប់​កិច្ចសន្យាការងារ និង​ការបិទ​រោងចក្រ​ខ្លះ​។ ភាគី​សហជីព​នឹង​មាន​ក្រុមការងារ​ស្រាវជ្រាវ​មួយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​ជីវភាព​កម្មករ​នាពេល​ឆាប់ៗ​នេះ​។

លោក​ ស៊ីណា ​នៅ​តែ​ស្នើឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ កម្មការិនី​ដូច​រៀងរាល់​ឆ្នាំ​។ លោក​ថ្លែងថា​៖ «​បើ​យើង​ក្រឡេក​ទៅ​មើល​លើ​អ្នក​មករក​ស៊ី​នៅ​ស្រុក​ខ្មែរ​វិញ គាត់​រកស៊ី​ច្រើន​ឆ្នាំ​ហើយ ខ្លះ​ ២០ ​ឆ្នាំ ខ្លះ​ ១៥ ឆ្នាំ ខ្លះ​បើក​ដំបូង​មួយ​អគារ ហើយ​ពង្រីក​រហូតដល់​ ៥ ​អគារ ខ្លះ​បើក​ពី​ទីតាំង​មួយ​រហូត​ដល់​មាន​ទីតាំង​ ២ ឬ ​៣​។ អ៊ីចឹង​ខ្ញុំ​គិតថា បើ​គាត់​ខាត គាត់​មិនអាច​ពង្រីក​អាជីវកម្ម​របស់គាត់​បាន​ទេ​»​។

លោក​ថា​៖ «​ដូច្នេះ​ខ្ញុំ​គិតថា​ផលប៉ះពាល់​សម្រាប់​កម្មករ វា​ធ្ងន់ធ្ងរ​ណាស់​។ បើ​យើង​មិន​គិត​ផលប៉ះពាល់​លើ​ជីវភាព​របស់​គាត់ ហើយ​គិតតែ​លើ​ផលប៉ះពាល់​លើ​និយោជក យើង​ហាក់ដូចជា​មើលឃើញ​ថា និយោជក​ត្រូវ​បាន​លើក​ទឹកចិត្ត​ខ្ពស់បំផុត ចំណែក​ផលប្រយោជន៍​របស់​បងប្អូន​កម្មករ​ដែល​ទទួល​បាន​បន្តិចបន្តួច​ត្រូវបាន​កាត់បន្ថយ​។ បើ​យើង​មិន​គិត​ជីវភាព​របស់​កម្មករ វា​ធ្វើឲ្យ​សុខភាព​គាត់​កាន់តែ​ពិបាក​»​។

កាលពី​ខែ​មុន សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បានស្នើ​ទៅ​ក្រសួង​ការងារ​ឲ្យ​ពន្យារ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២១ លើ​វិស័យ​កាត់ដេរ​ដោយ​លើកឡើង​ថា វិស័យ​នេះ​ងាយ​រងគ្រោះ​ពី​វិបត្តិ​កូវីដ​១៩​។ GMAC បាន​ស្នើឲ្យ​ក្រសួង​អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​ ២០២១ ដូចនឹង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ ២០២០​។

ទោះយ៉ាងណា​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ថ្លែង​ពី​ម្សិលមិញ​ថា GMAC នឹង​ចូលរួម​ជាធម្មតា​ក្នុង​ការពិភាក្សា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ដូច​រៀងរាល់ឆ្នាំ​។ ការពិភាក្សា​នេះ​នឹង​ឈរលើ​លក្ខណ​វិនិច្ឆ័យ​ ២ គឺ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​បែប​សេដ្ឋកិច្ច​។

លោក​ថា ការពិភាក្សា​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​លើ​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​មិន​មានន័យ​ថា ត្រូវតែ​មាន​ការដំឡើង​ប្រាក់ខែ​ជា​រៀងរាល់​ឆ្នាំ​នោះទេ​។ កម្រិត​ប្រាក់ខែ​អប្បបរមា​អាច​ឡើង​នៅ​ថេរ ឬ​អាច​ថយ​ទៅវិញ អាស្រ័យ​ដោយ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង បែប​សេដ្ឋកិច្ច​។ លក្ខណវិនិច្ឆ័យ​បែប​សង្គម​នឹង​ពិនិត្យមើល​លើ​ស្ថានភាព​គ្រួសារ ថ្លៃ​នៃ​ការរស់នៅ និង​អត្រា​អតិផរណា​។ ចំពោះ​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​វិញ ត្រូវ​ពិនិត្យមើល​លើ​កម្រិត​ផលិតភាព ថា​តើ​មាន​កំណើន​វិជ្ជមាន ឬ​អវិជ្ជមាន​។

លក្ខណវិនិច្ឆ័យ​ផ្នែក​សេដ្ឋកិច្ច ក៏​ពិនិត្យ​មើល​លើ​ការប្រកួតប្រជែង​របស់​កម្ពុជា​រួមមាន​ការពិនិត្យ​លើ​តម្លៃ​អគ្គិសនី​ថ្ងៃ​ឈប់សម្រាក ថ្លៃ​ឡូជីស្ទីក​ការនាំ​ផលិតផល​ចូល​ទីផ្សារ ការអនុគ្រោះ​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ចំណុច​ពាក់ព័ន្ធ​ផ្សេងៗ​។ ការសិក្សា​ក៏​ពិនិត្យមើល​លើ​កម្រិត​នៃ​ប្រាក់ចំណេញ​នៃ​វិស័យនេះ និង​អត្រា​មាន​ការងារ​ធ្វើ​របស់​វិស័យនេះ​។ នេះ​បើតាម​លោក មូនីកា​។

«​ចំពោះ​ការសិក្សា​វាស់​ស្ទង់ សម្រាប់ GMAC យើង​ផ្ដោតជាសំខាន់​ទៅលើ​កត្តាសេដ្ឋកិច្ច គឺ​យើង​ពិនិត្យ​លើ​ផលិតភាព​ការងារ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស កម្រិត​ប្រកួត​ប្រជែង​របស់​វិស័យ និង​ផលប៉ះពាល​លើ​ទីផ្សារការងារ​។ ចំពោះ​ផលប៉ះពាល់​លើ​សង្គម យើង​មិន​ធ្វើការ​សិក្សា​ច្រើន​ទេ ព្រោះ​យើង​យោង​ទៅ​លើ​តួលេខ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​»​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​គ្រាន់តែ​មើល​ជា​លក្ខណៈសាមញ្ញ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ដែល​កម្ពុជា និង​ពិភពលោក​ទាំងមូល​កំពុង​ស្ថិត​ក្រោម​វិបត្តិ​ជំងឺ​កូវីដ​១៩​បើ​យើង​សិក្សា​លើ​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​នោះ​គឺ​យើង​អាច​យល់បាន​យ៉ាង​ងាយ​ថា យើង​នឹងមិន​មានលទ្ធភាព​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​ទេ​»៕